ភ្នំពេញ៖ សិក្ខាសាលាមួយស្តីពី៖ «ដីធ្លី និងលំនៅឋាន» បានផ្តោតសំខាន់លើយុវជន ក្នុងការចូលរួមចំណែកបង្កើនការទប់ស្កាត់ និងដំណោះស្រាយបញ្ហាដីធ្លីនៅកម្ពុជា ដែលរៀបចំដោយអង្គការស្ដារកម្ពុជា។
អង្គការស្ដារកម្ពុជាបានរៀបចំសិក្ខាសាលាមួយ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ម្សិលមិញនេះ ក្នុងគោលបំណងឱ្យយុវជនយល់ដឹងពីឫសគល់បញ្ហាដីធ្លីនៅកម្ពុជា ក៏ដូចជារៀនសូត្រពីបញ្ហាវិវាទក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ ដើម្បីចូលរួមដោះស្រាយវិវាទដីធ្លីនៅប្រទេសកម្ពុជាជាមួយស្ថាប័នពាក់ព័ន្ធ។
ទីប្រឹក្សាអង្គកាស្ដារកម្ពុជា លោក សោ សន្ទន៍ធារី បានមានប្រសាសន៍ថា៖ «គោលបំណងរបស់យើងនៅក្នុងថ្ងៃនេះ គឺចង់ឱ្យយុវជនយល់ដឹងពីឫសគល់នៃបញ្ហាដីធ្លីនៅប្រទេសកម្ពុជា និងរៀនសូត្រពីយន្តការវិវាទក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ…»។ លោកបន្តឲដឹងថា យុវជនជាសសរទ្រូងនៃប្រទេសជាតិយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកចុះបញ្ជីដីធ្លី ទប់ស្កាត់ និងដោះស្រាយវិវាទនៅក្នុងប្រទេសកម្ពុជា ទាំងនៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
លោក សោ សន្ទន៍ធារី បន្តថា យុវជនបានចូលរួមយ៉ាងសកម្មតាំងពីឆ្នាំ២០១២មក។ លោកបានបញ្ជាក់បន្ថែមថា ឫសគល់នៃវិវាទដីធ្លីនៅប្រទេសកម្ពុជា គឺបណ្តាលមកពី សង្គ្រាមពីអតីតកាល កំណើនប្រជាជន ទម្លាប់រស់នៅរបស់ប្រជាជនកម្ពុជា ដែលមិនធ្វើប្លង់កម្មសិទ្ធិដីធ្លី មិនមានការអភិវឌ្ឍនៅលើដីធ្លី ភាពលោភលន់របស់បុគ្គលមួយចំនួន ការមិនគោរពច្បាប់ជាដើម។
លោក សោ សន្ទន៍ធារី បានសូមណូមពរដល់រដ្ឋាភិបាលឱ្យពង្រឹងច្បាប់ ក្នុងការគ្រប់គ្រងដីធ្លីនៅក្នុងប្រទេសកម្ពុជា។
ប្រធានលេខាធិការដ្ឋាន គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងជាអគ្គនាយករងសុរិយោដី និងភូមិសាស្ត្រ លោក វុឌ្ឍី វណ្ណារ៉ា បានឱ្យដឹងថា យន្ដការរបស់គណៈកម្មការសុរិយោដី មិនបានបែងចែកមនុស្សទេ តែគណៈកម្មការបានមើលទៅលើក្បាលដី ដែលមានវិវាទនោះ បើក្បាលដីនោះបានចុះបញ្ជីរួចហើយ គឺបញ្ជូនទៅតុលាការ តែបើក្បាលដីដែលមានវិវាទនោះមិនទាន់ចុះបញ្ជីទេ ត្រូវបញ្ជូនមកគណៈកម្មការសុរីយោដី។
លោកបានបន្តថា៖ «ឥឡូវនេះវិវាទដីធ្លីក្នុងយន្តការគណៈកម្មការដីធ្លី មានត្រឹមតែ១១%ទេ ដែលយើងកំពុង និងបន្តដោះស្រាយ ៨៨ជាង ភាគ យើងដោះស្រាយចប់អស់ហើយ…»។
យុវជនតំណាងមកពីសហគមន៍ផលអណ្ដែតនៅរាជធានីភ្នំពេញ លោក ចាប សុផាត បានឱ្យដឹងថា យុវជននៅពេលបច្ចុប្បន្ននេះមានការចួលរួមច្រើនទាក់ទងនឹងបញ្ហាចុះបញ្ជីដីធ្លី ដូចជាចូលរួមសរសេរសំណើទាក់ទងនឹងការចុះបញ្ចីដីធ្លី ទៅប្រជុំជាមួយអង្គការនានា សហគមន៍ប្រជាពលរដ្ឋ រួចដាក់សុំណើទៅដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយយុវជនក៏បានតាមដានដំណើរការចុះបញ្ជីដីធ្លីនោះ ជាមួយប្រជាសហគមន៍ដែរ។
លោកបានសូមសំណូមពរទៅរដ្ឋាភិបាលឱ្យបញ្ឈប់ការផ្ដល់ដីសម្បទានសង្គមកិច្ច ទៅឱ្យក្រុមហ៊ុនទៀត៖។ «រដ្ឋាភិបាលគួរតែបញ្ឈប់ការផ្តល់ដីសម្បទាន ឬក៏សង្គមកិច្ច ឬសេដ្ឋកិច្ចអីហ្នឹង ទៅឱ្យក្រុមហ៊ុនទៅ អ៊ីចឹងមានន័យថា កាលណាតែយើងបញ្ឈប់អាហ្នឹងបាន វាលែងសូវមានវិវាទហើយ…»។
សូមជម្រាបថា នៅក្នុងសិក្ខាសាលា ដែលរៀបចំដោយអង្គការស្ដារកម្ពុជា មានសិក្ខាកាម ចូលរួមចំនួន ៣៣៤ នាក់ ហើយសិក្ខាកាមទាំងនោះមកពី ២៥ ខេត្ត-រាជធានី ក្នុងនោះមានមន្ត្រីរដ្ឋាភិបាល អាជ្ញាធរ តំណាងសង្គមស៊ីវិល តំណាងសហគមន៍ និងប្រជាពលរដ្ឋទូទៅ ជាពិសេសគឺយុវជនមកពី ២៥ ខេត្ត-រាជធានី៕