ភ្នំពេញ៖ រដ្ឋមន្ត្រីអង់គ្លេសចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាអំពីការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ និងបរិយាកាសនយោបាយ។ ដំណើរទស្សនកិច្ចនេះ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ ២៣ ខែ សីហានេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេស ប្រចាំនៅកម្ពុជា ដែលបានផ្សព្វផ្សាយនៅថ្ងៃនេះក្នុងដំណើរទស្សនៈនេះ។
សេចក្ដីប្រកាសព័ត៌មានប្រាប់ឲ្យដឹងថា លោក Mark Field រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិកនឹងជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ដើម្បីជជែកអំពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៦។ ជំនួបនេះក៏ជជែកផងដែរអំពី សហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងអង់គ្លេស។
លោក Mark Field រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិក ៖«ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់អំពីទស្សនៈរបស់ចក្រភពអង់គ្លេស ដែលថា ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជាមិនយុត្តិធម៌ទេ ហើយក៏មិនអាចជឿទុកចិត្តបានដែរ។ ខ្ញុំនឹងពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជំរុញឱ្យរដ្ឋាភិបាលដកចេញនូវការរឹតត្បិតលើការជជែកពិភាក្សានយោបាយនិងសេរីភាពសារព័ត៌មាននិងស្ដារស្ថានភាពសម្រាប់ប្រជាធិបតេយ្យដែលដំណើរការនិងត្រឹមត្រូវ»។
គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះឈ្នះអាសនៈទាំង ១២៥ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ រដ្ឋាភិបាលថ្មីអាណត្ដិទី០៦នេះ នឹងបង្កើតនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨៕