loader

មេឃុំ​អណ្ដូង​ពោធិ​ ខេត្ដស្វាយរៀង​ ៖​ ស្ដ្រី​ក្នុង​ឃុំ​នេះ​ ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​ ច្រើន​ជាង​បុរស​

​ភ្នំពេញ​ ៖​ ទន្ទឹម​នឹង​ការ​រក​ឃើញ​របស់​អង្គការ​សង្គម​ស៊ី​វិល​ដែល​ប្រឆាំង​ការ​ជួញដូរ​ស្ដ្រី​ ថា​ ខេត្ដស្វាយរៀង​មាន​ពលរដ្ឋ​ចំណាកស្រុក​ច្រើន​ជាង​បណ្ដា​ខេត្ដ​ផ្សេងៗ​ ហើយ​ចំណាកស្រុក​របស់​ពួក​គេ​ ភាគច្រើន​ធ្វើ​ឡើង​ទាំង​ប្រថុយប្រថាន​។​ លោកស្រី​ មេឃុំ​អណ្ដូង​ពោធិ៍​ ទទួលស្គាល់​ថា​ ពលរដ្ឋ​ក្នុង​ឃុំ​លោកស្រី​ ពិតជា​មាន​អ្នក​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​ច្រើន​មែន​ ហើយ​ពិសេស​គឺ​ស្ដ្រី​។​ តែ​យ៉ាង​លោកស្រី​ មេឃុំ​ ប្ដេជ្ញា​បន្ដសកម្មភាព​ការងារ​ ចុះ​អប់រំ​ផ្សព្វផ្សាយ​ ពី​ការ​ចំណាកស្រុក​ដោយ​សុវត្ថិភាព​ឲ្យ​កាន់តែ​ខ្លាំង​។

​សូម​ស្ដាប់​លោក​ លៀ​ ស៊ី​ណា​ ៖

 

ស្រ្ដីរងគ្រោះព្រោះការជួញដូរ ប្រភពរូបភាព កាសែតភ្នំពេញប៉ុស្ដិ៍

 

​ក្នុង​អំឡុង​ឆ្នាំ​២០១៧​ អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ ដែល​ជា​អង្គការ​សង្គម​ស៊ី​វិល​ធ្វើ​ការងារ​ប្រឆាំង​ការ​ជួញដូរ​ស្ដ្រី​ និង​កុមារ​ ទៅ​ក្រៅប្រទេស​ បាន​ជួយ​សង្គ្រោះ​ស្ដ្រី​ពី​ការ​ជួញដូរ​ឲ្យ​បាន​វិល​មក​កម្ពុជា​វិញ​ចំនួន​ ១១០​ នាក់​។​ ស្ដ្រី​ទាំង​អស់នោះ​ ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​ តាម​រូបភាព​រក​ការងារ​ឲ្យ​ធ្វើ​នៅ​ក្រៅប្រទេស​ និង​ទទួល​បាន​ប្រាក់ខែ​ច្រើន​។​ អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ រក​ឃើញ​ថា​ ក្នុង​ចំណោម​ខេត្ដ​ទូ​ទាំង​ប្រទេស​ គឺ​ខេត្ដស្វាយរៀង​មាន​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ច្រើន​ជាងគេ​។​

​ជុំវិញ​ករណី​នេះ​ លោកស្រី​ កឹ​ម​ ស៊ុន​ណា​រី​ មេឃុំ​អណ្ដូង​ពោធិ​ ស្រុក​ រមាស​ហែក​ ខេត្ដស្វាយរៀង​ ទទួលស្គាល់​ថា​ ពលរដ្ឋ​ក្នុង​ឃុំ​របស់​លោកស្រី​ បាន​ធ្វើ​ចំណាកស្រុក​ច្រើន​ ទៅ​កាន​ប្រទេស​កូរ៉េ​ ជប៉ុន​ ម៉ា​ឡេ​ស៊ី​ និង​ប្រទេស​ថៃ​។​ តែ​យ៉ាងណា​លោកស្រី​បន្ដ​ថា​ ប​ច្ចប្ប​ន្ន​នេះ​ មាន​ពលរដ្ឋ​តិច​តូច​បំផុត​ ដែល​បាន​ធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់​។​ លោកស្រី​ មេឃុំ​អណ្ដូង​ពោធិ​ បន្ដ​ទៀត​ថា​ ពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​ ទៅ​ប្រទេស​ថៃ​ ព្រោះ​ជឿ​តាម​ពាក្យ​មេខ្យល់​ ដែល​ប្រាប់​ពួក​គេ​ថា​ ការ​ធ្វើ​ចំណាកស្រុក​តាម​រយៈ​ក្រុមហ៊ុន​ គឺ​បាន​ប្រាក់ខែ​តិច​ ជាង​ការ​ធ្វើ​ចំណាកស្រុក​ដោយ​លួចលាក់​។​

​លោកស្រី​ កឹ​ម​ ស៊ុន​ណា​រី​ ៖«​ដូច​ថា​ មាន​មេខ្យល់​ តែ​ខ្ញុំ​មិន​បាន​ស្គាល់​ទេ​មេខ្យល់​ហ្នឹង​ ដូច​ថា​ គេ​ដើរ​បញ្ចុះបញ្ចូល​ថា​ បើ​ទៅ​តាម​ក្រុមហ៊ុន​ បាន​លុយ​តិច​ ហើយ​បើ​ទៅ​តាម​គេ​បាន​ប្រាក់ខែ​ច្រើន​។​ អ​ញ្ចឹ​ង​មនុស្ស​យើង​មានការ​លោភលន់​អ​ញ្ចឹ​ង​ទៅ​ ទៅ​តាម​អ​ញ្ចឹ​ង​ទៅ​ អ្នកខ្លះ​ក៏​បាន​លាភសក្ការៈ​មក​ផ្ទះ​ទៅ​ ហើយ​អ្នកខ្លះ​ក៏​អត់​មាន​ ហើយ​អ្នកខ្លះ​គ្រោះថ្នាក់​អ​ញ្ចឹ​ង​ទៅ​»​។​

​ព្រោះតែ​ការ​ខ្វះ​ព័ត៌មាន​ស្ដី​ពី​ការ​ធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព​ ពលរដ្ឋ​ខ្មែរ​ ដែល​ពុំ​សូវ​មានចំណេះ​ដឹង​ តែងតែ​ងាយ​ជឿ​លើ​ពាក្យ​ដែល​មេខ្យល់​បញ្ចុះបញ្ចូល​។​ លោកស្រី​ ស៊ុន​ណា​រី​ បន្ដ​ថា​ រហូត​មក​ដល់​ពេល​នេះ​ លោកស្រី​នៅ​តែ​រក​មេខ្យល់​ដែល​បាន​នាំ​ពលរដ្ឋ​ក្នុង​ឃុំ​របស់​លោកស្រី​ ទៅ​កាន់​ប្រទេស​ថៃ​ មិនឃើញ​នៅឡើយ​ទេ​ ពីព្រោះ​បុគ្គល​រូប​នោះ​មិនមែន​ជា​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ឃុំ​របស់​លោកស្រី​។​

លោកស្រី កឹម ស៊ុនណារី មេឃុំអណ្ដូងពោធិ ស្រុក រមាសហែក ខេត្ដស្វាយរៀង ប្រភពរូបភាព WMC

តែ​យ៉ាងណា​អាជ្ញាធរ​ ក្នុង​ឃុំ​របស់​លោកស្រី​ តែងតែ​ព្យាយាម​ចុះ​ទៅ​ជួប​ពលរដ្ឋ​ដល់​ផ្ទះ​ ដើម្បី​ប្រាប់​ និង​ពន្យល់​ពី​គ្រោះថ្នាក់​ ដែល​នឹង​កើត​មាន​ ខណៈ​ពួក​គេ​ធ្វើ​ចំណាកស្រុក​ដោយ​លួចលាក់​។​ ជាមួយ​គ្នា​នេះ​ ពលរដ្ឋ​នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​ទៅ​អប់រំ​ តែងតែ​ឆ្លើយ​ថា​ ពួក​គេ​បាន​យល់​ តែ​សកម្មភាព​ជាក់ស្ដែង​ពួក​គេ​នៅ​តែ​បន្ដ​ការ​លួច​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ដដែល​។​ ត្រង់​ចំណុច​នេះ​ បាន​ក្លាយជា​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​មួយ​ សម្រាប់​លោកស្រី​ ដែល​ជា​អាជ្ញាធរ​ដឹកនាំ​ក្នុង​ឃុំ​នេះ​។​

​លោកស្រី​ កឹ​ម​ ស៊ុន​ណា​រី​ ៖«​បារម្ភ​ណាស់​ បារម្ភ​មែនទែន​ បារម្ភ​ពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​យើង​។​ យើង​មិន​ឃាត់​ទេ​ ប៉ុន្ដែ​យើង​ត្រូវ​ចំណាកស្រុក​ ដោយ​មាន​សុវត្ថិភាព​ យើង​ត្រូវ​ដឹង​ថា​ គោលដៅ​យើង​ទៅ​កន្លែង​ណា​ អ​ញ្ចឹ​ង​ក្រុមហ៊ុន​ណា​មាន​អាជ្ញា​បណ្ណ​ស្របច្បាប់​ សុំ​ច្បាប់​អី​ត្រឹមត្រូវ​អ​ញ្ចឹ​ង​ទៅ​»​។​

​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​អណ្ដូង​ពោធិ​ ស្រុក​ រមាស​ហែក​ ខេត្ដស្វាយរៀង​ យ៉ាងតិច​ណាស់​ជាង​ ១០០០​នាក់​ បាន​ធ្វើ​ចំណាកស្រុក​ ហើយ​ស្ដ្រី​មាន​ចំនួន​ រហូត​ដល់​៧០​ភាគរយ​។​ ជា​ធម្មតា​ស្ដ្រី​ តែងតែ​ងាយ​រង​គ្រោះ​ជាង​បុរស​ មិន​ថា​ ការ​ទទួល​អំពើ​ហិង្សា​ ការ​ជួញដូរ​ ឬ​ក៏​ការ​ចាប់រំលោភ​។​

​ករណី​ស្ដ្រី​ ដែល​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​ ទៅ​ក្រៅប្រទេស​ ភាគច្រើន​គឺជា​ការ​ជំរុញ​របស់​ឪពុក​ ម្ដាយ​ ដែល​មើលឃើញ​គ្រួសារ​ញាតិ​ជិតខាង​របស់​ខ្លួន​មាន​ជីវភាព​ធូរធា​ព្រោះ​ការ​ចំណាកស្រុក​។​ ឪពុក​ម្ដាយ​ មួយ​ចំនួន​បាន​ឲ្យ​កូនស្រី​របស់​ខ្លួន​ទៅ​ក្រៅប្រទេស​ ដោយ​មិន​បានដឹង​ពី​គ្រោះថ្នាក់​ ដែល​អាច​កើតឡើង​ចំពោះ​កូនស្រី​របស់​ខ្លួន​ ខណៈ​នាង​ទៅ​ធ្វើការ​ស្រុក​ឆ្ងាយ​តែ​ម្នាក់ឯង​។​

​ស្ដ្រី​ដែល​ធ្វើ​ចំណាកស្រុក​ តាម​រយៈ​មេខ្យល់​ដោយ​ខុសច្បាប់​ តែងតែ​ប្រឈម​ការ​ជួញដូរ​ខ្ពស់​ជាង​ស្ដ្រី​ដែល​ធ្វើ​ចំណាកស្រុក​តាម​រយៈ​ក្រុមហ៊ុន​ ដែល​មាន​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ​កម្ពុជា​។​ ក្នុង​អំឡុង​ឆ្នាំ​២០១៧​ ករណី​ជួញដូរ​ស្ដ្រី​ទៅ​ក្រៅប្រទេស​ ត្រូវ​បាន​អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ប្រចាំ​នៅ​ក្រៅប្រទេស​ ដូច​ជា​ប្រទេស​ចិន​ ថៃ​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ជួយ​សង្គ្រោះ​ស្ដ្រី​រង​គ្រោះ​ពី​ការ​ជួញដូរ​ បាន​រហូត​ដល់​ ១១០​នាក់​។​ នេះ​បើ​យោង​តាម​បទ​សម្ភាស​ដែល​លោក​ ស្រ៊​ន់​ ឡង់​ដា​ ប្រធាន​គម្រោង​ ក្នុង​គម្រោង​គាំទ្រ​ករណី​ នៃ​ការ​ជួញដូរ​ របស់​អង្គការ​សម្ព័ន្ធ​ចាប់ដៃ​។​

លោក ស្រ៊ន់ ឡង់ដា ប្រធានគម្រោង ក្នុងគម្រោងគាំទ្រករណី នៃការជួញដូរ របស់អង្គការសម្ព័ន្ធចាប់ដៃ ប្រភពរូបភាព WMC

 

​ប្រធាន​គម្រោង​ របស់​អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ បញ្ជាក់​ថា​ កាលបើ​មាន​កាលណា​បើ​ការ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ គឺ​ករណី​ជួញដូរ​ នឹង​អាច​កើតឡើង​។​ ត្រង់​ចំណុច​នេះ​ លោក​ ស្រ៊​ន់​ ឡង់​ដា​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ ត្រូវ​បញ្ឈប់​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​ តាម​រយៈ​មេខ្យល់​ ហើយ​នៅ​ក្នុង​ករណី​ដែល​សម្រេច​ថា​ នឹង​ធ្វើ​ចំណាកស្រុក​ ត្រូវ​ទៅ​រក​ក្រុមហ៊ុន​ដែល​មានការ​ទទួលស្គាល់​ពី​ក្រសួង​ការងារ​កម្ពុជា​ ប្រសិនជា​ មិន​ចង់​ត្រូវ​បាន​គេ​ជួញដូរ​ ធ្វើ​ទាសករ​ផ្លូវភេទ​។​

​លោក​ ស្រ៊​ន់​ ឡង់​ដា​ ៖«​ប្រសិនបើ​គាត់​សម្រេចចិត្ដ​ថា​ ចំណាកស្រុក​ទៅ​ក្រៅប្រទេស​សូម​សួរ​ឲ្យ​ច្បាស់​ថា​ តើ​ក្រុមហ៊ុន​ដែល​នាំ​គាត់​ទៅ​ហ្នឹង​ ជា​ក្រុមហ៊ុន​ស្របច្បាប់​ឬ​ក្រុមហ៊ុន​អត់​ស្របច្បាប់​។​ សូម​មេត្ដា​សុំ​លិខិត​មើល​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​ហ្នឹង​ តើ​គាត់​មាន​លិខិត​ចេញពី​ក្រសួង​ការងារ​ឬ​ក៏​អត់​»​។​

​អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ បាន​ជួយ​ស្ដ្រី​ខ្មែរ​ ពី​ការ​ជួញដូរ​ទៅ​ក្រៅប្រទេស​តាំង​តែ​ពី​ឆ្នាំ​២០០៥​។​ ស្ដ្រី​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ភាគច្រើន​ មក​ពី​ប្រ​ទេ​ចិន​ ថៃ​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ពួក​គេ​ស្ទើ​តែ​ក្លាយជា​ន​មនុស្ស​មាន​វិបត្ដិ​ផ្លូវចិត្ដ​ ព្រោះតែ​ការ​ធ្វើ​ទារុណកម្ម​ ការ​ចាប់រំលោភ​ និង​ការ​វាយដំ​ផ្សេងៗ​។​

​លោក​ ស្រ៊​ន់​ ឡង់​ដា​ ៖«​ប្រសិនបើ​រង​គ្រោះ​ បើសិនជា​និយាយ​ពី​វិបត្ដិ​ ការ​ប៉ះទង្គិច​ផ្លូវចិត្ដ​គឺ​ធ្ងន់ធ្ងរ​មែនទែន​ សឹងតែ​មិន​អាច​និយាយ​ទៅ​រួច​ អ្នកខ្លះ​អាច​ប៉ះពាល់​ទៅ​ដល់​ផ្លូវ​អារម្មណ៍​ អាច​វង្វេង​ក៏​មាន​ដែរ​។​ នៅ​ពេល​ដែល​គាត់​ត្រឡប់​មក​វិញ​ពេល​ខ្លះ​គាត់​បាត់បង់​សតិ​ក៏​មាន​»​។​

​ជុំវិញ​បញ្ហា​ទាំង​អស់នេះ​ លោកស្រី​ កឹ​ម​ ស៊ុន​ណា​រី​ មេឃុំ​អណ្ដូង​ពោធិ​ ស្រុក​ រមាស​ហែក​ ខេត្ដស្វាយរៀង​ ប្ដេជ្ញា​ថា​ ក្នុង​ឆ្នាំ​២០១៨​ លោកស្រី​ នឹង​បន្ដ​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ ពី​គ្រោះថ្នាក់​នៃ​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​ ឲ្យ​បាន​កាន់តែ​ខ្លាំង​។​ តែ​យ៉ាងណា​សម្រាប់​ស្ដ្រី​ ម្ចាស់​តំណែង​មេឃុំ​ អណ្ដូង​ធិ​ ៤​អាណត្ដិ​នេះ​ សំណូមពរ​ដល់​ពលរដ្ឋ​ ដែល​ស​ម្រេ​ចិត្ដ​ធ្វើ​ចំណាកស្រុក​ទាំងអស់​ ត្រូវ​តែ​គិត​ និង​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​ គឺ​មិន​ត្រូវ​ចេះ​តែ​ទៅ​ ដោយ​គ្រាន់តែ​ឮ​តាម​គ្នា​នោះ​ទេ​។​

​ជាមួយ​គ្នា​នេះ​ លោកស្រី​ ក៏​សំណូមពរ​ដល់​អាជ្ញាធរ​ឃុំ​ សង្កាត់​ ទាំងអស់​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ប្រាប់​ និង​ពន្យល់​ពលរដ្ឋ​ឲ្យ​បានដឹង​ ពី​ហានិភ័យ​ពី​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ ឲ្យ​បាន​ញឹកញាប់​ មិនមែន​ចុះ​តែ​ម្ដង​ហើយ​ឈប់​នោះ​ទេ​។​

​លោកស្រី​ កឹ​ម​ ស៊ុន​ណា​រី​ ៖«​ខ្ញុំ​ស្នើ​សុំ​ដល់​មេឃុំ​ ចៅសង្កាត់​ ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ សុំ​ឲ្យ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ ឲ្យ​គាត់​យល់​ដឹង​។​ ផ្សព្វផ្សាយ​មិនមែន​ផ្សព្វផ្សាយ​តែ​ម្ដង​ទេ​ យើង​ធ្វើ​ដូច​ភ្លៀងរលឹម​អ​ញ្ចឹ​ង​ យ៉ាង​ហោច​យូរៗ​ទៅ​គាត់​គង់តែ​ស្ដាប់​យើង​ថា​ តើ​គាត់​និយាយ​នេះ​ ក្នុង​នាម​ជា​អាជ្ញាធរ​គាត់​មាន​បំណង​យ៉ាងម៉េច»​។​

​សូម​ជម្រាប​ថា​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​មានការ​រក​ឃើញ​ថា​ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​ជនខិលខូច​បោក​បញ្ឆោត​ជួញដូរ​ទៅ​ក្រៅប្រទេស​ មន្ដ្រី​រដ្ឋាភិបាល​កម្ពុជា​ ដែល​ប្រចាំ​នៅ​ក្រៅប្រទេស​ បាន​ជួយ​ពលរដ្ឋ​ខ្មែរ​បាន​មួយ​ចំនួន​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ។​ ពួក​គេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​មក​ពី​ ប្រទេស​ចិន​ ប្រទេស​ថៃ​ ម៉ា​ឡេ​ស៊ី​ និង​ប្រទេស​សឹ​ង្ហ​បុរី​ ជាដើម​។​ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ គឺ​ភាគច្រើន​សុទ្ធសឹងតែ​ជា​ស្ដ្រី​៕​

ព័ត៌មានទាក់ទង

មន្ដ្រី​ក្រសួង​កិច្ចការ​នារី​ ៖​ ការ​ប្រព្រឹត្ដ​ហិង្សា​លើ​ស្ដ្រី​ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​

មន្ដ្រីជាន់ខ្ពស់​ នៃ​ក្រសួង​កិច្ចការ​នារី​ បា[...]

អតីត​ស្ដ្រី​មេឃុំ​ CNRP​ ៖​ ក្រៅពី​បក្ស​របស់​ខ្លួន​ ពួក​គេ​មិន​មើល​គណបក្ស​ផ្សេង​ឡើយ​

អតីត​ស្ដ្រី​មេឃុំ​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​[...]

អង្គការបន្ទាយស្រី៖វេទិកាលើកកម្ពស់សិទ្ធិស្រ្ដីនិងការបោះឆ្នោតគឺជាការពង្រឹងសិទ្ធិអំពីការជ្រើសរើសតំណាងរបស់ខ្លួន

បទសម្ភាសន៍៖ អង្គការបន្ទាយស្រ្ដីខេត្ដសៀមរាបបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត