loader

មេធាវីអន្ដរជាតិការពារលោកសមរង្ស៊ីប្រកាសតតាំងក្ដីនឹងនាយករដ្ឋមន្ត្រីករណីលោកហុកឡងឌី

សម្ដេចហ៊ុនសែន បានឈ្នះលោកសមរង្ស៊ីជាច្រើនសំណុំរឿងដែលលោកបានប្ដឹង លោកសមរង្ស៊ីនៅឯតុលាការកម្ពុជា។ពេលនេះសមេ្ដចហ៊ុនសែននិងកូនប្រុសរបស់លោកហុកឡុងឌីដែលជាកូនប្រសាររបស់សម្ដេចបានឱ្យមេធាវីរៀបចំពាក្យបណ្ដឹងទៅតុលាការបារាំងដើម្បីធ្វើការតតាំងក្ដីនៅទីនោះ។ បណ្ដឹងលើកនេះ គឺប្ដឹងលោកសមរង្ស៊ីពីបទបរិហារកេរ្តិ៍ព្រោះលោកសមរង្ស៊ី ចោទថាមរណភាពលោកហុង​ឡង់​ឌីពាក់ព័ន្ធនឹងសម្ដេចហ៊ុនសែន។តែមេធាវីអន្ដរជាតិរបស់លោកសមរង្ស៊ីនៅថ្ងៃនេះបានចេញសេចក្ដីថ្លែងការណ៍ថាខ្លួនមាន ភស្ដុតាង ក្នុងដៃរួចរាល់ហើយ។

កញ្ញា ឆោមពៅនិកា រាយការណ៍ព័ត៌មាននេះ៖

សេចក្ដីថ្លែងការណ៍របស់សហមេធាវីអន្ដរជាតិលោកសមរង្ស៊ីត្រូវបានលោកសមរង្ស៊ីយកមកបង្ហោះឱ្យដឹងជាសាធារណៈនៅថ្ងៃ២៣សីហាឆ្នាំ២០១៩នេះ។សេចក្ដីថ្លែងការណ៍នោះមានចំណងជើងថា លោកសមរង្ស៊ីស្វាគមន៍បណ្ដឹងបរិហារកេរ្ដិ៍របស់សម្ដេចហ៊ុនសែននៅតុលាការបារាំង។

សេចក្ដីផ្ដើមនៃសេចក្ដីថ្លែងការណ៍នោះហាក់បង្ហាញថាចុងចោទមានការពេញចិត្តជាខ្លាំងចំពោះដំណឹងប្ដឹងនេះ។

សេចក្ដីដើមទាំងស្រុងនៃកថាខណ្ឌដំបូងនៃសេចក្ដីថ្លែងការណ៍នោះរៀបរាប់ថា នៅថ្ងៃទី២០សីហាឆ្នាំ២០១៩ លោកហ៊ុនសែននាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំបណ្ដឹងប្ដឹងលោកសមរង្ស៊ីនៅមុខតុលាការបារាំង។លោកសមរង្ស៊ីគឺជាអ្នកនយោបាយនិរទេសខ្លួននៃគណបក្សប្រឆាំងមួយនៅកម្ពុជា។ លោកសមរង្ស៊ីប្រកាសស្វាគមន៍ការប្ដឹងនេះនិងរង់ចាំយ៉ាងអន្ទះអន្ទែងក្នុងការបង្ហាញការពិតជូនតុលាការឯករាជ្យបារាំង។

មានការរៀបរាប់សារជាថ្មីដោយមេធាវីអន្ដរជាតិនោះថា សម្ដេចហ៊ុនសែនប្ដឹងលោកសមរង្ស៊ីដែលធ្វើឱ្យប៉ះពាល់កិត្តិយរបស់លោកពីការចោទប្រកាន់ជាសាធារណថាលោកជាអ្នករៀបផែនការទុកជាមុនសម្លាប់លោកហុកឡុងឌីដែលជាអគ្គស្នងការនគរបាលជាតិកម្ពុជានិងលោកជាវិជ្ជាដែលជាមេដឹកនាំសហភាពការងារសេរីកម្ពុជានៅឆ្នាំ២០០៨ និង ២០០៤រៀងគ្នា។ តាមច្បាប់បារាំង  ការពិតគឺជាការការពារលើការបរិហារកេរ្ដិ៍ហើយលោកសមរង្ស៊ីចង់ឱ្យមានបង្ហាញការពិតនៃសេចក្ដីថ្លែងការណ៍ជាសាធារណៈ។

មេធាវីលោកសមរង្ស៊ីពីររូបនោះមានឈ្មោះថា Richard J rogers និង កញ្ញា Jessica Fineella។

ពួកគេទាំងពីរបង្ហាញជំនឿជាក់ថា កូនក្ដីខ្លួន លោកសមរង្ស៊ីនឹងបង្ហាញភស្ដុតាងអំពី កំណត់ត្រាសិទ្ធិមនុស្សយ៉ាងអាក្រក់របស់សម្ដេចហ៊ុនសែន ឬ មនុស្សអាក្រក់មួយចំនួននៅកម្ពុជា់ ដែលត្រូវបានសរុបរួមមកដោយអង្គការhuman Rights Watch ក្នុងរបាយការណ៍របស់ខ្លួនកាលពីឆ្នាំ២០១៨ ។

របាយការណ៍ដដែលនោះបានចុះផ្សាយសម្ដីលោកសមរង្ស៊ីថា អំឡុងពេលសម្ដេចហ៊ុនសែនស្ថិតក្នុងអំណាច អ្នកប្រឆាំងរាប់រយនាក់ ក្នុងនោះមានអ្នកកាសែត មេដឹកនាំសហជីព និង មនុស្សដទៃទៀតត្រូវបានសម្លាប់ដោយហេតុផលនយោបាយ។ បើទោះបីជាមានករណីជាច្រើនមានការចេញមុខទទួលខុសត្រូវក៏ដោយគឺគ្មានសូម្បីតែមួយករណីដែលត្រូវបានធ្វើការស៊ើបអង្កេត និង កាត់ទោសបានដោយទុកចិត្តនោះទេ ក្រៅពីការផ្ដន្ទាទោសធម្មតាៗ។ករណីខ្លះទៀត ឃាតករឬអ្នករងកំហុសអ្នកដទៃត្រូវបានកាត់ទោស តែដោយឡែកមេខ្លោតធំៗត្រូវបានទុកចោលមិនពាក់ព័ន្ធ។

ភស្ដុតាងផ្សេងទៀតត្រូវបានសេចក្ដីថ្លែងការណ៍របស់ពួកគេបង្ហាញថាក៏មានក្នុងដៃរួចដែរ នោះគឺបានមកពីអ្នកជំនាញ និងអង្គការឯករាជ្យនានា ដោយគ្រាន់តែពួកគេបង្ហើបត្រឹមតែយ៉ាងដូច្នេះនិងលាក់មិនប្រាប់ឈ្មោះ ឬ​ព័ត៌មានលម្អិតផ្សេងទៀតនោះទេ។

ព្រោះសំណុំរឿងនោះនឹងហោះកាន់ប្រទេសបារាំង តាមរយៈសញ្ញាតបរបស់សម្ដេចហ៊ុនសែនលើការបើកឱ្យប្រតិបត្តិនីតិវិធីនេះ មេធាវីទាំងពីរបានស្រង់សម្ដីថ្លែងការណ៍មុនៗរបស់កូនក្ដីខ្លួន ក្នុងទំនុកថាតុលាការស្រុកខ្មែរមិនគួរឱ្យទុកចិត្តបាន ដោយសម្អាងលើសម្ដីលោកសមរង្ស៊ីថាលោកហ៊ុនសែនបានសំលៀងប្រព័ន្ធច្បាប់ស្រុកខ្មែរឱ្យជាឧបករណ៍ធ្វើទុក្ខបុកម្នេញដល់សកម្មជនសិទ្ធិមនុស្ស តួប្រឆាំង រួមទាំងរូបលោក។

ស្របជាមួយនឹងការត្រៀមបង្ហាញរបាយការណ៍របស់អង្គការលើកលែងទោសអន្ដរជាតិ ដែលថារបបលោកហ៊ុនសែនបានផ្ដន្ទាទោសសកម្មជននយោបាយច្រើនរូបដោយចោទប្រកាន់គ្មានភាពរឹងមាំ តាមរយៈការចាប់ខ្លួន ការជំនុំជម្រះរាល់ព្រឹត្តិការណ៍នយោបាយសំខាន់ៗមកដល់។

មេធាវី រីឆាត គឺជាអ្នកជំនាញសិទ្ធិមនុស្សអន្ដរជាតិ និង ច្បាប់ព្រហ្មទណ្ឌអន្ដរជាតិ​លោកធ្លាប់ធ្វើការជាមន្រ្ដីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិលើឧក្រិដ្ឋកម្មសង្គ្រាម សិទ្ធិមនុស្ស និងជាអ្នកកំណែទម្រង់ច្បាប់។នៅក្នុងឆ្នាំ២០១៦ រីឆាត ធ្លាប់មកកម្ពុជាធ្វើជាមេធាវីការពារក្តីនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា សាលាក្ដីខ្មែរក្រហម។

ដោយឡែក ចំពោះ កញ្ញា Jessica Finelle គឺជាមេធាវីបារាំងផ្នែកសិទ្ធិមនុស្ស និង ព្រហ្មទណ្ឌដែលជាដៃគូរបស់ Zimeray & Finelle ។

យ៉ាង​វិទ្យុស្ត្រី បានសុំការឆ្លើយតបពី លោកគីតីច មេធាវីតំណាង សម្ដេចហ៊ុនសែន ជុំវិញសេចក្ដី​ថ្លែង​ការ​ណ៍​របស់មេធាវីការពារក្ដីលោកសមរង្ស៊ី តែ លោកគីតិច សុំមិនឆ្លើយតាមទូរស័ព្ទទេ។

យ៉ាណា  មេធាវីការពារក្ដី ជូនសម្ដេចហ៊ុនសែន ក៏មានមេធាវីអន្តរជាតិ ដែរ គឺមានបីរូប។

ជាមួយគ្នានេះ ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកក្នុងឆ្នាំ១៩៩៧ ដែលធ្វើឱ្យស្លាប់មនុស្ស១៥នាក់មានទាំងអង្គរក្សលោកសមរង្ស៊ី និង របួសមនុស្ស១៥០នាក់ ក៏ជាសំណុំរឿងដែលរដ្ឋអាជ្ញាបារាំងកំពុងធ្វើ ការស៊ើបអង្កេតផងដែរ។នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់មេធាវីទាំងពីររូបរបស់លោកសមរង្ស៊ី។

តែគេមិនអាចដឹងបានទេថា សំណុំរឿងតតាំងក្ដីរវាងអ្នកនយោបាយខ្មែរទាំងពីរ រូបលើទឹកដីនៃប្រទេសធ្លាប់ជាម្ចាស់អាណានិគមកម្ពុជានេះនឹងធ្វើឡើងយ៉ាងយូរពេលណានោះទេ ព្រោះលោកសមរង្ស៊ីបានប្រកាសថាលោកនឹងធ្វើ មាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញចំទិវាឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំ២០១៩៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ទីប្រឹក្សាសម្ដេច ហ៊ុន សែន​ថាលោក សម រង្ស៊ី ដើរតាមនយោបាយអាមេរិក បំផ្លាញកម្ពុជាលំនាំដូចលោក កឹម សុខា

ភ្នំពេញ៖ ទីប្រឹក្សាផ្ទាល់របស់សម្ដេច នាយករដ្ឋម[...]

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ភ្នំពេញ៖ ឯក​អគ្គរដ្ឋ​ទូត​ថ្មីសហរដ្ឋអាមេរិក​​ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត