loader

មេដឹកនាំកម្ពុជាបង្ហាញការដឹងគុណវៀតណាមតែអ្នកវិភាគថាកម្ពុជាក៏ធ្លាប់មានគុណ​លើ​វៀត​ណាមដែរ

ភ្នំពេញ៖ នៅថ្ងៃទី៣ឧសភានេះ សម្ដេច ហ៊ុន សែន បានសរសេរលើលិខិតកំណត់ត្រា ដោយ​រៀបរាប់ពីការដឹងគុណ ចំពោះ​វៀតណាមក្នុងការធ្វើឱ្យមានជ័យជំនះលើរបបប៉ុលពត។ តែ​អ្នកវិភាគម្នាក់​យល់​ថាកម្ពុជា​ក៏ធ្លាប់​មាន​គុណលើវៀតណាមដែរ។

លោក សោម លាភរាយការណ៍៖

 

មេដឹកនាំកម្ពុជាគឺសម្ដេចនាយករដ្ឋមន្រី្តហ៊ុនសែន បាន​បង្ហាញអារម្មណ៍នូវការលើកឡើង​អំពីគុណសម្បត្តិ​អតីតមេដឹកនាំវៀតណាមឧត្តមសេនីយ៍ឡេ ដឹកអាញ់ នៅ ចំពោះ​រដ្ឋា​ភិបាលវៀតណាម ទីដែលសម្ដេចបានដឹកនាំ​គណៈ​ប្រតិភូកម្ពុជាទៅ ​ទីក្រុងហាណូយ ដើម្បី​គោរពវិញ្ញណក្ខន្ធ មេទ័ពវៀតណាមរូបនេះ ដែលបាន​ធ្វើ​មរណកាល។

ក្នុងពិធីនោះ សម្ដេច ហ៊ុន សែន បានសរសេរលិខិតដោយដៃផ្ទាល់ថា សម្ដេច និងគណៈប្រតិភូបក្ស រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា បានជូនដំណើរលោក ឡេ ដឹកអាញ់ ជាលើកចុងក្រោយ ។

ក្នុងលិខិតនោះ នាយករដ្ឋមន្ត្រីកម្ពុជារំលឹកពីការជួបគ្នាលើកដំបូងជាមួយនឹងលោក  ឡេ ដឹកអាញ់ កាលពីឆ្នាំ១៩៧៨ នៅមន្ទីរពេទ្យថុងញិត ក្រុងហូជីមិញ ។ យ៉ាងណា សម្ដេច ហ៊ុន សែន លើកឡើងអំពីគុណបំណាច់របស់លោក ឡេ ដឹកអាញ់ ថា លោក ឡេ ដឹកអាញ់ កងទ័ព និងប្រជាជនវៀតណាម បានជួយប្រជាជនកម្ពុជាជាច្រើន ។

អត្តន័យនៃសំណេរនោះបញ្ជាក់ទៀតថា កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា កកើតឡើង ក៏ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីលោក ឡេ ដឹកអាញ់ ។

សម្ដេច ហ៊ុន សែន​ ថា វៀតណាមបានរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់មិនឱ្យវិលត្រឡប់មកវិញនៃរបបបែបនេះ ដែលជាការកសាងកម្ពុជាជាមួយនឹងការរីកធំធាត់ នៃកងទ័ពកម្ពុជា ។

ប្រធានគណបក្សប្រជាជនកម្ពុជាកាន់អំណាជាងបីទសវត្សរូបនេះបន្ថែមទៀតថា ក្នុងពេលដែលលោក ឡេ ដឹកអាញ់ បំពេញភារកិច្ចនៅកម្ពុជា គឺលោកតំណាងឲ្យបក្ស រដ្ឋាភិបាល និងកងទ័ពស្ម័គ្រចិត្តវៀតណាម ហើយមិនបំពានឯករាជ្យភាព និងអធិបតេយ្យភាពកម្ពុជាទេ ។ លោកក៏ជាមនុស្សម្នាក់ដែលជម្រុញឱ្យទំនាក់ទំនងកម្ពុជាវៀតណាមរីកចម្រើនគ្រប់វិស័យ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រំលឹកការចងចាំរបស់ខ្លួនកាលគ្រាលំបាកខ្លាំង ពេលកងសាងកងទ័ពដំបូង គឺមានលោក  ឡេ ដឹកអាញ់  ជាខ្នងបង្អែក ។

សម្ដេច ហ៊ុន សែន ចាត់ទុកលោក ឡេ ដឹកអាញ់ ថាជាអ្នកកំពូលយុទ្ធសាស្រ្តលើផ្នែកយោធា និងនយោបាយ ខ្លាំងជាងគេក្នុងចំណោមមនុស្សដែលសម្ដេចធ្លាប់ជួប ។  

នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរបន្ថែមលើទំព័រហ្វេសបុករបស់ខ្លួនថា មួយជីវិតរបស់លោក ឡេ ដឹកអាញ់ បានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារ​តី អាយុ ​ ក្នុងបុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិរបស់វៀតណាម ។

​ចំពោះការតែងតែរំលឹកដឹងគុណ វៀតណាម  ត្រូវបានអ្នកអ្នកវិភាគម្នាក់យល់ថាគេត្រូវថ្លឹង​ថ្លែងពីគុណតំលៃ​ដោយឈរលើតថភាពជាក់ស្ដែង។

អ្នកវិភាគវ័យក្មេងកញ្ញាលី ស្រីស្រស់ ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅរសៀលថ្ងៃទី ៣ ឧសភានេះថា គេមិនអាចនិយាយថា វៀតណាមមានគុណលើកម្ពុជាតែម្ខាងនោះទេ តែត្រូវនិយាយថា ប្រទេសទាំងពីមានគុណលើគ្នាទៅវិញទៅមក ។

កញ្ញាបដិសេធថា វៀតណាមគោរពភាពឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា ។ កញ្ញាថា វៀតណាមរំលោភអធិបតេយ្យកម្ពុជា ព្រោះប្រទេសនេះនាំទាហាន និងកងកម្លាំងចូលមកកម្ពុជាដោយពុំមានការសុំ និងអនុញ្ញាតពីអង្គការសហប្រជាជាតិ។

អ្នកវិភាគរូបនេះបន្ថែមថា វៀតណាម មានឥទ្ធិពលទៅលើការរៀបចំប្រព័ន្ធរដ្ឋបាលនៅប្រទេសកម្ពុជានាសម័យនោះ ។  

បើតាមកញ្ញា គឺគេធ្លាប់ដឹង និងលឺកន្លងមក (ចាស់ៗនិយាយ, មិនមានឯកសារ) គឺ វៀតណាមចូលមកកម្ពុជាដោយប្រមូលយកទ្រព្យសម្បត្តិកម្ពុជាមួយចំនួនទៅជាមួយ ។

កញ្ញាថា  កម្ពុជាក៏មានចំណែកជួយវៀតណាមទាំងពីរឱ្យរួបរួមគ្នាវិញផងដែរ ​។

កញ្ញាលី ស្រីស្រស់ បង្ហាញការមើលឃើញអំពីទំនាក់ទំនងកម្ពុជាជាមួយវៀតណាម ដែលមានការកើនឡើងគួរកត់សម្គាល់ ។

តែយ៉ាងណា អ្នកវិភាគរូបនេះថា រវាងទំនាក់ទំនងកម្ពុជា និងវៀតណាម កញ្ញាមើលឃើញថា វៀតណាម មានប្រៀបជាងកម្ពុជា មិនថាលើវិស័យសេដ្ឋកិច្ច និងនយោបាយនោះទេ ។  

គួររំលឹកថា លោក ឡេ ដឹកអាញ់ ជាអតីតប្រធានរដ្ឋនៃវៀតណាម លោកបានធ្វើមរណភាពក្នុងអាយុ៩៩ឆ្នាំ កាលពីវេលាយប់ ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ។

ការផ្លាស់ប្ដូររបបកម្ពុជាប្រជាធិបតេយ្យ ឬដែលគេស្គាល់ថា ខ្មែរក្រហម ឬប៉ុលពត គឺជាប្រធានបទដែលសម្ដេច ហ៊ុន សែន តែងតែលើកឡើងជាពិសេសគឺមុខកម្មករ-កម្មការនី ។ សម្ដេចថា នេះជាសមិទ្ធិផលដែលបានមកពីការងើបឈរឡើង តស៊ូប្រឆាំងជាមួយក្រុមប៉ុល ពត របស់សម្ដេច និងបក្សពួកមួយចំនួនទៀត ដោយមានការផ្ដល់ជំនួយជាកម្លាំងពីវៀតណាម ។

សម្ដេច ក៏ធ្លាប់អះអាងដដែលជាដដែលថា ការណ៍នេះក៏ដោយសារតែនយោបាយឈ្នះៗរបស់សម្ដេច ផងដែរ ទើបកម្ពុជាមានថ្ងៃនេះ ។

បែបនេះក្ដីក៏មានមតិមួយចំនួនលើកឡើងថា ការចូលជួយពីភាគីវៀតណាមនោះ ក៏ជាឱកាសដែលប្រជាជនវៀតណាមចូលរស់នៅប្រទេសកម្ពុជាដែរ ។

យ៉ាងណា គោលនយោបាយការបទេសកម្ពុជាបច្ចុប្បន្ន ត្រូវបានអ្នកវិភាគមួយចំនួនថាហាក់ផ្អៀងទៅខាងប្រទេសកុម្មុយនីស្តជាខ្លាំងពិសេសគឺចិន បន្ទាប់ពីប្រទេសលោកខាងលិច មិនទទួលស្គាល់ថា កម្ពុជាអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហបក្ស គ្មាននីតិរដ្ឋ និងមិនគោរពសិទ្ធិមនុស្សជាដើម ៕

ព័ត៌មានទាក់ទង

សមត្ថកិច្ចបង្ក្រាបការលួចនាំចូលសំរាមចំនួន១៦០០តោននៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ សមត្ថកិច្ចពាក់ព័ន្ធបានបង្រ្កាបទាន់[...]

អ្នកនាំពាក្យសោកស្ដាយ ហើយសុំឱ្យអាមេរិកពិចារណាវិញអំពីច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជា ដើម្បីបន្តទំនាក់ទំនងល្អ

ភ្នំពេញ៖ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ [...]

ក្រសួងសាធារណការគ្រោងដាក់កាមេរ៉ាតាមផ្លូវចាប់អ្នកបើកបរល្មើសល្បឿនផាកពិន័យដល់ផ្ទះ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត