ក្រុងភ្នំពេញ៖ តំណាងមូលនិធិដើម្បីប្រជាជនរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា (UNFPA) លោកស្រី Lene K. Christiansen បានធ្វើការជួបសំណេះសំណាល ជាមួយនឹងរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ដោយប្តេជ្ញាបន្តជួយគាំទ្រ ដល់វិស័យសុខាភិបាលកម្ពុជា លើផ្នែកសុខភាពមាតា ទារក និង បញ្ហាមនុស្សពេញវ័យ។
លោកស្រីបានថ្លែងនៅក្នុងកិច្ចជំនួបនេះ ដែលធ្វើឡើងនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ នាទីស្តីការក្រសួងសុខាភិបាល ថា លោកស្រីឆាប់ៗនេះ នឹងចូលនិវត្តន៍ តែលោកស្រីបានបន្តថា ទោះបីជាអ្នកស្រីចាកចេញ ក៏ប៉ុន្តែ (UNFPA) នៅតែបន្ត ប្តេជ្ញាជួយគាំទ្រដល់វិស័យសុខាភិបាលជានិច្ច ហើយអ្នកបន្តវេន ពីលោកស្រី នឹងធ្វើដំណើរមកកម្ពុជា ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។
លោកស្រីបន្ថែមថា ពេលនេះ (UNFPA) កំពុងរៀបចំកម្មវិធីមូលនីធិបន្ថែមទៀត លើវិស័យសុខាភិបាលនេះ ពិសេសលើកម្មវិធីផ្នែកសុខាភិបាលមាតា ទារក និង បញ្ហាមនុស្សពេញវ័យ។
លោកស្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ដែលបានអនុញ្ញាតិឲ្យតំណាង (UNFPA) បន្តជាដៃគូរដោយជិតស្និត ក្នុងការរួមចំណែកជម្រុញកិច្ច អភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ហើយនឹងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅកម្ពុជា។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់លោកស្រី ក៏ដូចជាអង្គការ UNFPA ចំពោះការឧបត្ថម្ភគាំទ្រកន្លងមកលើវិស័យសុខាភិបាល និងក្រសួងពាក់ព័ន្ធផ្សេងទៀត ពិសេសកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញការងារជា គុណប្រយោជន៍ដល់ប្រជាជនកម្ពុជា កន្លងមកនេះ។
លោកវេជ្ជបណ្ឌិត បានស្វាគមជានិច្ច ចំពោះវត្ដមានរបស់អង្គការ UNFPA ក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការកាន់តែរឹងមាំបន្ថែមទៅថ្ងៃអនាគត៕