ភ្នំពេញ៖ មាត្រាចំនួនពីរ ក្នុងចំណោមមាត្រា ១០០ នៅក្នុងសេចក្តីព្រាងច្បាប់សហជីព ត្រូវបានក្រុមការងារចំពោះកិច្ចមកពីគណបក្សមានអាសនៈក្នុងរដ្ឋសភា លើកយកមកពិភាក្សា និងពិនិត្យមើលឡើងវិញ កាលពីរសៀលថ្ងៃចន្ទ ក្នុងកិច្ចប្រជុំពិភាក្សាផ្តល់យោបល់ជុំវិញសេចក្តីព្រាងច្បាប់សហជីព ជាលើកដំបូងនៅវិមានរដ្ឋសភា។ មាត្រាទាំងពីរដែលត្រូវពិនិត្យឡើងវិញនោះ រួមមាន មាត្រា ៣ និយាយពីការដាក់បញ្ចូលនូវវិសាលភាពនៃអង្គការសហជីព និងមាត្រា ៤ និយាយពីរចនាសម្ព័ន្ធរបស់សហជីពនិងការបង្កើតសហភាពសហព័ន្ធសហជីព។
ក្រុមការងារចំពោះកិច្ចមកពីគណបក្សជាប់ឆ្នោតទាំងពីរមានអាសនៈក្នុងរដ្ឋសភា បានជួបប្រជុំគ្នាជាលើកដំបូង លើកយកមាត្រាចំនួនពីរក្នុងចំណោមមាត្រាទាំងអស់ចំនួន ១០០ នៅក្នុងសេចក្តីព្រាងច្បាប់សហជីពមកពិនិត្យនិងពិភាក្សាឡើងវិញ។
ចំណុចទាំងពីរដែលក្រុមការងារចំពោះកិច្ច លើកយកមកពិភាក្សានោះ ស្ថិតនៅក្នុងចំណោម ២១ ចំណុច ដែលអង្គការសហជីពស្នើឱ្យគណៈកម្មការមានការរដ្ឋសភាពិនិត្យមើលនិងកែលម្អសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះឡើងវិញ។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ជាមួយវិទ្យុស្ត្រី FM 102 នៃ WMC ថា ជាលទ្ធផល គឺគណៈកម្មការចំពោះកិច្ច បានពិភាក្សា និងផ្ដល់យោបល់លើមាត្រា ៣ និយាយពីវិសាលភាពនៃការដាក់បញ្ចូលសមាជិកភាពនៃអង្គការសហជីព ដែលជាប់ពាក់ព័ន្ធនឹងការដាក់បញ្ចូលកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលជាសមាជិក និងមាត្រា ៤ និយាយពីរចនាសម្ព័ន្ធរបស់សហជីពនិងការបង្កើតសហភាពសហព័ន្ធសហជីព។
លោក សុខ ឥសាន បានឱ្យដឹងបន្ថែមទៀតថា បន្ទាប់ពីការពិនិត្យមាត្រា ៤ ឡើងវិញ ដើម្បីបង្កើតរចនាសម្ព័ន្ធរបស់សហជីពបានក្នុងច្បាប់នេះ បានសម្រេចថា យ៉ាងតិចមនុស្ស ១០ នាក់ អាចមានសិទ្ធិបង្កើតសហជីពមូលដ្ឋានមួយបាន ហើយការបង្កើតសហព័ន្ធសហជីពកន្លងមកមាន ៩ នាក់ អាចសម្រួលមកត្រឹម ៧ នាក់ និងការបង្កើតសហភាពសហព័ន្ធសហជីព អាចសម្រួលមកនៅត្រឹម ៥ នាក់ ដែលឆ្លើយតបនឹងការចង់បានរបស់អង្គការសហជីព។
តំណាងគណៈកម្មការចំពោះកិច្ចមកពីគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ជាមួយវិទ្យុស្ត្រីកាលពីម្សិលមិញដែរថា គណៈកម្មការចំពោះកិច្ចនៃគណបក្សទាំងពីរ បានពិនិត្យនិងពិភាក្សាគ្នា លើមាត្រាមួយចំនួននៃចំណុចទាំងឡាយដែលជាការស្នើសុំរបស់អង្គការសហជីព។
ចំណុចដែលត្រូវបានឯកភាពគ្នា មានដូចជា ការពិនិត្យទៅលើវិសាលភាពច្បាប់ស្តីពីសហជីពនេះ ដោយនិយាយផ្ដោតលើការស្នើសុំរបស់អង្គការសហជីពឲ្យដាក់បញ្ចូលកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានកម្មករបម្រើការងារតាមផ្ទះ និងសេវាផ្សេងៗ ចូលទៅក្នុងច្បាប់អង្គការសហជីពឱ្យមានសិទ្ធិចូលជាសមាជិកសហជីព។
ទន្ទឹមគ្នានេះ លោក សុន ឆ័យ បន្តថា គណៈកម្មការចំពោះកិច្ច បានយល់ស្របគ្នាលើចំណុចនៃការស្នើសុំរបស់អង្គការសហជីព ចំពោះការរៀបចំក្នុងការចុះបញ្ជីបង្កើតសហជីព ព្រមទាំងបានពិភាក្សាគ្នាលើចំណុចស្តីពីការសម្រេចចិត្តធ្វើបាតុកម្មរបស់អង្គការសហជីពជាដើម។
លោក ហ្វា សាលី ប្រធានសហជីពជាតិ បានមានប្រសាសន៍ជាមួយវិទ្យុស្ត្រីដែរថា លោកគាំទ្រចំពោះការរៀបចំការពិនិត្យ ពិភាក្សាលើចំណុចមួយចំនួនក្នុងច្បាប់សហជីព ដែលអង្គការសហជីពបានស្នើសុំឱ្យរដ្ឋសភាពិនិត្យឡើងវិញ ដែលធ្វើឡើងដោយគណៈកម្មាការចំពោះកិច្ចនៃគណបក្សនយោបាយធំៗទាំងពីរ។ លោកបានបន្តទៀតថា ការបង្កើតច្បាប់នេះ មិនមានលក្ខណៈទូលំទូលាយនោះទេ វាហាក់ដូចជា ស្ថិតនៅក្រោមហេតុផលនយោបាយ ច្រើនជាងផលប្រយោជន៍សម្រាប់អង្គការសហជីព។
លោក ហ្វា សាលី បានបញ្ជាក់ទៀតថា ការគ្រប់គ្រងហិរញ្ញវត្ថុនៃអង្គការសហជីព រដ្ឋាភិបាលមិនលូកដៃនោះទេ ព្រោះរដ្ឋាភិបាលមិនមែនជាអ្នកផ្តល់ជំនួយដល់អង្គការសហជីពឡើយ ហើយច្បាប់សហជីពនេះ គួរតែមានចែងពីសេរីភាពនៃការការពារដល់មេដឹកនាំសហជីពឱ្យបានល្អជាដើម។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលរដ្ឋសភាបានទទួលពីរាជរដ្ឋាភិបាល មានចំនួន ១៧ ជំពូក និងចែកចេញជា ១០០ មាត្រា។ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៦ ខាងមុខ គណៈកម្មាការចំពោះកិច្ច នឹងពិភាក្សាលើ ចំណុចមួយចំនួននៃការស្នើសុំរបស់អង្គការសហជីពបន្តទៀត នេះបើតាមការបញ្ជាក់របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
ក្នុងសេចក្តីថ្លែងហេតុដែលរាជរដ្ឋាភិបាល បានភ្ជាប់មកជូន រដ្ឋសភា ជាមួយសេចក្តីព្រាងច្បាប់សហជីព បានឱ្យដឹងថា បច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសហជីពមូលដ្ឋានចំនួន ៣ ២១៤ សហព័ន្ធសហជីពមានចំនួន ៨៤ សហភាពសហព័ន្ធសហជីពមានចំនួន ១៣ និងសមាគមនិយោជកមានចំនួន ៥៕