
ប្រធានាធិបតីតៃវ៉ាន់ និងចិន គ្រោងនឹងជួបគ្នាជាលើកដំបូង ចាប់តាំងពីសង្គ្រាមស៊ីវិលប្រទេសចិនបានបែងចែកប្រទេសជា ២ ភាគី ក្នុងឆ្នាំ ១៩៤៩
ប្រធានាធិបតីតៃវ៉ាន់ លោក ម៉ា យិងចូ (Ma Ying-jeou) គ្រោងនឹងជួបប្រជុំជាមួយសមភាគីរបស់លោក គឺលោក ស៊ី ជិនភិង
(Xi Jinping) នៅក្នុងប្រទេសសឹង្ហបុរី នាថ្ងៃអាទិត្យនេះ ដែលនេះជាការជួបប្រជុំលើកទីមួយ រវាងមេដឹកនាំទាំងពីរ បន្ទាប់ពីការបញ្ចប់សង្គ្រាមស៊ីវិលក្នុងឆ្នាំ ១៩៤៩។
បើយោងតាមអ្នកនាំពាក្យរបស់លោកប្រធានាធិបតី ម៉ា គឺលោក ឆាលេស ឈេន (Charles Chen) បានប្រាប់ឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រធានាធីបតីទាំងពីរនឹងផ្លាស់ប្ដូរនូវទស្សនៈគ្នាស្ដីពី បញ្ហាការឆ្លងតាមច្រកសមុទ្រ ដែលនឹងសំដៅលើការបែងចែកនូវការលាតសន្ធឹងដែនទឹករវាងប្រទេសចិនដីគោក និងកោះតៃវ៉ាន់។
គាត់បាននិយាយបន្ថែមថា គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីធានានូវសន្តិភាពតាមច្រកសមុទ្រ ប៉ុន្តែក៏នឹងមិនមានកិច្ចព្រងព្រៀងណាមួយនឹងត្រូវចុះហត្ថលេខាដែរ។
កិច្ចប្រជុំដែលគួរឱ្យភ្ញាក់ផ្អើលធ្វើទៅតាមការកើនឡើងបន្តិចម្ដងៗនៃទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ចាប់តាំងពីលោក ម៉ា
នៃបក្សគួមិនតាំង (KMT) បានកាន់អំណាចក្នុងឆ្នាំ ២០០៨។
គណបក្សប្រឆាំងធំរបស់តៃវ៉ាន់គឺ គណបក្សអភិវឌ្ឍប្រជាធិបតេយ្យ (DPP) បានប្រាប់ទៅលោកប្រធានាធិបតី ម៉ា ថាឱ្យកាត់បន្ថយនូវក្ដីកង្វល់របស់ប្រជាជនចំពោះកិច្ចប្រជុំដែលបានគ្រោងទុកនោះ ហើយធានាចំពោះប្រជាជនថាវានឹងមិនប៉ះពាល់ដល់ស្ថានភាពរបស់កោះតៃវ៉ាន់ទេ។
អគ្គលេខាធិការបស់គណបក្ស DPP គឺលោក ចូសេហ្វ វូ (Joseph Wu) បាននិយាយប្រាប់សារព័ត៌មាន Reuters ថា បរាជ័យក្នុងការផ្ដល់ដំណឹងដល់មេដឹកនាំសភាសំខាន់ៗនៅក្នុងកោះតៃវ៉ាន់ អំពីកិច្ចប្រជុំដែលធ្វើក្នុងប្រទេសសឹង្ហបុរី មានន័យថាវាមិនបានបំពេញទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ឬក៏តម្លាភាពឡើយ។
ការជុំរុញឲ្យទំនាក់ទំនងកាន់តែមានភាពប្រសើរឡើង
ទីក្រុងប៉េកាំងនៅតែចាត់ទុកកោះតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន បើទោះជាសមភាគីទាំងពីរ បានបែងចែកការត្រួតត្រារៀងខ្លួនចាប់តាំងពីមេដឹកនាំជាតិនិយម លោក ចាង ខៃជៀក (Chiang Kai-shek) និងកងកម្លាំងបក្ស KMT របស់លោកបានរត់ចេញទៅកាន់កោះតៃវ៉ាន់ ក្រោយពីចាញ់សង្គ្រាមស៊ីវិល កុំមុយនីសរបស់លោក ម៉ៅ សេទុង (Mao Zedong)។
ប្រធានក្រុមប្រឹក្សាកំពូលក្នុងការសម្រេចចិត្តលើគោលនយោបាយចិន និងក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់ បានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធម្សិលមិញនេះ ដែលសេចក្ដីលម្អិតបានចេញផ្សាយពីចំណុចសំខាន់នៃកិច្ចប្រជុំ។ លើសពីនេះលោកប្រធានាធិបតី ម៉ា ក៏បានបញ្ជាក់ថានឹងមានសន្និសីទសារព័ត៌មានអន្តរជាតិមួយនៅថ្ងៃព្រហស្បតិ៍នេះផងដែរ។
លោក ចូស អ៊ឺនេស (Josh Earnest) អ្នកនាំពាក្យសេតវិមានរបស់សហរដ្ឋអាមេរិក បានផ្ដល់នូវការស្វាគមន៍យ៉ាងប្រុងប្រយ័ត្នចំពោះកិច្ចប្រជុំនេះថា៖ «យើងពិតជាស្វាគមន៍ចំពោះភាគីទាំងពីរដែលបានយកបញ្ហាច្រកសមុទ្រតៃវ៉ាន់មកពិភាក្សា ដើម្បី កាត់បន្ថយនូវភាពតានតឹង ព្រមទាំងពង្រឹងទំនាក់ទំនងតាមច្រកសមុទ្រឱ្យកាន់តែប្រសើរឡើង។ ប៉ុន្តែយើងនឹងចាំមើលថាអ្វីនឹងកើតឡើងបន្ទាប់ពីកិច្ចប្រជុំនេះ»។
សេចក្ដីប្រកាសកាលពីថ្ងៃអង្គារ មិនត្រូវបានរំពឹងទុកទេ ក្រោយពីក្ដីសង្ឃឹមរបស់លោក ម៉ា សម្រាប់កិច្ចប្រជុំ ជាមួយលោក ស៊ី ត្រូវបានបាត់បង់ពីមុនមក ថ្វីបើទំនាក់ទំនងមានការកើនឡើង៕
ប្រែសម្រួលដោយ៖ សេង វិបុល / ប្រភព៖ Aljazeera