ភ្នំពេញ៖ តំណាងស្ដ្រីបឹងកក់បានអះអាងថា យុទ្ធនាការ«ថ្ងៃចន្ទពណ៌ខ្មៅ»នឹងផ្អាកមួយសប្ដាហ៍ទៀត ដើម្បីរង់ចាំដំណោះរវាងគណបក្សកាន់ អំណាច និងគណបក្សប្រឆាំង ស្ដីពីការដោះលែងមន្ដ្រីសិទ្ធិមនុស្ស និងមន្ដ្រី គ.ជ.ប ក៏ដូចជាស្ត្រីសកម្មជនដីធ្លីតំបន់បឹងកក់ ឲ្យមានសេរីភាពនៅដើមឆ្នាំ ២០១៧ នេះ។ យ៉ាងណាអ្នកនាំពាក្យបក្សកាន់អំណាចបញ្ជាក់ថា ការដោះលែងមន្ដ្រីសមាគមអាដហុក និងមន្ដ្រី គ.ជ.ប គឺអាស្រ័យទៅលើសំណុំរឿង និងនីតិវិធីរបស់តុលាការដំណើរការចប់សព្វគ្រប់ជាមុនសិន។
ខណៈអនាគតនៃសេរីភាពរបស់មន្ដ្រីការពារសិទ្ធិមនុស្សអាដហុក និងមន្ដ្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាម្ចាស់ជាជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices អ្នកស្រី ទេព វន្នី នៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយនោះ តំណាងស្ដ្រីរងគ្រោះដីធ្លីសហគមន៍បឹងកក់ ដែលតែងតែធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅអស់រយៈពេលជាង ៣០ សប្ដាហ៍កន្លងមកបានអះអាងថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះនឹងផ្អាកមួយសប្ដាហ៍ទៀត ដើម្បីរង់ចាំដំណោះស្រាយរវាងអ្នកនយោបាយនៅឆ្នាំថ្មីនេះ។
អ្នកស្រី បូវ សោភា តំណាងស្ដ្រីរងគ្រោះដីធ្លីសហគមន៍បឹងកក់ បានឲ្យវិទ្យុស្ដ្រីអេហ្វអឹម ១០២ ដឹងនៅថ្ងៃអាទិត្យ ទី០១ មករា នេះថា យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែលគ្រងធ្វើនៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ គឺក្រុមស្ត្រីបឹងកក់មិនធ្វើនោះទេ ព្រោះសង្ឃឹមថា មន្ដ្រីការពារសិទ្ធិមនុស្សអាដហុក និងមន្ដ្រី គ.ជ.ប នឹងត្រូវដោះលែងតាមការអះអាងរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ប៉ុន្ដែអ្នកស្រីបញ្ជាក់ថា បើដល់សប្ដាហ៍ទីពីរនៃខែមករា នៅតែមិនមានសញ្ញាការដោះលែងពួកគាត់ទៀតក្រុមស្ត្រីបឹងកក់នឹងនៅតែបន្ដធ្វើយុទ្ធនា ការថ្ងៃចន្ទពណ៌ខ្មៅបន្ដទៀត។ អ្នកស្រី បូវ សោភា៖«ពួកខ្ញុំនៅតែសង្ឃឹមយ៉ាងមុតមាំទៅលើលោកឧបនាយករដ្ឋមន្ដ្រី ស ខេង ដែលគាត់នឹងអាចផ្ដល់យុត្ដិធម៌ និងសេរីភាពជួនពួកគាត់ទាំង៦នាក់ឲ្យមានសេរីភាព ក្នុងឆ្នាំ២០១៧នេះ ទាំងអស់គ្នាយើងបានដឹងហើយថាគាត់មិនមែនជាជនល្មើសដែលព្រឹត្ដដូចការចោទប្រកាន់ទេ»។
ជាការឆ្លើយតបអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន្ដ បានឲ្យវិទ្យុស្ដ្រីអេហ្វអឹម១០២ ដឹងថា ការដោះលែងមន្ដ្រីការពសិទ្ធិមនុស្សសមាគមអាដហុក និងមន្ដ្រីនៃអគ្គលេខាធិការរង គ.ជ.ប គឺមិនទាន់អាចកំណត់ថាយ៉ាងណានោះទេ ព្រោះតុលាការកំពុងបន្ដនីតិវិធី ហើយមួយ វិញទៀតសំណុំរឿងរបស់អ្នកជាប់ឃុំក៏កំពុងជាប់គាំនៅឡើយ។ លោក សុខ ឥសាន្ដ «រឿងហ្នឹងមិនទាន់អាចថាយ៉ាងណាបានទេ ព្រោះតុលាការនៅដំណើរការនីតិវិធី ហើយសំណុំរឿងលោកខ្លះនៅតុលាការវាជាប់គាំង »។
កាលពីថ្ងៃទី០៧ ធ្នូ ឆ្នាំ ២០១៦ ថ្លែងចំពោះមុខអ្នកសារព័ត៌មាននៅមន្ទីរដ្ឋសភាសម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បន្ទាប់ពីជួបលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក ស ខេង បានថ្លែងថា មន្ត្រីសង្កមស៊ីវិលទាំងនោះអាចនឹងត្រូវដោះលែងឱ្យមានសេរីភាពនៅមុនបំណាច់ខែធ្នូឆ្នាំ២០១៦។ បន្ទាប់ពីមានដំណឹងពីសញ្ញានៃការដោះលែងមន្ដ្រីសិទ្ធិមនុស្សនេះភ្លាម អង្គការសង្គមស៊ីវិលជាច្រើននៅកម្ពុជា បានបង្ហាញក្ដីរីករាយជាខ្លាំង។ ក៏ប៉ុន្ដែរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នេះគេនៅមិនទាន់ទទួលដំណឹងណាមួយ ស្ដីពីការជួបចរចាគ្នារវាងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាដើម្បីដោះស្រាយរឿងអ្នកជាប់ឃុំនៅឡើយនេះទេ។
អ្នកស្រី បូវ សោភា បញ្ជាក់ថា ក្រុមស្ដ្រីបឹងកក់ក្រៅតែពីសង្ឃឹមថា នឹងមានការដោះលែងមន្ដ្រីសិទ្ធិមនុស្សទាំង ៤ រូប និងមន្ត្រី គ.ជ.ប ១ រូប នោះហើយ ក្រុមអ្នកស្រីក៏សង្ឃឹមថា អ្នកនយោបាយនឹងស្រុះស្រួលគ្នាឈានដល់ការដោះលែងអ្នកស្រី ទេព វន្នី ដែលជាតំណាងរបស់ក្រុមអ្នកស្រីឲ្យមានសេរីភាពដូចគ្នា។ តំណាងស្ដ្រីរងគ្រោះដីធ្លីបឹងកក់រូបនេះបញ្ជាក់ថា អ្នកស្រី ទេព វន្នី ជាស្ដ្រីមេម៉ាយកូន ២ និងមានម្ដាយវ័យចំណាស់មួយរូបផងក្នុងបន្ទុកគ្រួសារ។ បន្ទាប់ពីអ្នកស្រី ទេព វន្នី ជាប់ពន្ធនាគារបន្ទុកទាំងអស់ត្រូវបានធ្លាក់ទៅលើម្ដាយវ័យចំណាស់ ខណៈជីវិភាពគ្រួសារកំពុងតែលំបាក។
កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៦ អ្នកស្រី ស៊ី ហៀប ដែលត្រូវជាម្ដាយបង្កើតរបស់អ្នកស្រី ទេព វន្នី បានទៅឈរបង្ហូរទឹកភ្នែកនៅចំពោះមុខសាលា ដំបូងរាជធានីភ្នំពេញ ដោយសុំឲ្យដោះលែងកូនស្រីរបស់ខ្លួនត្រឡប់មកវិញ ដើម្បីឲ្យបានជួបជុំជាមួយកូននឹងរូបគាត់វិញ។
]ទាក់ទិនការចាប់ខ្លួនអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារនេះដែរ គេសង្កេតឃើញអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិយោបល់ដោយបង្ហាញការមិនពេញចិត្ដចំពោះការចាប់ខ្លួន ស្ដ្រីអ្នកតវ៉ារឿងដីធ្លីរូបនេះ។ អ្នកទាំងនោះបានរៀបរាប់ថា ការចាប់ខ្លួនអ្នកស្រី ទេព វន្នី ដាក់គុកម្នាក់ គឺប្រៀបដូចជាដាក់គុកមនុស្សបីនាក់ទៀតដែលជាគ្រួសាររបស់អ្នកស្រី មានដូចជាម្ដាយរបស់អ្នកស្រី ទេព វន្នី និងកូនប្រុសស្រីទាំងពីរដែលប្រឈមនឹងការបោះបង់ការសិក្សា ខណៈម្ដាយកំពុងត្រូវបានឃុំខ្លួន។
អ្នកស្រី ទេព វន្នី កាលពីពេលកន្លងទៅនេះ ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនា គាររយៈពេល ៦ខែ និង ៦ ថ្ងៃក្នុងរឿងក្ដីពីរដាច់ដោយឡែកពីគ្នា។ បទចោទទាំងនោះរួមមាន បទជេរប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ និងរឿងក្ដីមួយទៀត គឺការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលទាមទារឲ្យដោះលែងមន្ដ្រីការពារសិទ្ធិមនុស្សអាដហុកចំនួន ៤រូប និងអគ្គលេខាធិការរង គ.ជ.ប ១រូប។
ចំណែកមន្ដ្រីការពារសិទ្ធិមនុស្សអាដហុក ៤ រូប និងមន្ដ្រី គ.ជ.ប ១ រូបដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនា គារតាំងពីខែឧសភា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នេះ គឺស្ថិតក្រោមបទចោទសូកប៉ាន់សាក្សី និង សមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេសង្ស័យថា អ្នកនាងមានស្នេហាលួចលាក់ជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
មន្ដ្រីការពារសិទ្ធិមនុស្សអាដហុកទាំង ៤ រូបនោះមានលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន នឹងលោកស្រី លឹម មុនី្ន ចំណែកអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺលោក នី ចរិយា៕