en     km
en     km

យុវនារី មិនគួរបណ្ដែតបណ្ដោយឱ្យធ្លាក់ក្នុងសកម្មភាពទុំមុនស្រកៀលឡើយ

Share

ភ្នំពេញ៖  ចាស់​បុរាណ បានបន្សល់ទុកពាក្យមួយ​ឃ្លា ដែលមាន​អត្ថ​ន័យ​ខ្លឹម​សារ​ល្អ​ប្រសើរ  សំ​រាប់​អប់​រំ​ទូន្មាន​កូន​ប្រុស​ស្រី​ខ្មែរ កុំ​អោយ​ធ្វើអំពើ​ឆ្គាំ​ឆ្គង ប្រាស​ចាក​ពី​ច្បាប់​ទំ​លាប់​ប្រ​ពៃ​ណី កុំ​បណ្តោយ​ខ្លួន​អោយ​ជ្រុល​ជ្រួស ហួស​ខុស​ពី​ប្រ​ពៃ​ណី ជាដើម ។ ពាក្យនោះគឺបានសេចក្ដីថា «ទុំមុនស្រកៀល»  ។ តើទុំមុនស្រកៀលមានន័យដូចម្ដេច កើតឡើងដោយសារអ្វី ហើយមានផលប៉ះពាល់អ្វីខ្លះ ?  សូមស្ដាប់ការពន្យល់បកស្រាយពីលោក សោម លាភដូចតទៅ៖

 

មនុស្ស​ សត្វ ​រុក្ខ​ជាតិ​ទាំង​អស់​ដែល​រស់​នៅ​លើ​ផែន​ដី​នេះ តែង​តែ​មាន​ការ​រីក​ចំរើន​លូត​លាស់ ទៅ​មុខ​ជា​លំ​ដាប់​ឥត​ឈប់​ឈរ តាម​ធម្ម​ជាតិ​កំ​ណត់អោយទី​ទៃ​ៗ​ពី​គ្នា ហើយ​ការ​រីក​លូត​លាស់​ដុះ​ដាល​នេះ ទាល់​តែ​ត្រូវ​តាម​លក្ខណៈ និង​តំ​ណាក់​កាល​របស់​វា​ទើបជាការប្រសើរ ។

ជាក់ស្ដែង មានពាក្យមួយឃ្លារបស់ចាស់បុរាណខ្មែរ បានពោលថា «ទុំ​មុន​ស្រកៀល»  ។ ពាក្យថា ទុំ គឺ​សំដៅ​លើ​ផែ្ល​​​រុក្ខ​ជាតិដែល​វិវត្តន៍ ពី​ខ្ចី ​ចាស់ និង​ស្រគាល ទើប​ក្លាយ​ជា​ទុំ​ អាច​យក​មក​ប្រើ​ប្រាស់ ឬ​អាច​បន្ត​ពូជ​ក្នុង​ការ​ដាំ​ដុះ​បាន​ ។ ឯពាក្យថា ស្រកៀល គឺ​សំដៅ​លើ​ផែ្ល​​រុក្ខ​ជាតិ​ទាំង​ឡាយ ដែលលើស​ពី​ភាព​ចាស់​ តែ​មិ​ន​ទាន់​ទុំ ។ ដើម្បី​ដល់​ទុំ ផ្លែ​ឈើ​ទាំង​ឡាយ​ត្រូវ​ឆ្លង​កាត់ ភាព​ស្រគាល ឬ​ហៅ​ថា ទុំ​ស្ទើ​ៗ​ជា​មុន​សិន ។

ដូចនេះ ពាក្យថា ​ទុំ​មុន​ស្រ​កៀល​នេះ មាន​ន័យ​ថា គ្រប់​ផ្លែ​ឈើ​ត្រូវ​លួត​លាស់ ពី​ក្តឹបទៅចាស់ ​បន្ទាប់​មក​ទុំមិន​ទាន់​ល្អ ដែល​ហៅ​ថា​ ស្រកៀល រួចក៏​ក្លាយ​ទៅ​ជា​ទុំ​សុះ​សាច់​ល្អ ។

បែបនេះក្ដី ចាស់បុរាណខ្មែរ មិនមែនសង្កត់ន័យតែប៉ុណ្ណោះនោះទេ ពោលគឺលោកនៅមានភ្ជាប់ទៅដោយអត្តន័យដែលផ្ទុយពីនេះ  ដែលជាការធៀបទៅនឹងន័យផ្សេង ។

ផ្ដើមចេញពីកម្មវិធីសម្លេងនៃក្ដីសង្ឃឹម របស់វិទ្យុស្រ្តី កាលពីថ្ងៃសុក្រទី ១០ កញ្ញា ស៊ីង យី បុគ្គលិកអង្គការតម្លៃស្ត្រី ធ្វើការទាក់ទងទៅនឹងការបណ្ដុះបណ្ដាលលើការពង្រឹងសិទ្ធិអំណាច មានប្រសាសន៍ថា ពាក្យថាទុំមុនស្រកៀល គឺគេប្រៀបធៀបទៅនឹងកូនប្រុសស្រី ដែលបានរំលងនូវប្រពៃណីណាមួយ ។ កញ្ញាលើកជាឧទាហរណ៍ថា ប្រពៃណីខ្មែរ គឺតម្រូវឱ្យមនុស្សពីរនាក់ស្រីប្រុស មុននឹងអាចរស់នៅជាមួយគ្នាបាន លុះត្រាតែមានការភ្ជាប់ពាក្យ ស្ដីដណ្ដឹង និងរៀបអាពាហ៍ពិពាហ៍ជាមុនសិន ។

កញ្ញាថា កាលណាមានអំពើទុំមុនស្រកៀលនេះ បន្ទុកទាំងអស់ត្រូវធ្លាក់ទៅលើស្រ្តីភាគច្រើន ។

កញ្ញា ស៊ីង យី ថា ការប្រកាន់ខ្ជាប់ រួមទាំងមិនចង់ឱ្យមានការប្រព្រឹត្តអំពើដែលគេហៅថាទុំមុនស្រកៀល ពោលគឺមិនរំលងប្រពៃណីនោះ  គឺដោយសារចង់ឱ្យបុរសទាំងអស់ ឱ្យតម្លៃទៅលើស្រ្តី ដើម្បីឱ្យស្ត្រីគេចផុតពីការមាក់ងាយពីសង្គម ។​

កញ្ញា បន្ថែមថា មូលហេតុដែលនាំឱ្យមានសកម្មភាពរំលងប្រពៃណីនេះ គឺដោយសារកត្តាលួងលោម របស់បុរស រួមទាំងបញ្ហាចំណេះដឹងរបស់ស្ត្រី ។

កញ្ញាលើកទឹកចិត្តឱ្យប្រជាជនទាំងអស់ ឱ្យតម្លៃ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅលើប្រពៃណី ទំនៀមទម្លាប់ បើទោះបីជាប្រទេសមានការអភិវឌ្ឍដល់ណាក្ដី ដើម្បីឱ្យពិភពលោកស្គាល់អរិយធម៌ វប្បធម៌ និងប្រពៃណីកម្ពុជាឱ្យបានច្រើន ។ កញ្ញាថា ការណ៍នេះ ក៏អាចបណ្ដាលឱ្យនារីរកស៊ីពេលយប់ផងដែរ ។

បន្ថែមពីលើនេះ លោក ឈឿន វិច្ឆិកា ជាអ្នកសម្របសម្រួលគម្រោង របស់អង្គការតម្លៃស្ត្រី មានប្រសាសន៍ថា កត្តាដែលនាំឱ្យមានការរំលងប្រពៃណី និងទំនៀមទម្លាប់ល្អនោះ គឺដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យាលើការទំនាក់ទំនង, ការមិនបានយកចិត្តទុកដាក់ពីឳពុកម្ដាយ ។

លោកបន្ថែមថា ដើម្បីកាត់បន្ថយសកម្មភាពរំលងប្រពៃណីនេះបាន​ លុះត្រាមានការផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋទាំងអស់អំពីផលវិបាកដោយសារអំពើរបែបនេះ ។

លោក វណ្ណារិទ្ធ រស់នៅខ័ណ្ឌចំការមន មានប្រសាសន៍តាមរយៈទូស័ព្ទក្នុងកម្មវិធីនេះថា វប្បធម៌ទុំមុនស្រកៀល គឺជាពុំនោលរបស់មនុស្សចាស់ជំនាន់មុន បន្សល់ទុកសម្រាប់ក្មេងជំនាន់ក្រោយ ។

លោក វណ្ណារិទ្ធលើកទឹកចិត្តឱ្យមនុស្សទាំងអស់គ្នា កុំប្រកាន់ចំពោះបុគ្គលដែលធ្លាប់បានប្រព្រឹត្តអំពើទុំមុនស្រកៀលនេះ ។

លោក ភក្ត្រា រស់នៅខេត្តត្បូងឃ្មុំ មានប្រសាសន៍តាមប្រព័ន្ធទូរស័ព្ទ ដោយសំណូមពរឱ្យយុវវ័យទាំងអស់ មុនធ្វើអ្វីៗត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រយ ហើយត្រូវមានការទទួលខុសត្រូវ​ ។

ដោយឡែក លោក លាង ហូន បង្ហាញការស្រាវជ្រាវរបស់ខ្លួនថា ការរស់នៅជាមួយគ្នា ដោយពុំមានមង្គលការ តាមប្រពៃណី និងទទួលស្គាល់តាមផ្លូវច្បាប់ គឺមានដល់ទៅប្រមាណ ៧០ % ដែលបែកបាក់គ្នាវិញ ។

នៅ​ក្នុង​អក្សរ​សិល្ប​ខ្មែរ រឿង​ទុំ​ទាវ​ របស់អ្នកនិពន្ធឈ្មោះ ព្រះ​ភិក្ខុសោម បានបង្ហាញ​អោយ​ឃើញ​ថា ទុំ​បាន​ប្រ​ព្រឹត្តិ​អំពើ​ខុស​ឆ្គង ព្រោះ​ខ្លួន​ជា​សង្ឃ ហ៊ាន​មាន​ចិត្ត​ស្នេហា​ងុប​ងុល​ទៅ​លើ​នាង​ទាវ និង​លួច​សឹក​តែ​ម្នាក់​ឯងនៅ​ក្បែរ​ដំ​បូក​ ដើម្បី​មក​ជួប​ទាវ ។ ឯទាវ​វិញ ខ្លួន​ជា​ស្រីក្រ​មុំ បែជា​ហ៊ាន​បំពាន​ប្រ​ពៃណី​បង្កើត​នូវ​សេចក្តី​ស្នេហា​ជា​មួយ​ទុំ ទោះ​ជា​អ្នក​ទាំង​ពីរ​ស្រ​លាញ់​គ្នា​ប៉ុណ្ណា​ក៏ដោយ ។ យ៉ាងណា សេចក្តី​ស្នេហា​នេះ​ត្រូវ​បាន​រំ​ខាន​ដោយ​យាយ​ផាន់ ព្រោះ​ជា​រឿង​ខុស​នឹង​ច្បាប់​ស្រី និង​ជា​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួនផង។

ជាចុង​ក្រោយ​ស្នេហា​ទុំ​មុន​ស្រគាល មួយ​គូនេះ​ត្រូវ​ទទួលរង​​សេចក្តី​វិនាស អន្តរាយ​ទាំង​ស្រុង ៕

Share

Image
Image
Image