រូបភាពពីលោក ស្រ៊ឹង ឆវ័ន្ដ តំណាងមូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទ ប្រចាំនៅរាជធានីភ្នំពេញ។
ភ្នំពេញ៖ មូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទហៅកាត់ថាស៊ី អេស អ៊ ស៊ី មានគម្រោងនឹងសាងសង់បណ្ណាល័យមួយក្នុងតំបន់សហគមន៍ជនជាតិដើមភាគតិចព្នង ឬ ពូនង នៅពាក់កណ្តាលខែតុលាឆ្នាំ២០២៤នេះ។ គម្រោងជាផ្នែកមួយដើម្បីជួយលើកស្ទួយវិស័យអប់រំដល់សិស្សានុសិស្ស ពិសេសកុមារនៅទីនោះឱ្យកាន់តែទទួលបានការអប់រំគ្រប់ជ្រុងជ្រោយ និងកាត់បន្ថយគម្លាតនៃការអប់រំផងដែរ។
(រាយការណ៌ដោយកញ្ញា ឃ្វិះ ផលឡា )
បើគ្មានអ្វីប្រែប្រួលនោះទេ គម្រោងសាងសង់បណ្ណាល័យរបស់មូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទហៅកាត់ថាស៊ី អេស អ៊ ស៊ី( CFRC)នឹងគ្រោងសាងសង់បណ្ណាល័យនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ហើយបញ្ចប់វិញនៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២៤ ដោយអាចប្រើរយៈពេលមួយខែ។ ជាគម្រោងមួយដើម្បីលើកស្ទួយការអប់រំតាមតំបន់ជនជាតិដើមភាគតិចនៅទីដាច់ស្រយាល មូលនិធិ ស៊ី អេស អ៊ ស៊ី កំពុងតែបន្តការងាររ៉ៃអង្កាសថវិកាពីសប្បុរសជនតាមទំព័រហ្វេសប៊ុកនៅឡើយ។ នេះជាការបញ្ជាក់របស់លោក ស្រ៊ឹង ឆវ័ន្ដ តំណាងមូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទ ប្រចាំនៅរាជធានីភ្នំពេញ។
លោកបញ្ជាក់ទៀតថា គម្រោងសាងសង់បណ្ណាល័យទី ៤នេះ បានកំណត់យកគោលដៅក្នុងតំបន់ជនបទដាច់ស្រយាលមួយស្ថិតក្នុងភូមិក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលទីនោះស្ថិតក្នុងសហគមន៍ជនជាតិដើមភាគតិចព្នង ឬ ពូនង រស់នៅច្រើន។ សម្រាប់គោលបំណងនៃការបង្កើតបណ្ណាល័យនេះ តំណាងមូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទខាងលើបញ្ជាក់ថា គឺដើម្បីជួយដល់សិស្សានុសិស្ស ពិសេសកុមារក្នុងតំបន់នោះឱ្យទទួលបានការអប់រំគ្រប់គ្រាន់ ព្រោះពួកគេមិនចាំបាច់ចំណាយពេលទៅសាលារៀនដែលនៅឆ្ងាយពីផ្ទះ។ អ្វីជាពិសេសជាងនេះ បណ្ណាល័យមួយនេះ នឹងអាចជាផ្នែកមួយជួយបំពេញបន្ថែមដល់ក្នុងរៀនសូត្រសម្រាប់សិស្សដែលគ្មានលទ្ធភាពចូលសាលា និងសិស្សដែលបោះបង់ចោលការសិក្សាព្រោះជីវភាពខ្វះខាត។
៖«ថ្មីៗនេះយើងមានគម្រោងទៅការសាងសង់បណ្ណាល័យដែលជាបណ្ណាល័យទី៤ហើយក្នុងគម្រោងនេះមានគោលបំណងក្នុងការទីមួយគឺក្នុងការសាងសង់បណ្ណាល័យនិងជូនសហគមន៍ជាតិដើមភាគតិច ។ទី២យើងដើម្បីជំរុញការអានអីជំរុញការអាននិងជំរុញការអប់រំដល់កុមារដែលនៅសហគមន៍ជនជាតិដើមភាគតិចដែលសហគមន៍គាត់ហ្នឹងគឺនៅឆ្ងាយនៅដល់យើងអាចនិយាយថាជនជាតិដើមភាគតិចគាត់ភាគច្រើនគាត់រស់នៅអាស្រ័យផលជាមួយធម្មជាតិ ។អញ្ចឹងហើយគាត់នៅរៀនដាច់ស្រយាលជាងគេព្រោះអីនៅទីនោះ ភាគច្រើននៃយុវជនគាត់បោះបង់ការសិក្សាដោយសារតែមានត្រឹមតែសាលាបឋមសិក្សាមួយទេ ហើយទី៣នោះគឺយើងចង់ បង្រួមគម្លាតនៃការអប់រំដល់កុមារនៅតំបន់ដែលខ្វះខាតនៅតំបន់ដែលកំពុងតែត្រូវការនូវការឧបត្ថម្ភគាំទ្រទៅលើវិស័យអប់រំនៅទីនោះ»។
លោក ស្រ៊ឹង ឆវ័ន្ដ តំណាងមូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទ ប្រចាំនៅរាជធានីភ្នំពេញ។
សម្រាប់លោក ស្រ៊ឹង ឆវ័ន្ដ សង្ឃឹមថា បណ្ណាល័យមួយនេះនឹងអាចជួយប្រជាពលរដ្ឋនៅភូមិក្បាលរមាសទាំងមូលទទួលបានប្រយោជន៍នៃការសិក្សា ពិសេសអាចជំរុញដល់អាណាព្យាបាលកាន់តែផ្ដល់តម្លៃទៅលើការសិក្សារបស់កូនៗកាន់តែប្រសើរ។ ហើយអ្វីដែលលោកចង់ឃើញ គឺក្មេងៗមានចំណេះដឹងអាចបន្តការសិក្សាទៅវិទ្យាល័យ ឬសាកលវិទ្យាល័យ មានជំនាញអាចប្រកបការងារជួយសហគមន៍វិញបានផងដែរ។
៖«សម្រាប់សៀវភៅដែលយើង គ្រោងនឹងយកទៅដាក់នៅក្នុងបណ្ណាល័យនេះគឺជាសៀវភៅចម្រុះទាំងអស់ទាំងកម្រិតបឋមសិក្សាទាំងកម្រិតថ្នាក់មត្តេយ្យកម្រិតថ្នាក់វិទ្យាល័យដែរគឺមានន័យថាបណ្ណាល័យនេះគឺបម្រើនូវមុខងារចម្រុះសម្រាប់ក្រុមប្រជាសហគមន៍ដែលនៅជនជាតិដើមភាគតិចព្នងនេះ ។សហគមន៍នេះគឺគាត់មានតែមេភូមិគាត់ទេមានតែមួយភូមិហ្នឹងទេហើយប្រជាពលរដ្ឋរស់នៅប្រមាណ២០០នាក់ជាងទេដែលមាន សឹងតែ ៤០%គឺជាកុមារនិងយុវជនចឹងហើយ យើងបង្កើតនូវបណ្ណាល័យមួយនេះគឺនៅចំណុចកណ្ដាលនៃភូមិដែលនឹងធ្វើឲ្យគ្រប់មនុស្សដែលនៅក្នុងសហគមន៍គាត់អាចទទួលយកបានពីការផ្ដល់ប្រយោជន៍នៃបណ្ណាល័យមួយនេះ យើងនឹងបែងចែកជាប្រភេទសម្រាប់កុមារសម្រាប់យុវជនប្រជាសហគមន៍ទៅលើផ្នែកច្បាប់ទៅលើផ្នែកអីផ្សេងផ្សេងទៀតទៅតាមកម្រិតទាំងអស់ដែលយើងក៏នឹងរីករាយក្នុងការទទួលបើសិនជាមានសប្បុរសជនឧបត្ថម្ភឱ្យយើងហើយបើសិនជាយើងខ្វះខាតយើងនឹងយកថវិកានៃការរៃអង្គាសនេះទៅទៅទិញបន្ថែម ដើម្បីបំពេញនូវសៀវមួយចំនួនគ្រោងដាក់ឱ្យគ្រប់ចម្រុះ»។
លោក ឌឿង រឿន យុវជនរស់នៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន្ដ ខេត្ដស្ទឹងត្រែង និយាយថា តំបន់នេះត្រូវលិចទឹកជាប្រចាំបន្ទាប់ពីសាងសង់ទំនប់វារីអគ្គិសនី។ចំណែកសាលារៀនក៏ត្រូវលិចទឹកធ្វើឱ្យសិស្សខកខានសិក្សាចន្លោះពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១។ តែយ៉ាងណា ភាគីក្រុមហ៊ុនបានសាងសង់សាលារៀនថ្មីចំនួនមួយខ្នង មាន៣បន្ទាប់ជំនួសវិញ ហើយគ្រូនិងសិស្សបានផ្លាស់នៅទីនោះ។ ជុំវិញការបង្កើតបណ្ណាល័យនៅទីនោះលោករំពឹងថា នឹងអាចលើកស្ទួយកម្រិតនៃការសិក្សារបស់កុមារនៅទីនោះ ហើយអាចកាត់បន្ថយគម្លាតនៃការអប់រំរបស់ជនជាតិភាគតិចផងដែរ។
លោក ឌឿង រឿន យុវជនរស់នៅភូមិក្បាលរមាស។
លោក ឌឿង រឿន ៖ «គម្រោងហ្នឹងគឺខាងមូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនតំបន់ហ្នឹងគាត់បានបង្កើតឡើងហើយសម្រាប់នៅក្បាលរមាស ចឹងទៅគម្រោងហ្នឹងគឺអត់ទាន់បានបណ្ណាល័យហ្នឹងគ្នាអត់ទាន់បានសាងសង់ជាផ្លូវការអីទេប៉ុន្តែគម្រោងនោះគឺបានបង្កើតនិងគ្រោង នឹងសាងសង់ហើយ ។សម្រាប់សកម្មភាពសហគមន៍ហ្នឹងខ្ញុំអត់ច្បាស់ថាពួកគាត់នឹងចូលរួម អីខ្លះទេដោយសារតែខាងមូលនិធិសប្បុរសធម៌និងគាត់បានជួលជាងគេអ៊ីចឹងទៅខ្ញុំគិតថាជាសកម្មភាពសហគមន៍ចូលរួមជាមួយមូលនិធិសប្បុរសធម៌និងយុត្តិធម៌ជាកម្លាំងចូលរួមខ្លះខ្លះរបស់គាត់ក្នុងការចូលរួមធ្វើនិង»។
ជុំវិញរឿងនេះកញ្ញា ឡាត អួច គ្រូបង្រៀនសាលា បឋមសិក្សាក្បាលរមាស នៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន្ដ ខេត្ដស្ទឹងត្រែង ប្រាប់វិទ្យុស្រ្ដីថា នៅក្នុងសាលារៀនបច្ចុប្បន្ននៅខ្វះគ្រូបង្រៀន ហើយបណ្ណាល័យក៏មានសភាពតូចពុំសូវមានសៀវភៅគ្រប់គ្រាន់សម្រាប់សិស្សអាននោះទេ។អ្នកគ្រូ ឡាត អួច យល់ថា បើសិនជាមានបណ្ណាល័យមួយទៀតក្នុងសហគមន៍ជាការបន្ថែម នោះប្រជាពលរដ្ឋ យុវជន និងកុមារ អាចមានលទ្ធភាពសិក្សាស្វែងយល់អ្វីថ្មីៗដែលមានពីបណ្ណាល័យនោះ។
កញ្ញា ឡាត អួច គ្រូបង្រៀនសាលា បឋមសិក្សាក្បាលរមាស។
៖«បណ្ណាល័យហ្នឹងបើផ្ដោតទៅលើការសាងសង់ក្នុងសាលារៀន នៅក្នុងសាលរៀនយើងផ្ដល់ចំណេះដឹងដល់ក្មេង សម្រាប់ប្រជាពលរដ្ធវិញក៏ល្អម្យ៉ាងដែរ ដោយសារតែពួកគាត់ពេលខ្លះហ្នឹងពួកគាត់អាចចូលទៅអានផងផ្ដល់ចំណេះដឹង បានដឹងបានស្គាល់ ហើយអ្វីទៅបណ្ណាល័យហើយអ្វីជាសៀវក្នុងហ្នឹងផ្ដល់ចំណេះដឹងអ្វីខ្លះសម្រាប់ពួកគាត់។ អ្នកខ្លះអត់សៀវមែននៅហ្នឹង ហើយប្រជាពលរដ្ធធម្មតានៅតាមជនបទហ្នឹងអត់សូវសេវាអ៊ីនធឺណេត ប្រើអ៊ីនធឺណេតតាមរយៈទូរស័ព្ទផ្ដល់ចំណេះដឹងអីទេ ប៉ុន្ដែបើសិនជាមានសៀវពួកគាត់អានអាចស្វែងយល់តាមរយៈសៀវភៅហ្នឹងបាន។បើសៀវភៅគ្រប់គ្រាន់បន្ថែមទៀតកាន់តែល្អ មានសៀវភៅហ្នឹងអាចសិក្សាស្វែងយល់នៅក្នុងនោះទាំងសិស្ស ទាំងយុវជនទាំងយុវចាស់ហ្នឹង ក៏អាចចូលរៀនចូលអាននៅក្នុងហ្នឹងបាន ចឹងហើយអាចផ្ដល់ចំណេះដឹងឱ្យពួកគាត់បានច្រើនខ្លះដែរ។ សម្រាប់ការកសាងបណ្ណាល័យខ្ញុំសូមឱ្យបណ្ណាល័យហ្នឹងហើយឱ្យមានសៀវភៅគ្រប់គ្រាន់ហើយនិងមានសូឡាមួយដែរសម្រាប់ចាប់អាគុយសម្រាប់ដាក់ម៉ាស៊ីនព្រីនអញ្ចឹងណ៎ា»។
សូមជម្រាបជូនថា ក្រុមមូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទបង្កើតឡើងជាង១០ឆ្នាំមកហើយ គឺតាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤។ សកម្មភាពចម្បងៗរបស់មូលនិធិមានចំនួន ១៣ សកម្មភាព ដោយមានសមាជិក ១៥នាក់ជាក្រុមការងារបង្គោលធ្វើការទៅលើគម្រោងផ្សេងៗ ក្នុងនោះមានយុវជនស្ម័គ្រចិត្ដចូលរួមផងដែរ ។ ជាងនេះទៀត គម្រោងទាំងនេះនេះ គឺផ្ដោតទៅលើវិស័យអប់រំជាពិសេសលើកុមារនៅតាមសាលារៀនជនបទដាច់ស្រយាល ដែលពុំសូវទទួលបានឱកាសអប់រំ ដើម្បីជំរុញឱ្យកុមារទទួលបានការសិក្សាប្រកបដោយគុណភាព។ មូលនិធិ CFRC បង្កើតគម្រោងនេះបណ្ណាល័យនេះឡើង ដើម្បីជួយសហគមន៍ដែលខ្វះខាតកន្លែងដាក់សៀវភៅ និងខ្វះខាតទាំងបណ្ណាល័យនិងសៀវភៅសិក្សាជាដើម ។ សម្រាប់ថវិកាសាងសង់បណ្ណាល័យទំហំ ៦ ម៉ែត្រគុណ ៤ ម៉ែត្រ នៅភូមិក្បាលរមាសនេះ គម្រោងគ្រោងចំណាយទឹកប្រាក់ ៦១០០ ដុល្លារអាមេរិករួមបញ្ចូលសម្ភារៈ ដូចជា តុ កៅអី និងសៀវភៅចម្រុះសម្រាប់កុមារ យុវជន និងប្រជាសហគមន៍នៅក្នុងភូមិ៕
អត្ថបទដោយ៖ កញ្ញា ឃ្វិះ ផលឡា