loader

រដ្ឋប្រហារយោធានៅសាធារណរដ្ឋហ្គីណេក្នុងទ្វីបអាហ្វ្រិកភាគខាងលិច

ប្រធានាធិបតី អាលហ្វា កុងដ៏ នៃសាធារណរដ្ឋហ្គីណេ ត្រូវបានទម្លាក់ពីតំណែង ក្នុងរដ្ឋប្រហារយោធាមួយ កាលពីថ្ងៃអាទិត្យ ប្រព្រឹត្តដោយវរសេនីយទោ ម៉ាម៉ាឌី ឌូមប៊ូយ៉ា ដែលជាមេបញ្ជាការកងកម្លាំងពិសេស។

 

ប្រធានាធិបតីនៃសាធារណរដ្ឋហ្គីណេ ឈ្មោះ អាល់ហ្វា កុងដ៍ ត្រូវបានទាហានបះបោរឃុំខ្លួន នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា បន្ទាប់ពីមានស្នូរកាំភ្លើងលាន់ឮខ្លាំងរាប់ម៉ោង នៅខាងក្រៅវិមានប្រធានាធិបតី ក្នុងរដ្ឋធានីកូណាគ្រី។

អំឡុងពេលបាញ់គ្នាខ្លាំងនោះ គេមិនដឹងថា លោក អាល់ហ្វា កុងដ៍ ដែលមានអាយុ៨៣ឆ្នាំ នៅទីណាទេ រហូតទាល់តែមានខ្សែវីដេអូមួយបង្ហាញឱ្យឃើញរូបលោកប្រធានាធិបតី ក្នុងសម្លៀកបំពាក់មិនរៀបរយ ស្ថិតនៅឯមន្ទីរឃុំឃាំងរបស់យោធា។

លោក អាល់ហ្វា កុងដ៍ ដែលកាន់អំណាចលើសពី១០ឆ្នាំ បានបាត់បង់ប្រជាប្រិយភាពយ៉ាងគំហុក ចាប់តាំងពីលោកបានព្យាយាមកាលពីឆ្នាំមុន ដើម្បីបានបន្តកាន់អំណាចនៅអាណត្តិទី៣ ខុសនឹងបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ ដែលចែងអំពីការកំណត់អាណត្តិរបស់ប្រធានាធិបតី។

ក្រោយមក ពេលស្ងាត់គ្រាប់កាំភ្លើង ពួកទាហានបានប្រកាសតាមទូរទស្សន៍ជាតិថា រដ្ឋាភិបាលនៃប្រទេសនៅទ្វីបអាហ្វ្រិកភាគខាងលិចនេះ ត្រូវបានរំលាយ រដ្ឋធម្មនុញ្ញលែងមានសុពលភាព ហើយព្រំដែនប្រទេសត្រូវបានបិទ។

ទីភ្នាក់ងារសារព័ត៌មាននានាហៅព្រឹត្តិការណ៍នោះថាជារដ្ឋប្រហារ។

នៅក្នុងសេចក្ដីប្រកាសតាមទូរទស្សន៍នោះ វរសេនីយទោ ម៉ាម៉ាឌី ឌូមប៊ូយ៉ា បានប្រាប់ពលរដ្ឋហ្គីណេថា៖ « ភារកិច្ចរបស់ទាហានគឺត្រូវសង្គ្រោះប្រទេស។»

មេដឹកនាំរដ្ឋប្រហាររូបនេះ គឺជាមេបញ្ជាការកងកម្លាំងពិសេស ក្នុងជួរកងទ័ពហ្គីណេ និងធ្លាប់បានបម្រើការជាទាហានស្ម័គចិត្តក្នុងកងវរសេនាធំរបស់កងទ័ពបារាំង។ លោកស័ក្តិប្រាំបន្តថា៖ «យើងនឹងមិនប្រគល់កិច្ចការនយោបាយទៅឱ្យមនុស្សតែម្នាក់ទៀតទេ។ យើងនឹងប្រគល់វាទៅឱ្យប្រជាពលរដ្ឋ។»

អ្នកសង្កេតការនិយាយថា ភាពតានតឹង រវាងលោកប្រធានាធិបតីហ្គីណេ និងលោក ម៉ាម៉ាឌី ឌូមប៊ូយ៉ា បានកើតចេញពីសំណើថ្មីៗ ដែលសុំកាត់ប្រាក់ខែខ្លះរបស់ទាហាន។ លោកវរសេនីយទោបានអំពាវនាវឱ្យទាហានផ្សេងទៀត«នៅខាងប្រជាជន» ហើយស្នាក់នៅក្នុងបន្ទាយរៀងៗខ្លួន។

អ្នកប្រឆាំងនឹងលោក អាលហ្វា កុងដ៍ បានអះអាងថា លោកប្រធានាធិបតីរូបនេះបរាជ័យ ក្នុងការលើកស្ទួយជីវភាពប្រជាជនហ្គីណេ ទោះបីជាជាប្រទេសនេះសំបូរដោយរ៉ែបុកស៊ីត និងរ៉ែមាសក៏ដោយ។

មេដឹកនាំរដ្ឋប្រហារបានអះអាងថា ខ្លួនធ្វើសកម្មភាពដើម្បី«ឧត្ដមប្រយោជន៍ជាតិ» ដោយលើកឡើងពីសេដ្ឋកិច្ចមិនជឿនលឿន នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីមុនៗ ចាប់តាំងពីបានឯករាជ្យពីប្រទេសបារាំង នៅឆ្នាំ១៩៥៨។

វរសេនីយទោ ឌូមប៊ូយ៉ា បានថ្លែងទៅកាន់ទាហានទាំងឡាយថា៖ «ប្រសិនបើអ្នកមើលស្ថានភាពផ្លូវថ្នល់យើង ប្រសិនបើអ្នកមើលស្ថានភាពមន្ទីរពេទ្យយើង អ្នកនឹងដឹងថា រយៈពេល៧២ឆ្នាំក្រោយមក វាដល់ពេលភ្ញាក់រលឹកហើយ។ យើងត្រូវតែភ្ញាក់រលឹកឡើង។»

ការប្រយុទ្ធគ្នានាព្រឹកថ្ងៃអាទិត្យនោះ បានបង្កឱ្យមានក្ដីបារម្ភ សម្រាប់ប្រទេសហ្គីណេ ដែលធ្លាប់មានរដ្ឋប្រហារ និងការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីច្រើនដង។

គម្រោងការណ៍របស់ពួកអ្នកធ្វើរដ្ឋប្រហារ ដែលត្រូវបានប្រកាស គឺដាក់មេបញ្ជាការតាមយុទ្ធភូមិភាគ ឱ្យជំនួសកន្លែងរបស់អភិបាលនានានៃរដ្ឋាភិបាលហ្គីណេ ហើយបើអ្នកណាមិនព្រមទៅចូលរួមពិធីផ្ទេរតំណែងនៅថ្ងៃចន្ទទេ នឹងត្រូវចាត់ទុកថា ជាការប្រឆាំងនឹងមេដឹកនាំយោធាថ្មីរបស់ប្រទេសនេះ។

ព្រឹត្តិការណ៍រដ្ឋប្រហារនេះត្រូវបានអង្គការសហប្រជាជាតិ និងប្រទេសនានានៅក្នុងតំបន់ ថ្កោលទោសជាខ្លាំង៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បុគ្គលិកនារីនៅសាលាក្រុងកាប៊ុលត្រូវបានប្រាប់ឱ្យស្នាក់នៅផ្ទះ

បុគ្គលិកនារីក្នុងរដ្ឋបាលសាលារដ្ឋធានីកាប៊ុលនៃប[...]

អគ្គលេខាធិការ អសប ព្រមានចិន និង សរអ ឱ្យបញ្ចៀសសង្គ្រាមត្រជាក់ថ្មី

អគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើឱ្យប្រទ[...]

លោកស្រីរដ្ឋមន្ត្រីការបរទេសហូឡង់លាតំណែងព្រោះរឿងអាហ្វហ្គានីស្ថាន

លោកស្រីរដ្ឋមន្ត្រីការបរទេសនៃប្រទេសហូឡង់ ឈ្មោះ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x