ភ្នំពេញ៖ ក្រៅតែពីការបង្ហាញភាពសោកស្តាយចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី យុវជនមួយចំនួន ដែលចាត់ទុកលោក កែម ឡី ជាវីរៈបុរស បានស្ម័គ្រចិត្តកោសក់ខ្លួនឯង ដើម្បីបង្ហាញភក្តីភាព និងការគោរពស្រលាញ់ដល់អ្នកវិភាគព្រឹត្តិការណ៍សង្គមដ៏ល្បីរូបនេះ។
រីឯប្រជាពលរដ្ឋមួយចំនួនទៀត ស្នើឱ្យគ្រួសារលោកបណ្ឌិតរក្សាសាកសពនៅដដែល។ សូមស្តាប់សេចក្តីរាយការណ៍របស់កញ្ញា ឆេង ណាតាដូចតទៅ៖
ស្ថិតក្នុងពីធីបុណ្យសព លោកបណ្ឌិត កែម ឡី នៅឯវត្តចាស់រាជធានីភ្នំពេញ យុវជនរ័ត្ន វណ្ណឆៃ មានអាយុប្រមាណ២៥ឆ្នាំ ជានិស្សិតនៅសកលវិទ្យាល័យ ធនធានមនុស្សបាននិយាយទាំងអារម្មណ៍ក្តុកក្តួលថា បើទោះបីជាលោកបណ្ឌិត កែម ឡី មិនជាប់សាច់ញាតិជាមួយលោកក៏ដោយ តែលោកសម្រេច កោរសក់ដើម្បីលោក។
រ័ត្ន វណ្ណឆៃបន្តថាជាសក្ខីភាពមួយទៀតដើម្បីបញ្ជាក់ពីទឹកចិត្តគោរពស្រលាញ់ និងដើម្បីបង្ហាញទៅអ្នកដទៃថា ការស្លាប់របស់លោក កែម ឡី គឺជាបាត់បង់ដ៏ធំធេង សម្រាប់លោក។ យុវជនដដែលនេះ បានចាត់ទុកលោក កែម ឡី គឺវីរៈបុរស និងជាគម្រូភាពដ៏ល្អ។ វណ្ណឆៃ បន្តថា លោកពិតជាមិនអាចទទួលយកបានថា លោក កែម ឡី ត្រូវបានគេបាញ់។
វណ្ណឆៃនិយាយបន្ថែមថា បើទោះបីជាលោកយល់ថា ការស្លាប់របស់លោក កែម ឡី គឺបណ្តាលមកពីការបញ្ចេញមតិក៏ដោយ ប៉ុន្តែ លោកមិនមានការភ័យខ្លាចអ្វីឡើយក្នុងការបញ្ចេញមតិ។
ចំណែកយុវជនម្នាក់ទៀតដែលបានកោសក់ដើម្បីរម្លឹកគុណដល់លោក កែម ឡី ដែរនោះ គឺលោក យីម លាងហ៊ី។ លោកបាននិយាយ លោកបានស្គាល់លោក បណ្ឌិត កែម ឡី ជាច្រើនឆ្នាំមកហើយ ដែលលោកថាអ្នកវិភាគដ៏ល្បីឈ្មោះរូបនេះ បានបង្រៀន និងប្រៀនប្រដៅលោកជាច្រើន។
និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ បានឱ្យដឹងទៀតថា ខ្លួនចង់បន្តតំណែងពីលោកបណ្ឌិត កែម ឡី។ លាងហ៊ី និយាយថាខ្លួននឹងខំរៀនឱ្យបានចប់ថ្នាក់បណ្ឌិត និងធ្វើជាអ្នកវិភាគ នៅក្នុងសង្គម មួយរូប។
នៅថ្ងៃទី១១ ខែកក្កដា នៅឯវត្តចាស់ ក្នុងទីដែលគេ តម្កល់សាកសពលោកបណ្ឌិត កែម ឡី មានប្រជាពលរដ្ឋជាច្រើន ទាំងនៅទីក្រុងភ្នំពេញ និងមកពីតាមបណ្តាខេត្ត អង្គការជាតិ អន្តរជាតិ សមាជិករបស់គណបក្សសង្គ្រោះជាតិ ចូលគោរពវិញ្ញាក្ខន្ធ អ្នកវិភាគដ៏ល្បីល្បាញរូបនេះ។
អ្នកស្រី ញ៉ែម សោភ័ណ្ឌជាប្រជាពលរដ្ឋម្នាក់នៅខណ្ឌឬស្សីកែវ បាននិយាយថា ចង់ឱ្យរក្សាសាកសពលោក កែម ឡី មិនឱ្យបូជា យ៉ាងតិច៣ខែ ឬត្រូវរក្សានៅរហូត ដើម្បីបញ្ជាក់ពីវីរៈភាពរបស់លោក កែម ឡី ទៅដល់អ្នកជំនាន់ក្រោយ។
ដូចគ្នា និងអ្នកស្រី ញ៉ែម សោភ័ណ្ឌដែរ កញ្ញា រស្មី ជាយុវជនម្នាក់ដែលបានស្ម័គ្រចិត្តមកជួយរៀបចំពិធីបុណ្យសពលោក កែម ឡី ក៏មិនចង់ឱ្យរំលាយសាកសព អ្នកវិភាគរូបនេះផងដែរ។ កញ្ញាបន្តថា លោក កែម ឡី គឺជាមនុស្សអស្ចារ្យ ហើយសាកសពលោកគួតែរក្សាទុក សម្រាប់ជានិមិត្តនៃការចងចាំរបស់ប្រជាពលរដ្ឋខ្មែរ។
គួរំឮកថា លោក បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយឯករាជ្យ ត្រូវបានគេបាញ់សម្លាប់ នៅក្នុង Star Mart មួយនៅក្នុង ខណ្ឌចំការមន ក្បែរស្តុបបូកគោ នៅវេលាម៉ោង៨និង៤៥នាទីព្រឹក ដែលត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕