ក្រុងម៉ានីល ៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គូ ឌូធើតេ (Rodrigo Duterte) បានស្នើរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ខ្លួន ធ្វើការផ្លាស់ប្តូរការធ្វើសមយុទ្ធជើងទឹកជាមួយនឹងសហរដ្ឋអាមេរិក នៅឆ្ងាយពីដែនជម្លោះសមុទ្រចិនខាងត្បូង នេះក៏ព្រោះហេតុថា លោក Duterte កំពុងព្យាយាមជួសជុលចំណងទាក់ទងរវាងក្រុងម៉ានីលជាមួយប្រទេសចិន។
ប្រទេសហ្វីលីពីនបានសម្រេចចិត្តកាត់បន្ថយចំនួននៃការធ្វើសមយុទ្ធយោធា ជាមួយសហរដ្ឋអាមេរិកដែលហ្វីលីពីនធ្លាប់តែធ្វើជាមួយសម្ព័ន្ធមិត្តចាស់ និងជាអតីតម្ចាស់អាណានិគមរបស់ខ្លួនជាប្រចាំ បន្ទាប់ពីលោក Duterte បង្ហាញឥរិយាបថងាកឆ្ពោះទៅរកប្រទេសចិនវិញនោះ។
រដ្ឋមន្ត្រីការពារជាតិលោក Delfin បានប្រាប់អ្នកកាសែតនៅឯ Lorenzana នាពិធីយោធាមួយកាលពីថ្ងៃសុក្រថា លោក Duterte បានណែនាំលោក ឱ្យស្វែងរកទីតាំងថ្មីមួយសម្រាប់ការធ្វើសមយុទ្ធយោធានេះ។
លោក Delfin បានថ្លែងថា៖ «យើងអាចផ្លាស់ទីតាំងធ្វើសមយុទ្ធនាវាចរនៅក្បែរតំបន់សមុទ្រចិនខាងត្បូងដែលកំពុងប្រឈមមុខ ទៅកាន់តំបន់មីនដាណាវវិញ ដើម្បីជៀសវាងការរំខានដល់ប្រទេសអ្នកជិតខាងរបស់យើង ដូច្នេះយើងសូមប្រកាន់ជំហរប្រទេសជិតខាងរបស់យើងជាធំ»។
លោក Duterte បានទៅទស្សនានៅទីក្រុងប៉េកាំងកាលពីខែតុលា ហើយថែមទាំងបានប្រកាសថា លោកបានបន្ធូរទំនាក់ទំនងជាមួយនឹងក្រុងវ៉ាស៊ីនតោន ដែលធ្លាប់តែបានផ្តល់ជំនួយយោធាជិត ៨ រយលានដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០០២ មកម្ល៉េះ ។
គួរកត់សម្គាល់ថា ទំនាក់ទំនងរវាងចិន និង ហ្វីលីពីន ត្រូវបានផ្ទុះប្រេះឆាកាលក្នុងឆ្នាំ ២០១៣ នៅពេលដែលរដ្ឋាភិបាលក្រុងម៉ានីល បានស្នើឱ្យសាលាក្តីអន្តរជាតិក្រុងឡាអេ រកយុត្តធម៌ ព្រោះចិនបានគ្រប់គ្រងនិងបានទាមទារផ្នែកជាច្រើននៃសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យប្រទេស ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីនកោះតៃវ៉ាន់ និងវៀតណាម ក៏បានដាក់ពាក្យបណ្តឹងទាមទារផងដែរ។
តុលាការមជ្ឈឹត្តការអន្តរជាតិក្រុងឡាអេ បានចេញសេចក្តីសម្រេចប្រឆាំងនឹងប្រទេសចិន ប៉ុន្តែទីក្រុង ប៉េកាំង នៅតែផ្គើនកសាង និងពង្រឹងកោះសិប្បនិម្មិតនៅក្នុងតំបន់ជម្លោះនេះ ដោយបដិសេធមិនទទួលស្គាល់ការសម្រេចជាអន្តរជាតិនោះ។
ងាកមកមេដឹកនាំហ្វីលីពីន លោក Duterte បានក្រើនរំលឹកឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ថា លោកចង់ជៀសវាងការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន៕ប្រភព៖CNA