loader

រដ្ឋបាលខេត្តកណ្ដាលបំភ្លឺជុំវិញទីតាំងដីក្នុងតំបន់នៃការប៉ះទង្គិចគ្នារវាងក្រុមយោធានិងពលរដ្ឋ

យោធា​មួយ​ក្រុម​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ ក្នុង​ទំនាស់​ដីធ្លី​មួយ​កន្លែង​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី៣ មិថុនា ។ ហេតុការណ៍​នេះ បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​រង​របួស​ធ្ងន់ និង​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់។ ក្រុម​សិទ្ធិមនុស្ស​ថ្កោលទោស​ការ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​នេះ។ ក្រោយពីព្រឹត្តិការណ៍នេះកើតឡើង រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីបំភ្លឺ។

រដ្ឋបាលខេត្តកណ្តាល បានអះអាងថា ដីក្នុងតំបន់ដែលប្រជាពលរដ្ឋតវ៉ានោះជាដីរដ្ឋ ដែលរដ្ឋាភិបាលគ្រោងរៀបចំមួយផ្នែកសម្រាប់ប្រើប្រាស់ជាប្រយោជន៍វិស័យការពារជាតិនិងមួយផ្នែកទៀតប្រើប្រាស់សម្រាប់វិស័យបរិស្ថាន គឺជាទីតាំងដាក់សំរាម ។

រដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹងដូចនេះកាលពីថ្ងៃព្រហស្បតិ៍ ទី៣ មិថុនាបន្ទាប់មានការ​ប៉ះទង្គិចគ្នា​​មួយប្រ៉ាវរវាងយោធាមួយក្រុមនិងពលរដ្ឋ ទាមទារដីនៅតំបន់នោះដោយក្រុមយោធាបាន​បាញ់គ្រាប់កាំភ្លើង លើពលរដ្ឋ បណ្ដាលអោយពលរដ្ឋម្នាក់រងរបួស។

រដ្ឋបាលខេត្តកណ្តាលលើកឡើងថា ដីក្នុងតំបន់ដែលប្រជាពលរដ្ឋតវ៉ានោះជាដីរដ្ឋហើយថាពលរដ្ឋបានបិទផ្លូវជាតិលេខ៥១នៅចំណុចដែលគេហៅថា«ដីចម្ការបារាំង»។

តែបែបណា រដ្ឋបាលខេត្តកណ្តាលឲ្យដឹងទៀតថាក្រុមការងារគណៈកម្មការអន្តរក្រសួងកំពុងខិតខំសិក្សាស្រាវជ្រាវដើម្បីឈានដល់ការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលពិតប្រាកដ ក្នុងរង្វង់ដីប្រមាណ២៨០ហិកតា។

មន្រ្តី​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា​ពលរដ្ឋ​ម្នាក់​បាន​រង​របួសខ្នង ដោយ​សារ​ការ​បាញ់​ប្រហារ​ដោយ​គ្រាប់​កាំភ្លើង​ពីកម្លាំង​ទាហាន​រាប់​សិប​នាក់​ នៅ​ក្នុង​ការ​ប្រឈម​ដាក់​គ្នា​មួយ​នៃជម្លោះ​ដីធ្លី។

អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា ​​ បានធ្វើរបាយការណ៍អំពីហេតុការណ៍​នេះថា បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​មិថុនា បន្ទាប់​ពី​ក្រុម​យោធា​បាន​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ស្រែ​ដែល​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ នៅ​ភូមិ​អង្គស្រែពោធិ៍ ឃុំ​ទួលព្រិច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ហើយ​ពលរដ្ឋ​ជាង ៣០០​នាក់ បាន​លើក​គ្នា​ទៅ​ឃាត់​គ្រឿងចក្រ​នោះ។

អ្នកស្រី បញ្ជាក់ថា ករណីប្រើប្រាស់អាវុធលើពលរដ្ឋនេះ​ មិនមែនថ្មីទេ​ គឺមានករណីពីមុនៗបានកើតឡើងដូចនេះដែរ​ ។ អ្នកស្រី ទទូចថា ការប្រើប្រាស់កម្លាំងនិងអាវុធមិនសមាមាត្រនេះ​ ត្រូវតែបញ្ឈប់និងមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់​ ព្រមទាំងអ្នកដែលល្មើសត្រូវប្រឈមមុខតាមនីតិវិធីច្បាប់។

ភ្លាមៗនោះអង្គ​ការ​លីកាដូ បានបញ្ជូន ក្រុមការងារ ​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​និង​បាន​រាយការណ៍​ថា​បុរសរង​របួស​នោះ​មាន​ឈ្មោ អ៊ុំ រដ្ឋា អាយុ​៥៦​ឆ្នាំ ជា​កសិករ ដែល​ជា​ភាគី​ជម្លោះ​ដី​ធ្លី។

ក្នុង​វីដេអូ​មួយ​មាន​រយៈពេល​ជាង​៤​នាទី​ដែល​ត្រូវ​បាន​បង្ហោះនៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ប្រជាពលរដ្ឋ​បាន​ស្រែក​ថា​កម្លាំង​ទាហាន​បាន​បាញ់​គ្រាប់​ពិត។

វីដេអូ​នេះ​បង្ហាញ​ថា​អ្នក​តវ៉ាម្នាក់បាន​រង​របួស​នឹង​គ្រាប់​កាំភ្លើង​ត្រង់ឆ្អឹង​ជំនីរ​លើ​ស្មា​ខាង​ធ្វេង ដោយ​មាន​ឈាម​ហូរ​លើ​អាវ​យឺត​ស​របស់​ជន​រង​គ្រោះ។

នៅពុំទាន់ឃើញ គណៈកម្មាធិការសិទិ្ធមនុស្សរាជរដ្ឋាភិបាល កម្ពុជាមានប្រតិកម្មអ្វីនៅឡើយទេចំពោះ​ព្រឹត្តិការណ៍នាំអោយមានការប៉ះទង្គិចគ្នារវាងពួកយោធាជាមួយ ជនស៊ីវិល ដែលក្រុមអង្គការសិទិ្ធមនុស្ស ចាត់​ទុកថា ជាការ​រំលោភ​សិទិ្ធ​មនុស្ស ថ្មីមួយទៀត ។ ​ប៉ុន្តែ​ស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលមួយនេះ តែង​តែ​ អះអាងថា កម្ពុជា ជា​ប្រទេស​​មានការ​គោរព​សិទិ្ធមនុស្ស ល្អប្រសើរ​ដោយស្ថិតនៅក្រោម​នីតិរដ្ឋ​របស់​កម្ពុជា គឺដូចនឹងប្រទេសជាច្រើន នៅ​លើ​​ពិភព​លោក​ដែរ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីការបរទេសអង់គ្លេសនឹងបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃពុធ ដើម្បីនិយាយអំពី«ភាពជាដៃគូសន្ទនារបស់អាស៊ាន»

រដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្ល[...]

កម្ពុជាដំណើរការចម្រាញ់រ៉ែមាសលើកដំបូងនៅថ្ងៃនេះ

កម្ពុជាដំណើរការចម្រាញ់រ៉ែមាសលើកដំបូងនៅថ្ងៃនេះ

ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១

រដ្ឋាភិបាលលកម្ពុជា កំណត់យកថ្ងៃទី២១ ខែមិថុនា ឆ[...]

នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថ្លែងថា ការឃាត់ខ្លួននិងការចោទប្រកាន់យុវសកម្មជនបរិស្ថានជារឿងមិនត្រឹមត្រូវ

ការឃាត់ខ្លួនយុវសកម្មជនបរិស្ថានបីនាក់នៅថ្ងៃពុធ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x