លោក ស៊ិន ស៊ូអាបេ កាលពីថ្ងៃព្រហស្បត្តិ៍បានទៅដល់ប្រទេសគុយបា ដែលជារដ្ឋកុំមុយ នីស្ដមួយ នៃទ្វីបអាមេរិកឡាទីន គឺជាលើកដំបូង ក្នុងឋានៈជានាយករដ្ឋមន្ដ្រីជប៉ុន ដើម្បីបើកទំនាក់ទំនងជាប្រវត្តិសាស្ដ្រថ្មី រវាងប្រទេសទាំងពីរ។
តាមបណ្ដាយផ្សាយព័ត៌មាន Channel News Asia លោក អាបេ បានជួបជាមួយប្រធានាធិបតីគុយបា លោក Raul Castro។
លោក អាបេ បានផ្ដល់បទសម្ភាសន៍ ជាមួយសារព័ត៌មានបក្សកុំមុយនីស្ដគុយបា ដែលលោក មានប្រសាសន៍ដូចនេះថា ៖«ខ្ញុំសូមសម្ដែងក្ដីសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ទស្សនកិច្ចរបស់ខ្ញុំនៅទីនេះ និងប្រែក្លាយជាឱកាសមួយ ដើម្បីបើកទំព័រថ្មីពីទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ»។
ដំណើរទស្សនកិច្ចនៃប្រទេសសេដ្ឋកិច្ច មហាអំណាចទី៣របស់ពិភពលោក ត្រូវបានគេមើលឃើញថា មេដឹកនាំជប៉ុនរូបនេះបានអំពាវនាវ ឱ្យមានការពិភាក្សាដោយចំហ ធ្វើយ៉ាងណាអោយអ្នកវិនិយោគទុនជប៉ុន បានមកដាក់ទុនរកស៊ីដោយការប្រកួតប្រជែងគ្នាដោយសេរី។
តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា លោក អាបេ និងភរិយា ទទួលបានការស្វាគមន៍ដោយក្បួនកងទ័ពនៅឯរាជវាំងនៅទីក្រុង ឡាហាវាន់ ដែលនៅទីនោះ លោកប្រធាននាធិបតី Raul Castro បានចេញមកស្វាគមន៍លោកអាបេដោយភាពរីករាយ ។
សូមរម្លឹកថា ទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីជប៉ុន ធ្វើឡើងបន្ទាប់ពីអាមេរិក ដែលជាមហាមិត្តរបស់ជប៉ុន បានសម្រេចភ្ជាប់ទំនាក់ទំនងជាមួយគុយបាឡើងវិញដែលជាផ្នែកមួយ នៃការបញ្ចប់អរិយភាព ជាង៥០ឆ្នាំ រវាងប្រទេសទាំងពីរ (អាមេរិក និងគុយបា)៕ប្រភព CNA