Gambia ៖ ប្រធានាធិបតីថ្មីនៃប្រទេស Gambia មកពីគណបក្សប្រឆាំង បានជ្រើសតាំងអ្នកទោសនយោបាយ ដែលជនផ្ដាច់ការ yahya Jammeh ចាប់ឃុំខ្លួនឱ្យធ្វើជារដ្ឋមន្ត្រី ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC គណៈរដ្ឋមន្ត្រីរបស់ លោក Adama Barrow មាន១០រូបនេះ ក្នុងនោះ មានរដ្ឋមន្ត្រី៧រូប គឺជាអ្នកទោសនយោបាយរបស់លោក yahya Jammeh ចាប់ ។
អ្នកទោសនយោបាយ ដែលជាសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក Barrow ទាំងនោះ មានអ្នកខ្លះបានរត់ចោល ប្រទេស ហើយ អ្នកខ្លះត្រូវបានដោះលែងនៅពេល កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
តាមប្រភពដដែលសមាជិកគណៈរដ្ឋ ជាច្រើនរូប ទៀតរាប់ពីអនុរដ្ឋមន្ត្រី ក៏មានអ្នកទោសនយោបាយច្រើនតែទៀតដែរ ។
តែយ៉ាងណា ក៏ដោយ រដ្ឋាភិបាលថ្មីនៃប្រទេស Gambia ដឹកនាំដោយ លោក yahya Jammeh គឺជារដ្ឋាភិបាលចម្រុះ មកពីគណ បក្សនយោបាយ តូចៗជាច្រើនដែលចងសម្ព័ន្ធភាព ជាមួយគណបក្សរបស់ លោក Adama Barrow ដើម្បីផ្ដួលរំលំគណបក្សរបស់ អតីតប្រធានាធិបតី Jammeh ។
ក្នុងសមាសភាពគណៈរដ្ឋមន្ត្រីនេះ មានស្ត្រីម្នាក់ គឺ លោកស្រី Fatoumata Tambajang ត្រូវបានតែងតាំងជាអនុប្រធានាធិបតី ។
មេទ័ពមួយចំនួនត្រូវបានរក្សាទុកដដែល ប្រធានាធិបតី Adama Barrow បានរក្សាទុកមេទ័ពមួយចំនួនដែលធ្លាប់បម្រើការឱ្យលោក Jammeh នៅបន្ដតំណែងរបស់ខ្លួនដដែល ក្នុងនោះមានអគ្គមេបញ្ជាការកងទ័ពដែលមិនព្រមបញ្ជាទ័ពចេញ ពី បន្ទាយ ដើម្បីប្រឆាំងនឹងកងទ័ពសហភាពអាហ្វ្រិក គឺ លោក ឧត្ដមសេនីយ៍ Ousman Badjie។ ក្រៅពីនេះ មានឧត្ដមសេនីយ៍ផ្សេងទៀតដែលមិនព្រមការពារអំណាច ឬជួយការពារលោក Jammeh ហើយបានរត់ភៀសខ្លួនទៅក្រៅប្រទេស ក៏ត្រូវបានរក្សាតំណែងទុកផងដែរ។
យ៉ាងណាក៏ដោយ កងទ័ពសហភាពអាហ្វ្រិកដែលចូលមកបណ្ដេញលោក Jammeh ពីអំណាចត្រូវបាន លោក Adama Barrow ស្នើឱ្យបន្ដវត្តមានការពាររដ្ឋាភិបាលរបស់លោក រយៈពេល ៦ខែបន្ដទៀត។
ប្រទេសមួយ ពិតជាត្រូវការថវិកាដំកល់ទុកសម្រាប់ការអភិវឌ្ឍប្រទេស ជាពិសេសនៅពេលប្រទេសនោះជួបគ្រោះអាសន្ន ឬមានសឹកសង្គ្រាមជាមួយប្រទេសណាមួយ បើប្រទេសនេះ អស់លុយរលីងពីឃ្លាំងរបស់រដ្ឋ ថាតើ វាជាកំហុសមេដឹកនាំថ្មី ឬ ជាកំហុសរបស់មេដឹកនាំចាស់ ។
ដោយសារតែរឿងនេះហើយ ដែលលោក Adama Barrow បានអំពាវនាវឱ្យសហគមន៍អន្ដរជាតិជួយស្ដារសេដ្ឋកិច្ចរបស់ប្រទេសលោកនិងជួយទប់ស្ថានភាពហិរញ្ញវត្ថុ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រជាជន និងមន្ដ្រីរដ្ឋការ ។
នៅពេលត្រឡប់ចូលមកដល់ប្រទេស Gambia វិញ លោក Barrow បានទៅពិនិត្យមើលឃ្លាំងប្រាក់របស់ប្រទេសតែមកដល់លោកប្រាប់អ្នកសារព័ត៌មានថា លុយរបស់ជាតិស្ទើរតែអស់រលីងពីឃ្លាំង ដែលលោកចាត់ទុកថា ជាផលលំបាករូបលោកក្នុងការទប់ទល់ស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេស ។ តែយ៉ាងនេះក្ដី សហគមន៍អន្ដរជាតិជាពិសេសប្រទេសសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច ដែលមាន ១៥ប្រទេស បានផ្ដល់ជំនួយជាបន្ទាន់ដល់ប្រទេសនេះ ហើយក្នុងនោះមានក្រុមប្រទេសសហភាពអឺរ៉ុបផងដែរ ។
តើជនណាលួចលុយចេញពីឃ្លាំងរបស់រដ្ឋ?
តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មានក្នុងស្រុក ឬក៏បរទេសអ្នកដែលទៅយកប្រាក់ចេញពីរតនាគារ គឺ អតីតប្រធានាធិបតីដែលគេហៅថា ជនផ្ដាច់ការ yahya Jammeh បានបញ្ជាដកប្រាក់ ១១លាន ៤សែនដុល្លារ យកមកឱ្យលោក ហើយប្រាក់នេះ លោកបានយកជាប់និងខ្លួន ឡើងជិះយន្ដហោះទៅនៅប្រទេស គីនេ ។
មិនមានតែលោក yahya Jammeh ទេដែលទៅយកលុយពីរតនាគារ គឺ មានរដ្ឋមន្ដ្រីជាច្រើនទៀត ក្នុងនោះរដ្ឋមន្ដ្រីមហាផ្ទៃម្នាក់លោក Jammeh បានយកលុយជាច្រើនម៉ឺនដុល្លារ ទៅទុកនៅធនាគារប្រទេសស្វីស។ តែជាអកុសលលោករដ្ឋមន្ដ្រីនេះ ត្រូវបានអាជ្ញាធរប្រទេសនេះ ចាប់ឃាត់ខ្លួន តាមសំណើររបស់ប្រធានាធិបតីថ្មី Adama Barrow ៕