កូរ៉េខាងជើង៖ មេដឹកនាំវ័យក្មេងនៃប្រទេសកូរ៉េខាងជើង លោក គឹម ជុងអ៊ុន បានអះអាថា អ្នកវិទ្យាសាស្ត្ររបស់លោកបានធ្វើឱ្យជឿនលឿនក្បាលគ្រាប់អាវុធនុយក្លេអ៊ែរ ដែលអាចភ្ជាប់នឹងកាំជ្រួចបាញ់រំលងទ្វីប។
បណ្ដាញផ្សាយព័ត៌មាន កូរ៉េខាងជើង បានស្រង់សម្ដីលោក គឹម ជុងអ៊ុន ជាលើកដំបូង ដែលបាននិយាយដោយផ្ទាល់ទាក់ទិននឹងរឿងនេះ។ តែបែបនេះក្ដី អ្នកជំនាញមួយចំនួន នៅមិនទាន់ជឿថា សមត្ថភាពរបស់ក្រុងព្យុងយ៉ាងអាចធ្វើបានដូចនេះទេ។ រដ្ឋឯកោមួយនេះ បានបង្កើនល្បឿនផលិតអាវុធនុយក្លេអ៊ែរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចាប់តាំងពី ប្រទេសនេះទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ ដែលអាមេរិកនាំមុខ។
ទីភ្នាក់ងារសារព័ត៌មាន មជ្ឈឹមកូរ៉េ បានស្រង់សម្ដីលោក គីម មកចុះផ្សាយនៅថ្ងៃនេះថា ក្បាលគ្រាប់អាវុធនុយក្លេអ៊ែរ គឺមានស្ដង់ដារដោយវាអាចដាក់ភ្ជាប់នឹងគ្រាប់កាំជ្រួច បាញ់រលងទ្វីប ដែលគេថាជាគ្រប់នុយក្លេអ៊ែរពិតៗ និងគួររន្ធត់ទៀតផង ព្រោះវាមានផ្ទុក សារធាតុដូចគ្រាប់បែកអ៊ីដ្រូហ្សែន។
ការបង្ហាញមោទនភាពរបស់មេដឹកនាំក្រុងព្យុងយ៉ាងធ្វើឡើងស្របពេលមេដឹកនាំ វ័យក្មេងរូបនេះ ព្រមានថានឹងផ្ទុះសង្គ្រាម ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូង នៅតែបន្តធ្វើសមយុទ្ធយោធាលើឧបទ្វីបកូរ៉េទៀតនោះ។ តាមព័ត៌មាន អាមេរិក និងកូរ៉េខាងត្បូង នឹង ធ្វើសមយុទ្ធប្រចាំឆ្នាំជាថ្មីទៀត នៅសប្ដាហ៍ក្រោយនេះដោយ មានកងទ័ពអាមេរិកជិត៤០០០០ នាក់ នៅប្រទេសកូរ៉េខាងត្បូងចូលរួម៕
ប្រភព៖ BBC