នៅថ្ងៃទី២៩ ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញ បើកសវនការលើអង្គសេចក្ដីករណីលោក នី ណាក់ ដែលជាសកម្មជនសង្គម ត្រូវបានតុលាការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ហើយបទចោទនេះ ត្រូវបានមេធាវីដើមបណ្ដឹង ទាមទារលុយជំងឺចិត្តចំនួន ២,០០០លានរៀល។ ក៏ប៉ុន្តែមេធាវីការពារសិទ្ធិឱ្យលោក នី ណាក់ នៅតែអះអាងថា កូនក្ដីរបស់ខ្លួន មិនបាននិយាយបរិហារកេរ្តិ៍ ដូចការចោទប្រកាន់របស់តុលាការឡើយ។ កញ្ញា កែវ សុជាតា រាយការណ៍
មុនបើកសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនេះ លោក នី ណាក់ ត្រូវបានតុលាការកំពូលសម្រេចច្រានចោលសំណើនៅក្រៅឃុំរបស់សកម្មជនសង្គមរូបនេះ ដែលត្រូវបានភ្ជាប់លក្ខខណ្ឌឱ្យលោក នី ណាក់ បញ្ឈប់សកម្មភាពបង្ហោះសារដែលមានលក្ខណៈញុះញង់នៅលើទំព័រហ្វេសប៊ុករបស់លោកទៀត។
លោក នី ណាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ ក្រោមបទចោទ «ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង» ដែលប្តឹងដោយរដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើហ្វេសប៊ុក រឿងការផ្ទេរដីព្រៃមួយកន្លែងនៅខេត្តកំពត ឱ្យទៅបុគ្គលឈ្មោះ ហេង សួរ ដែលមានឈ្មោះដូចលោករដ្ឋមន្ត្រីក្រសួងការងារ អំឡុងខែ ខែធ្នូ ឆ្នាំ ២០២៣។
មេធាវីការពារសិទ្ធិឱ្យលោក នី ណាក់ គឺលោក ជូង ជូងី ប្រាប់វិទ្យុស្ដ្រីនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដាថា សាលាដំបូង បានបើកសវនការក្នុងរឿងអង្គសេចក្ដីលើករណីលោក នី ណាក់នេះឡើង តាមបណ្ដឹងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងអង្គសវនាការនេះ លោកថា តុលាការបានចោទប្រកាន់លោក នី ណាក់ ពីបទ «មិនរាងចាល ក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង» ដែលបទចោទនេះ ត្រូវបានមេធាវីរបស់លោក ហេង សួរ ទាមទារលុយជំងឺចិត្តចំនួន ២,០០០លានរៀល។
លោក ជូង ជូងី ៖ «ខ្ញុំជាមេធាវីការពារសិទ្ធិឱ្យលោក នី ណាក់ ឃើញថាអ្វីដែលលោក នី ណាក់ ចុះផ្សាយនៅក្នុងហ្វេសប៊ុករបស់គាត់នោះ មិនមែនជាបទបរិហារកេរ្តិ៍ ហើយក៏មិនមែនជាការញុះញង់ដែរ ប៉ុន្តែអ្នកដែលខំមិន (អ្នកផ្ដល់យោបល់)ទេដែលជេរប្រមាថលើឯកឧត្តម ហេង សួរ នោះ។ ដូច្នេះខ្ញុំជាមេធាវី ខ្ញុំយល់ថាមិនគួរយកអ្នកដែលខំមិនជេរប្រមាជឯកឧត្តម ហេង សួរ មកដាក់បន្ទុកលើលោក នី ណាក់ ទេ ពីព្រោះលោក នី ណាក់ ពាក្យពេចន៍ដែលគាត់បង្ហោះនៅលើហ្វេសប៊ុករបស់គាត់ មិនមែនជាពាក្យជាជេរប្រមាជ មិនមែនជាពាក្យបរិហារកេរ្តិ៍ ហើយក៏មិនមែនជាពាក្យញុះញង់ដែរ ប៉ុន្តែអ្នកដែលខំមិនទេដែលជេរប្រមាថទៅលើឯកឧត្តម ហេង សួរ នោះ»។
បើតាមមេធាវីរូបនេះ ចំពោះសវនាការនេះដែរ នៅមិនទាន់មានលទ្ធផលសម្រេចអ្វីទេ ដូច្នេះត្រូវរង់ចាំរហូតដល់ចុងខែសីហា ទើបសាលាដំបូងរាជធានីភ្នំពេញ នឹងសម្រេចអង្គសេចក្ដីលើករណីលោក នី ណាក់ ថា ត្រូវមានទោសយ៉ាងណា ឬគ្មានទោសយ៉ាងណា។
ចំណែកភរិយារបស់លោក នី ណាក់ គឺអ្នកស្រី សុខ ស៊ីណែត នៅតែអះអាងថា ការចោទប្រកាន់របស់តុលាការ មកលើស្វាមីរបស់ខ្លួនថាជារឿងអយុត្តិធម៌ ពីព្រោះស្វាមីអ្នកស្រី គ្រាន់តែអនុវត្តសិទ្ធិសេរីភាពក្នុងបញ្ចេញមតិប៉ុណ្ណោះ។
អ្នកស្រី សុខ ស៊ីណែត ៖ «ខ្ញុំមានតែទទូចឱ្យតុលាការគាត់ដោះលែងប្ដីខ្ញុំទៅ ប្ដីខ្ញុំគាត់គ្មានកំហុសនោះទេអ្វីដែលគាត់បញ្ចេញទស្សនៈនៅលើបណ្ដាញសង្គម វាជាទស្សនៈផ្ទាល់ខ្លួនរបស់គាត់។ ហើយគាត់គ្មានចេតនាទុច្ចរិតណាមួយ ដើម្បីថាទៅញុះញង់ ឫក៏បង្កឱ្យមានការរើសអើងដូចពាក្យចោទប្រកាន់នោះទេ»។
ជុំវិញរឿងនេះ លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក បញ្ជាក់ថា ការបង្ហោះសារ និងការនិយាយរបស់លោក នី ណាក់ នៅលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងរឿងដីមួយកន្លែង គឺលោកមិនដឹងថាជាការពិត ឬមិនពិតនោះទេ ពីព្រោះសមត្ថកិច្ចមិនបានធ្វើការស្រាវជ្រាវនៅអ្វីដែលលោក នី ណាក់ បានផ្សព្វផ្សាយក្នុងបណ្ដាញសង្គមរបស់លោក។ ម្យ៉ាងវិញទៀត លោកថា ប្រសិនជារសិនះ នី ណាក់ ោកថា វិញយប៉ះពាក់់ុងទើបសាលាដំបូងរាជធានីភ្នំពេញ នឹងសម្រេចអង្គសេចក្ដីថាមានទោសការនិយាយបញ្ចេញមតិនេះ មិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាល ឬក៏បុគ្គលដែលបានប្ដឹងសកម្មជនសង្គមរូបនេះទេ តុលាការគួរតែដោះលែងលោក នី ណាក់ ឱ្យមានសេរីភាពឡើងវិញ។
លោក យី សុខសាន្ត ៖ «អញ្ចឹងបើសិនមាន ឬមិនមាន គួរតែមានលទ្ធផលមកឱ្យគាត់វិញ ហើយបង្ហាញដាក់បន្ទុកមកឱ្យគាត់បាន ពេលខ្លះយើងមើលឃើញនៅពេលគាត់មានបណ្ដឹងបរិហារកេរ្តិ៍ ស្រាប់តែប៉ូលីសចាប់តែម្ដង អត់បានស្រាវជ្រាវថាតើអ្វីដែលគាត់និយាយហ្នឹងថាពិត ឬមិនពិត?។ ចំណុចហ្នឹងដែលយើងមើលឃើញថា អ្វីដែលគាត់និយាយនេះ វាពាក់ព័ន្ធជាមួយនឹងមន្ត្រីសាធារណៈ ហើយមន្ត្រីសាធារណៈធម្មតាទេកាលណាគាត់ជាអ្នកអនុវត្ត វាត្រូវតែមានការរិះគន់ពីប្រជាពលរដ្ឋជាមិនខានទេ ប៉ុន្តែគួរតែពិចារណាតើការនិយាយរបស់គាត់ហ្នឹង វាត្រឹមត្រូវ ឬមួយមិនត្រឹមត្រូវ? ប្រសិនជាត្រឹមត្រូវគួរតែពិចារណាទៅកាន់ពួកគាត់ដែរ ប្រសិនជាមិនត្រឹមត្រូវ គាត់អាចកែតម្រូវដោយការសុំទោសបាន»។
កាលពីឆ្នាំ២០២១ លោក នី ណាក់ ជាសកម្មជនសង្គម ដែលតែងតែរិះគន់រាជរដ្ឋាភិបាល លើវិស័យកសិកម្ម ធ្លាប់ជាប់ឃុំខ្លួននៅពន្ធនាគារអស់រយៈ ១៨ខែ ពីបទ «ជេរប្រមាថជាសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ទាក់ទងនឹងការសរសេរសារបង្ហោះហ្វេសប៊ុកប្រមាថអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន និងអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន។
ក្រោយពីអនុវត្តទោសរួចមក កាលពីថ្ងៃទី១២កញ្ញា២០២៣ លោក នី ណាក់ ត្រូវបានក្រុមជនល្មើស ៣ទៅ៤នាក់ជាបុរសវាយដំរូបលោកនឹងដំបង និងព្យាយាមដោះមួកសុវត្ថិភាព វាយតម្រង់រកក្បាល ខណៈដែលលោកកំពុងធ្វើដំណើរដោយម៉ូតូត្រង់ចំណុចឃ្លាំងដែកមួយកន្លែង នៅម្តុំវត្តព្រែកប្រា។
នៅដើមឆ្នាំ២០២៤នេះ លោក នី ណាក់ ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោកជាលើកទី២ ពីបទ «មិនរាងចាល ក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង» ក្រោមបណ្ដឹងរបស់លោក ហេង សួរ ដែលជារដ្ឋមន្ត្រីក្រសួងការងារ ពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងកាត់ដីនៅខេត្តកំពត ឱ្យទៅបុគ្គលឈ្មោះ ហេង សួរ ដែលប្រព្រឹត្តកាលពីខែធ្នូ ឆ្នាំ២០២៣៕
អត្ថបទដោយ កញ្ញា ជា សុខនី