បាងកក៖ យោធាមីយ៉ាន់ម៉ាបានវាយប្រហារតាមអាកាសទៅលើភូមិមួយនិងបានសម្លាប់ជនស៊ីវិល១០នាក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។
យោងតាមការផ្សាយរបស់ C N A ការប្រយុទ្ធគ្នារវាងរបបយោធាជាមួយក្រុមឧទ្ទាមជនជាតិភាគតិច និងកងកម្លាំងការពារប្រជាជនថ្មី បានបំផ្លិចបំផ្លាញប្រទេសមីយ៉ាន់ម៉ាយ៉ាងដំណំនៅទូទាំងប្រទេស ចាប់តាំងពីមានរដ្ឋប្រហារនៅឆ្នាំ២០២១។
ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់យោធាមីយ៉ាន់ម៉ាពីការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ បំផ្លាញភូមិ និងវាយប្រហារតាមអាកាសទៅលើគូប្រជែងរបស់ខ្លួន។យោងតាមលោក Ko Zaw Tun ដែលជាយុទ្ធជនប្រឆាំងរបបយោធាបាននិយាយថា យន្តហោះយោធាមួយគ្រឿងបានទម្លាក់គ្រាប់បែកចំនួនបីគ្រាប់លើភូមិ Nyaung Kone ភាគខាងជើងតំបន់ Sagaing កាលពីរសៀលថ្ងៃអង្គារទី២៧ ខែមិថុនា ឆ្នាំ២០២៣។
លោកបាននិយាយថាការទម្លាក់គ្រាប់បែកនេះបានសម្លាប់មនុស្ស១០នាក់និង៨នាក់ទៀតរងរបួស។លោក
បានប្រាប់សារព័ត៌មាន AFPថា “មិនមានការប្រយុទ្ធគ្នាទេ ប៉ុន្តែពួកគេបានទម្លាក់គ្រាប់បែកក្នុងភូមិ” លោកបានបន្ថែមថាមានផ្ទះចំនួន១១ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ។
អ្នកស្រុកម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះនៅភូមិ Nyaung Kone ដែរនោះក៍បានប្រាប់ AFP ថាខ្លួនលោកផ្ទាល់និងអ្នកស្រុកផ្សេងទៀតបានបូជាសពជនរងគ្រោះនៅល្ងាចនោះ។លោកបាននិយាយថា “យើងមិនដឹងថាផែនការបន្ទាប់របស់ពួកយោធាជាអ្វីនោះទេ។ ដូច្នេះយើងគ្រាន់តែរៀបចំពិធីបុណ្យសពឱ្យជនរងគ្រោះឱ្យបានឆាប់តាមដែលអាចធ្វើបាន” ។
សារព័ត៌មានBBCភូមា និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀតក៏បានរាយការណ៍ពីការវាយប្រហារតាមអាកាសនេះដែរ ក្នុងនោះសារព័ត៌មានមួយចំនួនបានផ្សាយថាមានមនុស្ស៩នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមអាកាសនេះ។
ជាងពីរឆ្នាំក្រោយរដ្ឋប្រហារពួកយោធាបានបង្ក្រាបចលនាតស៊ូប្រឆាំងនឹងខ្លួនរាល់ថ្ងៃ។ ក្រុមអ្នកជំនាញនិយាយថា ជម្លោះនៅភូមាកំពុងឈានទៅរកការប្រើកាំភ្លើងធំ និងកម្លាំងអាកាស។អង្គការសហប្រជាជាតិបាននិយាយកាលពីខែមីនាថា យោធាភូមាបានធ្វើការវាយប្រហារតាមអាកាសច្រើនជាង ៣០០ដងក្នុងឆ្នាំចុងក្រោយនេះ។
តំបន់ Sagaing បានក្លាយជាចំណុចក្តៅនៃការតស៊ូប្រឆាំងរបបយោធា។កាលពីខែមេសា យោធាភូមាបានទម្លាក់គ្រាប់បែកលើតំបន់ Sagaing នៅពេលដែលអ្នកស្រុកកំពុងតែជួបជុំគ្នាមួយ។កាលនោះប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រុកបាននិយាយថា ការវាយប្រហាររបស់យោធាភូមាបានសម្លាប់មនុស្សប្រហែល១៧០នាក់ ដែលនាំឱ្យមានការថ្កោលទោសលើរបបយោធាជាថ្មី៕
ប្រភព៖ C N A ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣