ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ឆ្នាំ ២០១៥ និងលើកទិសដៅការងារវប្បធម៌ឆ្នាំ ២០១៦ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានលើកឡើងថា វប្បធម៌ខ្មែរ គឺមានវ័យចំណាស់ជាងគេក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន ដូច្នេះសមាហរណកម្មអាស៊ាននឹងមិនបង្កផលប៉ះពាល់អ្វីខ្លាំងក្លានោះទេដល់វប្បធម៌ខ្មែរ។
តែអ្នកសិក្សាស្រាវជ្រាវសង្គមកម្ពុជាវិញមើលឃើញថា វប្បធម៌បរទេសបច្ចុប្បន្នកំពុងមានឥទ្ធិពលក្នុងសង្គមកម្ពុជា ដែលទាមទារឱ្យស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងសមត្ថភាពការពារវប្បធម៌ជាតិជាបន្ទាន់។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងថា ប្រទេសកម្ពុជាជាប្រទេសដែលមានអរិយធម៌ខ្ពស់ផ្នែកវប្បធម៌ និងមានវ័យចំណាស់ជាងគេក្នុងបណ្តាប្រទេសនានានៅតំបន់អាស៊ាន។
លោកស្រីបន្ថែមថា កម្ពុជាមានធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចែករំលែកបទពិសោធរបស់ខ្លួន ទៅកាន់ប្រទេសជិតខាងបានថែមទៀតផង ក្នុងបរិបទសមាហរណកម្មអាស៊ាននេះ។ តែយ៉ាងណាក៏ដោយ លោកស្រីបញ្ជាក់ថា ការរៀនសូត្រ និងការចែករំលែកគ្នាទៅវិញទៅមកពីវប្បធម៌ ប្រពៃណីរបស់ជាតិនីមួយៗគឺជាប្រការដែលគួរតែធ្វើ។
លោកស្រី ភឿង សកុណា៖ «ចំពោះសមាហរណកម្មអាស៊ានយើងបានត្រឹមធនធានមនុស្ស ធនធានមនុស្សដូចខ្ញុំថាអញ្ចឹង វប្បធម៌របស់ខ្មែរគឺជាវប្បធម៌មួយខ្ពង់ខ្ពស់។ យើងមានមោទក ភាពចំពោះវប្បធម៌ជាតិយើង កាលណាយើងនិយាយអំពីសហគមន៍អាស៊ានពេលយើងទៅ វប្បធម៌របស់យើងជួនកាលអាចដឹងនាំគេផង និងចែករំលែកបទសោធន៍របស់វប្បធម៌យើងទៅប្រទេសជិតខាងផង។ កន្លែងនេះមួយ យើងមិនមែនថាមោទកភាពខ្ពស់រហូតមិនបារម្ភទេ ក៏ប៉ុន្តែយើងក៏មិនមានគួរឱ្យភ័យខ្លាចណាស់ដែរ ព្រោះខ្មែរមានវប្បធម៌ច្រើនដែលចែករំលែក»។
អ្នកសិក្សាពីការអភិវឌ្ឍសង្គម លោក មាស នី មិនយល់ស្របនឹងការលើកឡើងខាងលើនេះទេ ដោយលោកមានប្រសាសន៍ថា នៅក្នុងសម័យសកលភាវូបនីយកម្មនេះ វប្បធម៌ប្រទេសមួយតែងតែទទួលរងផលប៉ះពាល់ពីប្រទេសមួយដោយជៀសមិនផុត។ ជាការសង្កេត លោក មាស នី យល់ឃើញថា វប្បធម៌បរទេសបច្ចុប្បន្នកំពុងវាយលុកចូលក្នុងសង្គមកម្ពុជាគួរឱ្យកត់សម្គាល់ ស្តែងឡើងតាមរយៈការស្លៀកពាក់របស់យុវវ័យជាដើម។
អ្នកសិក្សាពីការអភិវឌ្ឍសង្គមរូបនេះ ផ្តល់ជាអនុសាសន៍ថា កម្ពុជាត្រូវតែពង្រឹងសមត្ថភាពផ្នែកវប្បធម៌របស់ខ្លួន ដើម្បីជៀសវាងការបាត់បង់។ លោក មាស នី៖ «រឿងដែលពិតមែនតែននោះគឺវប្បធម៌វានឹងហូរចូលមក ទោះបីជាយើងចង់ទប់ក៏ទប់មិនជាប់ដែរ ប៉ុន្ដែរឿងសំខាន់គឺសមត្ថភាពរបស់សង្គមមួយ សមត្ថភាពរបស់វប្បធម៌ក្នុងការត្រៀមខ្លួនដើម្បី សម្របសម្រួលជាមួយវប្បធម៌ដទៃហ្នឹង ដើម្បីជៀសវាងធ្វើយ៉ាងម៉េចការពារសមត្ថភាពខ្លួនឯង កុំឱ្យវាបាត់បង់»។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ ២០១៥ បានបង្ហាញថា ក្រសួងសម្រេចបាន ៧៦% នៃសកម្មភាពការងារចំនួន ៣៧៣ ដែលបានដាក់ចេញ។ ក្នុងនោះ កាងារនៅថ្នាក់កណ្ដាលសម្រេចបាន ៧៧% នៃសកម្មភាពការងារសរុបចំនួន ១២៣ និងនៅថ្នាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី ខេត្តសម្រេចបាន ៧៥%នៃសកម្មភាពការងារសរុបចំនួន ២០៥។ សម្រាប់ឆ្នាំ២០១៦ ក្រសួងបានដាក់ចេញនូវផែនការសកម្មភាព ចំនួន ៦៨៦ សកម្មភាព ក្នុងនោះអង្គភាពថ្នាក់កណ្ដាលមាន ១៩២ សកម្មភាព និងថ្នាក់រាជធានី-ខេត្តមាន ៤៩៤ សកម្មភាព៕