សំរាមប្លាស្ទិកត្រូវបានគេឃើញមានពាសវាលពាសកាលទាំងលើដី ក្នុងទឹក និងកប់នៅក្រោមដីជាដើម។ សំរាមប្លាស្ទិកទាំងនេះជាប្រភេទកាកសំណល់មិនងាយរលាយ ពោលគឺត្រូវការរយៈពេលច្រើនឆ្នាំដើម្បីរលាយ ខណៈសំរាមបានប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វផងដែរ។ ចំពោះមុខបញ្ហានេះ យុវជនបរិស្ថានម្នាក់បានលើកឡើងថា ដ្បិតប្រជាពលរដ្ឋនៅកម្ពុជាមួយចំនួនមានទម្លាប់បោះចោលសំណល់ប្លាស្ទិក និងមិនទាន់មានការបែងចែកប្រភេទសំរាមឱ្យបានត្រឹមត្រូវក៏ពិតមែន តែយ៉ាងណា ពលរដ្ឋមួយចំនួនក៏កំពុងព្យាយាមអនុវត្តការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមរយៈសកម្មភាពតូចៗក្នុងជីវិតប្រចាំថ្ងៃ។ក្នុងន័យនេះយុវជនរូបនេះចង់បញ្ជាក់ថា ការចាប់ផ្តើមតូចមួយនឹងបោះជំហរទៅរកការកែប្រែដ៏ល្អនាថ្ងៃខាងមុខ
(កញ្ញា កែវ សុជាតា រាយការណ៍)
លោក ស៊ុន រតនៈ យុវជនស្ម័គ្រចិត្តនៃសមាគមស្រ្តីជនបទដើម្បីក្សេត្របរិស្ថានសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះអ្នកពាក់ព័ន្ធដូចជាក្រសួងបរិស្ថាន អង្គការមិនមែនរដ្ឋាភិបាល និងអាជីវករជាដើម បានខិតខំយ៉ាងសស្រាក់សស្រាំបង្កើតនូវយុទ្ធនាការនានា ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងសហគមន៍ ក៏ដូចជាផ្សព្វផ្សាយនូវចំណេះដឹងជាច្រើនទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លោកយល់ថា នេះជាសកម្មភាពវិជ្ជមានមួយដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងសិក្សាស្វែងយល់បន្ថែមពីផលប៉ះពាល់នៃសំរាមប្លាស្ទិក។ ដ្បិតតែមនុស្សនៅតែត្រូវការប្រើប្រាស់ប្លាស្ទិក ក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសយុវជនបានយល់ដឹងជាច្រើនថាតើយើងគួរចូលរួមកាត់បន្ថយការប្រើប្រាស់តាមរបៀបណា។
លោក ស៊ុន រតនៈ៖«ជាបទពិសោធន៍របស់ខ្ញុំ ពីមុនខ្ញុំគិតងាយ ខ្ញុំគិតថាធ្វើម៉េចក៏បានឱ្យតែស្រួលព្រោះយើងរស់នៅ យើងទាំងអស់គ្នាតែងតែស្វែងរកនូវភាពងាយស្រួលទេ។ ប៉ុន្តែស្រួលតែរយៈពេលខ្លី វាអាចផ្តល់ផលប៉ះពាល់នៅក្នុងរយៈពេលវែងដូចជាប្លាស្ទិកជាដើម។ យើងប្រើតែពីរបីវិនាទីទេ ក៏ប៉ុន្តែវាអាចជះឥទ្ធិពលឬផលប៉ះពាល់ច្រើនទៅដល់យុវជនជំនាន់ក្រោយ ឬក៏បងប្អូនដែលកើតឡើងមកជំនាន់ក្រោយហ្នឹង។»។
លោក ស៊ុន រតនៈ យុវជនស្ម័គ្រចិត្តនៃសមាគមស្រ្តីជនបទដើម្បីក្សេត្របរិស្ថាន។ រូបភាព៖ YRDP
យុវជនបរិស្ថានរូបនេះបន្តលើកឡើងថា ប្លាស្ទិកមានតម្លៃថោក និងងាយស្រួលនៅក្នុងការប្រើប្រាស់វេចខ្ចប់ទំនិញដែលងាយរកនៅតាមទីផ្សារលក់ឥវ៉ាន់ តូបលក់បន្លែសាច់ ឬសូម្បីនៅតាមផ្សារទំនើបជាដើម។ ដើម្បីរួមចំណែកធ្វើការទៅលើករណីខាងលើនេះ លោកថា ត្រូវចាប់ផ្តើមពីយើងម្នាក់ៗ និងត្រូវបោះជំហរម្នាក់មួយដំណាក់កាល បើទោះបីជាជំហាននោះតូចក្តី។ «វាមិនងាយទេក្នុងការទៅដាស់មនុស្សដែលធ្វើដេក» នេះគឺជាឃ្លាមួយដែលឪពុកលោក ស៊ុន រតនៈ បានប្រាប់លោក ដោយក្នុ្ងងឃ្លានេះបង្ហាញឱ្យឃើញថា មានតែខ្លួនឯងនោះទេដែលដឹង និងយល់ពីតម្លៃនៃអ្វីមួយ ពិសេសមានតែខ្លួនឯងនោះទេដែលផ្លាស់ប្តូរផ្នត់គំនិត ហើយងាកមកខ្វល់ខ្វាយពីបញ្ហាដែលនៅជុំវិញខ្លួន។ ក្នុងនាមជាយុវជនបរិស្ថានមួយរូបនេះ លោកយល់ថា សកម្មភាពតូចតាចដែលអាចធ្វើជាប្រចាំបាននោះ គឺងាកមកប្រើប្រាស់កាបូបមិនប៉ះពាល់បរិស្ថាន ឬ កាបូប eco-friendly ដើម្បីដាក់សាច់បន្លែនៅពេលទៅផ្សារ។
លោក ស៊ុន រតនៈ៖«សម្រាប់បទពិសោធន៍ខ្ញុំឥឡូវ ខ្ញុំបានយល់ដឹងច្រើនពីស្ថាប័ននានា ក៏ដូចជាម្ចាស់អាជីវកម្មអីទាំងអស់ហ្នឹង។ ការទៅដើរផ្សារអីរាល់ថ្ងៃរបស់ខ្ញុំ ខ្ញុំមាន ECO-bag ថង់ក្រណាត់ និងប្រអប់ដាក់សាច់។ បើសិនជាខ្ញុំត្រូវការទិញសាច់ ខ្ញុំអាចយកប្រអប់នឹងទៅដាក់ឱ្យអ្នកលក់ទៅ ហើយដល់ពេលយូរទៅអ្នកលក់ចំណាំមុខហើយថាឱ្យតែអាអូនហ្នឹងមកដឹងតែវាមានថង់ក្រណាត់ មានប្រអប់អីរបស់វាទុកដាក់សាច់ហើយ។ អ៊ីចឹងគាត់សប្បាយចិត្តដែរ គាត់ឃើញយើងជាយុវជនចេះគិតគូរពីបរិស្ថានអីអ៊ីចឹងទៅ វាជួយលើកទឹកចិត្តទៅគាត់ ជួយលើកទឹកចិត្តទៅអ្នកជុំវិញយើង និងខ្លួនយើងផ្ទាល់ដែរថាយើងពិតជាបានចូលរួមខ្លាំងមែនទែន។ លើសពីហ្នឹងទៀត ការបំលែងកាកសំណល់ដែលនៅសល់ដែលយោងតាមបទពិសោធរបស់ខ្ញុំ ការបំលែងកាកសំណល់ពីផ្ទះបាយហ្នឹង ខ្ញុំអត់ដាក់វាចូលទៅក្នុងថង់សំរាមទេមានដូចជាគល់បន្លែ ឬ ផ្លែឈើ សំបកអីទាំងអស់ហ្នឹង សាច់ដែលសល់អីហ្នឹង ខ្ញុំបំលែងវាធ្វើទៅជាជីកំប៉ុស។»។
យុវជនចូលរួមកម្មវិធីយុទ្ធនាការ 4r ស្តីពីបញ្ឈប់ការបំពុលដោយប្លាស្ទិកនៅកម្ពុជា។ រូបភាព៖ YRDP
ជុំវិញបញ្ហាសំរាមនេះ ម្ចាស់សហគ្រាសនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានផ្តួចផ្តើមចូលរួមបង្កើតគម្រោងមួយដែលជួយកាត់បន្ថយការផលិត ក៏ដូចជាការប្រើប្រាស់សំណល់ប្លាស្ទិកនៅក្នុងរោងចក្រ-សហគ្រាសរបស់ខ្លួនដែលមានឈ្មោះថា «ផ្តើមចេញពីអ្នក»។ លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តីថា គម្រោងនេះ ធ្វើឡើងដើម្បីកែច្នៃការវេចខ្ចប់ក្រដាសអនាម័យ ដែលប្តូរពីការវេចខ្ចប់ថង់ប្លាស្ទិកមកប្រើប្រអប់ជ័រជំនួសវិញ។
ប្រអប់ដាក់ក្រដាស។ រូបភាព៖ WMC/Socheata
លោកបញ្ជាក់ដែរថា ការកែច្នៃការវេចខ្ចប់នេះផ្តល់អត្ថប្រយោជន៍ជាច្រើនទៅកាន់អ្នកប្រើប្រាស់ ពិសេសជំរុញឱ្យអាជីវករនិងអ្នកប្រើប្រាស់កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបន្ថែមទៀត ក៏ប៉ុន្តែទីផ្សារសម្រាប់លក់ហាក់នៅមានកម្រិត និងមិនសូវទទួលបានគាំទ្រពីសំណាក់អតិថិជននៅឡើយ។ យ៉ាងណា លោកយល់ថា ការកែប្រែការវេចខ្ចប់នេះ មិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនោះទេ ថែមទាំងបញ្ជ្រៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងឡាយ ឱ្យយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញផងដែរ។
សកម្មភាពក្មេងៗ និងពលរដ្ឋនៅក្នុងភូមិ ដើររើសសំរាម។ រូបភាព៖ ក្រសួងបរិស្ថាន
ចំពោះលោក អ៊ឹង កុកឃាំង អនុប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងសំណល់រឹង បានរាយការណ៍ថា ក្រសួងបរិស្ថានកំពុងមានវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគមន៍ជាបន្តបន្ទាប់។ ក្នុងនោះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុបចំនួន ៩,៧លានអង្គ/នាក់ ដែលចាប់ផ្តើមចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ និងគិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ចំណែកយុទ្ធនាការមួយផ្សេងទៀត ហៅថា «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមសរុបចំនួនជាង៥ម៉ឺនអង្គ/នាក់ (៥,៧៥៣៥អង្គ/នាក់) ដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ យុទ្ធនាការទាំងនេះចូលរួមដោយសិស្សានុសិស្ស ព្រះសង្ឃ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ អាជីវករ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាដើម។
លោក អ៊ឹង កុកឃាំង៖ «បន្ទាប់ពីយុទ្ធនាការពីរ យើងមានផែនការសកម្មភាពមួយគឺសម្អាតដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១។ សកម្មភាពនេះមានការគាំទ្រ និងមានគំនិតផ្តួចផ្តើមពីឯកឧត្តមរដ្ឋមន្រ្តីក្នុងការសម្អាតដងផ្លូវជាតិដែលមានរោងចក្រច្រើន ដែលមានផ្លូវជាតិលេខ៣ លេខ៤ ហ្នឹងហើយ ក្នុងគោលបំណងដើម្បីឱ្យក្រុងស្រុកមានភាពស្អាត មិនមានសំរាមសំណល់ប្លាស្ទិករាយប៉ាយ ដើម្បីសម្រេចឱ្យបាននូវគោលដៅសកម្មភាព ហើយលើកឡើងពីទិសដៅការងារអនុវត្តបន្តរបស់ក្រសួងបរិស្ថាន។ ហើយយើងមានរៀបចំឱ្យមានធនាគារប្លាស្ទិកនៅតាមគោលដៅហ្នឹង ក្នុងការរៀបចំឱ្យមានធុងសំរាមដែលយើងទុកដាក់ប្លាស្ទិកនៅតាមសាលាមតេ្តយ្យហ្នឹង ដែលអាចឱ្យគាត់យកទៅលក់នឹងអេតចាយបានចំណូលមកផ្គត់ផ្គង់ខាងក្មេងៗហ្នឹង ហើយនិងទិញសម្ភារៈអីៗ ហើយជំរុញឱ្យមានការកែច្នៃសំណល់ប្លាស្ទិកក្នុងស្រុក។»។
លោក អ៊ឹង កុកឃាំង អនុប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងសំណល់រឹង។ រូបភាព៖ YRDP
សូមជម្រាបថា សំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជាបានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និង កខ្វះខាតចំណេះដឹងក្នុងការញែកសំរាម។ បច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ ១០ លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលប្រជាជនពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២,០០០ ថង់ក្នុងមួយឆ្នាំ។ នេះបើយោងតាមក្រសួងបរិស្ថានឆ្នាំ ២០១៨៕
សកម្មភាពពលរដ្ឋនៅក្នុងភូមិ ដើររើសសំរាម។ រូបភាព៖ ក្រសួងបរិស្ថាន