សារព័ត៌មានវៀតណាម Vietnam news បានចុះផ្សាយថា មេដឹកនាំបណ្ដាប្រទេសមួយចំនួន បានបញ្ជូនសារបន្ដបន្ទាប់អបអរសាទរលោក ង្វៀន ភូជុង បានចូលកាន់តំណែងជាប្រធានាធិបតីថ្មី នៃសារធារណរដ្ឋសង្គមនិយមវៀតណាម។ លិខិតអបអរសាទររបស់មេដឹកនាំទាំងនោះ មានទាំងព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្ដម សីហមុនី ប្រធានាធិបតីសិង្ហបុរី នាយករដ្ឋមន្ដ្រីសិង្ហបុរី ប្រធានាធិបតី អ៊ុយក្រែន ព្រះមហាក្សត្រ ប្រទេស ម៉ារ៉ុក ប្រធានាធិបតី អ៊ីរ៉ង់ ប្រធានាធិបតី ប៉ាណាម៉ា អគ្គលេខាធិការបក្សកុំម្មុយនីសបារាំង ព្រមទាំងឯកអគ្គរដ្ឋទូត ប្រទេស ឆីលី អាមេរិក អង់គ្លេស ប្រេស៊ីល ក៏បានផ្ញើសារអបអរសាទលោក ង្វៀន ភូជុង ផងដែរ។
សារលិខិត និងព្រះរាជសាររបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រនៃប្រទេសទាំងនោះ មានខ្លឹមសារប្រហាក់ប្រហែលគ្នា ដោយជូនពរឲ្យលោក ង្វៀន ភូជុង ប្រកបដោយសុខភាពល្អ និងសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងនោះជាមួយវៀតណាម នៅបន្ដរឹងមាំថែមទៀត។
សូមជម្រាបថា លោក ង្វៀន ភូជុង ត្រូវបានសភាប្រជាជនវៀតណាម ជ្រើសតាំងចូលកាន់តំណែងប្រធានាធិបតី ទី ១៤ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ តុលា ជំនួសលោក ត្រាំង ដាយក័ង ដែលបានធ្វើមរណកាល។ លោក ង្វៀន ភូជុង នៅមានមុខតំណែងមួយទៀត ដ៏ធំនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនោះ គឺអគ្គលេខាធិការបក្សកុំម្មុយនីសវៀតណាម។
អ្នកសង្កេតការណ៍មើលឃើញថា លោក ង្វៀន ភូជុង ដែលកាន់តំណែងអគ្គលេខាធិការបក្សផង និងប្រធានាធិបតីផង ក្នុងពេលតែមួយ គឺជាការផ្លាស់ប្ដូរភូមិសាស្ដ្រនយោបាយមួយ នៃប្រទេសសង្គមនិយមមួយនេះ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលពីមុនតំណែងប្រធានាធិបតី ឬប្រមុខរដ្ឋ គ្រាន់តែជាពិធីការរបស់រដ្ឋតែប៉ុណ្ណោះ។ សម្រាប់លោក ង្វៀន ភូជុង នៅពេលនេះ គឺជាអគ្គលេខាធិការបក្ស ដ៏មានអំណាចបំផុត៕