ភ្នំពេញ ៖ រដ្ឋបាលខេត្ដកោះកុង បានចេញសេចក្ដីជូនដំណឹងមួយ ដែលអ្នកសារព័ត៌មានទទួលបានកាលពីថ្ងៃទី២៩ ខែសីហា ម្សិលមិញ ដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលចូលទៅ កាប់គាស់ រុករាន យកដី នៅតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
រដ្ឋបាលខេត្ដកោះកុង បានបញ្ជាក់ថា អ្នកកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ឈូសឆាយ សង់ផ្ទះ សង់តូប សង់រោង ដើម្បីយកធ្វើជាកម្មសិទ្ធិ នឹងត្រូវចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។ អាជ្ញាធរខេត្ដកោះកុង ស្នើឲ្យអ្នកដែលប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ ដីធ្លី ដែលខុសច្បាប់ ត្រូវយកទៅប្រគល់ ឲ្យរដ្ឋបាលខេត្ដកោះកុងវិញ ដើម្បីមោឃភាព ឬកម្ទេចចោលតាមនីតិវិធីច្បាប់។
ដែនជម្រកសត្វព្រៃពាមក្រសោប នៃតំបន់ការពារធម្មជាតិ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ តំបន់នេះ មានផ្ទៃដីសរុបទំហំ ២ម៉ឺន ៥ពាន់ ៨៩៧ហិកតា (២៥៨៩៧ហិកតា)។ ដែនជម្រកសត្វព្រៃពាមក្រសោប ខេត្ដកោះកុង ត្រូវបានបែងចែកជា ៤ តំបន់ ដែលរួមមានតំបន់ស្នួល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ សម្រាប់គ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្ដរភាព៕