loader

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាទៅកាន់អភិបាលរាជធានី-ខេត្ត ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត កុំឲ្យមានការរុករានទន្ទ្រានដីដោយខុសច្បាប់។

លោកឡាកចាន់ដារ៉ារាយការណ៍៖

តាមលិខិតផ្ញើជូនអភិបាលរាជធានី-ខេត្ត របស់សម្ដេច ស ខេង ដែល ត្រូវបានមើលឃើញជាសាធារណៈនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០បានបញ្ជាក់ថាដើម្បីអនុវត្តវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព គឺត្រូវអនុវត្ត នូវការណែនាំដូចខាងក្រោម៖

*ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនូវទិន្នន័យ និងស្ថិតិប្រជាពលរដ្ឋ និងដីធ្លីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ នៅលើទីតាំងដីដែលស្ថិត នៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាមខេត្តនានា ដើម្បីចាត់ចែងធ្វើការកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធិដី ជូនពួកគាត់ ព្រមទាំងត្រៀមរៀបចំបម្រុងដី១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍

*ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តន៍ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការ ទប់ស្កាត់កុំឲ្យ មាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់បន្ថែមទៀត។ រាល់ការ រុករានទន្ទ្រានកាន់កាប់ថ្មីនូវដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់ ត្រូវហាមឃាត់ដាច់ខាត និងត្រូវប្រើប្រាស់វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យតឹងរឹង និងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់

*ត្រូវខិតខំអប់រំ ណែនាំ និងបកស្រាយបំភ្លឺ អំពីស្ថានភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងដោះស្រាយដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយមិនត្រូវជឿតាមការញុះញង់ អូស ទាញរបស់មេខ្យល់ ឬជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លីនេះ។ ករណីនេះ ត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបមេខ្យល់ និងជនខិលខូចទាំងនោះ ស្របតាមច្បាប់ជាធរមាន។

*ចំពោះទីតាំងដីធ្លីដែលមានទំនាស់ ត្រូវខិតខំសម្រុះសម្រួលដោះស្រាយដោយសន្តិវិធី តម្លាភាព សុចរិតភាព និងយុត្តិធម៌ ដោយត្រូវចុះជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវ ស្វែងយល់ឲ្យបានច្បាស់លាស់អំពីសាវតាដីទំនាស់ សាវតាប្រជាពលរដ្ឋ និងការទាមទារ តវ៉ារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើជាមូលដ្ឋានបង្អែកសម្រាប់ទាញហេតុផលក្នុងការសម្រុះសម្រួល និងដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ។

*ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឲ្យធ្វើការបញ្ជាក់ ឬចុះហត្ថលេខាលើលិខិត ស្នាម ឬឯកសារនានាពាក់ព័ន្ធដីធ្លីឲ្យបានត្រឹមត្រូវតាមច្បាប់ បែបបទ នីតិវិធី និងគោលការណ៍ ណែនាំជាធរមាន។ ទន្ទឹមនេះ ត្រូវចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះបុគ្គលជាមន្ត្រី មានសមត្ថកិច្ចដែលបញ្ជាក់ ឬចុះហត្ថលេខាលើលិខិតស្នាម ឬឯកសារមិនស្របច្បាប់នានា ពាក់ព័ន្ធនឹងដីធ្លី។

យោងរបាយការណ៍របស់ក្រសួងរៀបចំដែនដី បញ្ហាវិវាទដីធ្លីទូទាំងប្រទេស នៅសល់ជិត ១ពាន់ករណីទៀតដែលក្រសួងមិនទាន់បានដោះស្រាយចប់។

របាយការណ៍សង្ខេបមួយរបស់ក្រសួងនេះ បាន​ឲ្យដឹងថា នៅដំណាច់ឆ្នាំ២០១៨ ក្រសួងទទួលបានបណ្តឹងពីប្រជាពលរដ្ឋរឿងវិវាទដីធ្លីចំនួន ៩១៣១​ករណី ក្នុងនោះបានដោះស្រាយបញ្ចប់ចំនួន ៣ ៩៦០ករណី ច្រានចោលចំនួន ២៨៥៤​ករណី ហើយដកពាក្យបណ្តឹងវិញចំនួន ៨៥៨ករណី និងកំពុងដំណើរដោះស្រាយមានចំនួន ១៤៥៩ករណី។

របាយការណ៍នោះ បញ្ជាក់ថា កន្លងមកក្រសួងបានដោះស្រាយបញ្ចប់វិវាទដីធ្លីធំៗ និងរ៉ាំរ៉ៃជាច្រើន ដូចជា ដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅស្ថិតក្នុងខេត្តកោះកុង ឧត្តមានជ័យ និងខេត្តព្រះវិហារ ហើយបានដោះស្រាយបញ្ហាដីធ្លីនៅកោះរ៉ុង ស្ថិត​នៅ​ខេត្តព្រះសីហនុ ខេត្តកណ្តាល និងនៅភ្នំពេញ ខណៈខេត្តកំពង់ស្ពឺ និងខេត្តផ្សេងៗទៀតកំពុងដំណើរដោះស្រាយបញ្ចប់។

តែបើតាមរបាយការណ៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយ កាលពីប៉ុន្មាន​ឆ្នាំមុន​នេះ គ្រួសារពលរដ្ឋកម្ពុជា ប្រមាណ៤៧៦១៦ គ្រួសារ នៅទូទាំងប្រទេសកម្ពុជារងផលវិបាក ដោយ​ជម្លោះដីធ្លី៕​

អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងជាអ្នកនាំពាក្យ​សមាគមនសិទ្ធិមនុស្សអាដហុក លោកសាំងសែនករុណា

បានអោយដឹងថាប្រវត្តិទំនាស់ដីធ្លីនៅកម្ពុជា មានច្រើនសណ្ឋាន គឺកើតចេញពី មន្ត្រីខិលខូច លួចធ្វើប្លង់ដីលក់អោយក្រុមហ៊ុននិង ខ្លះទៀតអាងមានអំណាច រំលោភយកដី អ្នកទន់ខ្សោយ និងអ្នកខ្លះទៀតទន្រ្ទានដីព្រៃរបស់រដ្ឋយកធ្វើដីកម្មសិទ្ធរបស់ខ្លួន៕

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សម្ដេចហ៊ុនសែន៖ កម្ពុជាគ្មានអ្នកទោសនយោបាយទេ គឺមានតែអ្នកនយោបាយមានទោសព្រហ្មទណ្ឌ

សម្ដេចនាយករដ្ឋមន្ត្រី បន្តផ្ញើសារវាយប្រហារក្រ[...]

សម្ដេចហ៊ុនសែនច្រានចោលពាក្យចចាមអារា៉មថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែង

បើយោងទៅតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេច នៅថ្ងៃទ[...]

សម្តេចព្រះមហាក្សត្រីកម្ពុជាទទួលបានគ្រឿងឥស្សរិយសថ្នាក់ខ្ពស់បំផុតពីរដ្ឋាភិបាលចិន

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x