កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងាយ៣គីឡូ និង៥គីឡូម៉ែតទាំងផ្នែកបុរស និងស្រ្តីចំនួន ១២នាក់បានទទួលជ័យលាភីក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យសមុទ្រលើកទី ៧នៅថ្ងៃទី១៤ ធ្នូដែលជាថ្ងៃទី១នៃការចាប់ផ្តើមពិធីនេះ ក្នុងខេត្តកោះកុង។
នៅថ្ងៃទី១នៃពិធីបុណ្យសមុទ្រក្នុងខេត្តកោះកុង កីឡាករជាយុវជន សិស្ស និស្សិត មន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើនរយនាក់ រួមទាំងប្រជាពលរដ្ឋថៃផង បានចូលរួមក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្តចំងាយ ៣គីឡូ និង ៥គីឡូម៉ែត ដែលកម្មវិធីនេះប្រព្រឹត្តិទៅនៅទីតាំងរង្វង់មូលជាប់ស្ពានខេត្តកោះកុង។
ក្នុងព្រឹត្តិការណ៍នេះបានរកឃើញម្ចាស់ជ័យលាភីចំនួន១២រូប គឺអ្នករត់ប្រណាំងក្នុងចំងាយ៣គីឡូម៉ែតមានចំនួន៦រូប ស្រី ៣នាក់ និងបរុស៣នាក់។ ចំណែកជ័យលាភីក្នុងចំងាយ៥គីឡូម៉ែតមានចំនួន៦នាក់ គឺស្រី៣នាក់ និងបរុស៣នាក់។
សូមបញ្ជាក់ថា ប្រភេទកីឡាដែលមានក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះរួមមាន៖ រត់ប្រណាំងកម្សាន្ត ទ្រីយ៉ាត្លុង ជិះកង់កម្សាន្ត អុក ចក្ត្រង្គ ប្រដាល់គុនខ្មែរ ជេតស្គី ទូកក្តោង ថាសហោះ ម៉ូតូធំ សីស្លាប និងរាំអន្តរជាតិ។
ថ្លែងក្នុងពីធីបើកបុណ្យសមុទ្រលើកទី ៧ នៅខេត្តកោះកុងកាលពីថ្ងៃម្សិលមិញលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឲ្យដឹងថា ខេត្តកោះកុងនឹងទទួលភ្ញៀវទេសចរជាតិបានចំនួន ៦០ម៉ឺននាក់នារយៈពេលនៃពិធីបុណ្យសមុទ្រនេះ។
លោករដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានព្យាករណ៍ថា ខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជានឹងទទួលភ្ញៀវទេសចរបាន ៤,៤២ លាននាក់ត្រឹមចុងឆ្នាំ ២០១៨ ខណៈភ្ញៀវបរទេស នឹងកើនឡើងដល់ ៩២ម៉ឺននាក់ និងទេសចរក្នុងស្រុកនឹងមានចំនួន ៣,៥ លាននាក់។
របាយការណ៍របស់ក្រសួងទេសចរណ៍រយៈពេល ១០ខែបង្ហាញថា ភ្ញៀវអន្តរជាតិបានកើនដល់ ៧៧ម៉ឺន នាក់នៅក្នុងខេត្តតំបន់ឆ្នេរ ដែលកើនឡើង ២៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន៕