ក្រុងតូក្យូ៖ អ្នកនយោបាយជើងចាស់លោកស្រី យូរីកូ កូអ៊ីកិ (Yuriko Koike) បានជាប់ឆ្នោតជាអភិបាលក្រុងតូក្យូ ដែលលោកស្រីគឺជាស្ត្រីទីមួយដែលបានកាន់តំណែងអភិបាលក្រុងដ៏ធំមួយនេះ។
លោកស្រីបានឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្ដដា ម្សិលមិញ ដែលមានបេក្ខជនចូលរួមប្រកួតចំនួន ២១រូប។ នេះបើយោងតាមការការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ភ្លាមៗបន្ទាប់ពីលោកស្រីឈ្នះឆ្នោត លោកស្រីបានសម្ដែងការប្តេជ្ញាទទួលយកការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២០ ដែលជាព្រឹត្តិការណ៍ដ៏ធំរបស់ប្រទេស។
ទូរទស្សន៍ជប៉ុន NHK និងប្រព័ន្ធផ្សព្វផ្សាយធំៗបានរាយការណ៍ថា លោកស្រី Koike អាយុ ៦៤ ឆ្នាំរូបនេះពិតជាបានឈ្នះក្នុងការបោះឆ្នោត បន្ទាប់ពីការបោះឆ្នោតបានបិទនៅម៉ោង ៨ យប់ ។
លោកស្រី Koike គឺជាអតីតអ្នកអត្ថាធិប្បាយទូរទស្សន៍ និងធ្លាប់ជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងបរិស្ថានផងដែរ។ លោកស្រី Koike បានអះ អាងពីជ័យជម្នះរបស់ខ្លួន និងបានថ្លែងទៅកាន់អ្នកគាំទ្រលោកស្រីភ្លាមៗ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានប្រកាសឱ្យលោកស្រីឈ្នះការបោះឆ្នោតនេះ។
លោកស្រីបានថ្លែងក្នុងសំឡេងស្អកៗ បន្ទាប់ពីលោកស្រីបានបើកយុទ្ធនាការផ្សព្វផ្សាយកាលពីពីរសប្តាហ៍មុន ដែលលោកស្រីថ្លែងថា ៖ «ខ្ញុំនឹងដឹកនាំនយោបាយទីក្រុងតូក្យូនៅក្នុងលក្ខណៈដែលមិនធ្លាប់មានពីមុនមក ហើយអ្នកនឹងបានឃើញទីក្រុងតូក្យូមួយនេះដែលអ្នកមិនធ្លាប់ឃើញពីមុននោះ»៕
ប្រភព៖CNA