ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន បញ្ជាក់ថា ក្រសួងនេះមានគោលដៅប្រែក្លាយទីជនបទឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ប្រហាក់ប្រហែលនឹងទីប្រជុំជននៅឆ្នាំ២០២៥។ នេះបើតាមការការចុះផ្សាយលើទំព័រហ្វេសបុករបស់រដ្ឋសភាជាតិកម្ពុជា។
តាមរយៈការចុះផ្សាយនេះបញ្ជាក់ថា ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើឡើងក្នុងជំនួបជាមួយ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។
នាឱកាសនោះ លោក អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ក្រសួងមានគោលដៅប្រែក្លាយទីជនបទឲ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងជីវភាពសមរម្យ។
លោកបន្ថែមថា ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺធ្វើឱ្យសម្រេច និងពន្លឿនការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ នៅតំបន់ជនបទ ឱ្យដល់កម្រិតអប្បបរមា ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជនបទ ឱ្យមានភាពប្រហាក់ប្រហែលនឹងទីប្រជុំជន នៅឆ្នាំ២០២៥។
កម្ពុជានៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ច៧% ក្នុងឆ្នាំ ២០១៨ ខណៈដែលប្រជាជនខ្មែរនៅទីជនបទបានស្វែករកការងារដោយធ្វើចំណាកស្រុកនៅប្រទេសជិតខាង ជាពិសេសប្រទេសថៃ។
អង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានចេញរបាយការណ៍មួយកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៧ ថា មានពលករចំណាកស្រុកកម្ពុជា ៨នាក់ ក្នុងចំណោមពលករចំណាកស្រុក ១០នាក់ បានជួបការរំលោភបំពានសិទ្ធិការងារ ខណៈធ្វើការនៅបរទេស ហើយ ៧នាក់ក្នុងចំណោម ១០នាក់ បានទទួលរងបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តនៅពេលត្រឡប់មកវិញ៕
អត្ថបទ៖ លោក សោម លាភ