loader

មរណភាពនួនជា បន្សល់ទុកនូវភាពមិនច្បាស់លាស់នៃយុត្តិធម៌ជនរងគ្រោះ

ទោសជាប់ពន្ធនាគារអស់មួយជីវិតរបស់អតីតមេដឹកនាំកំពូល និង មិនកំពូលខ្មែរក្រហមនៅតែមិនរំងាប់កំហឹង​និងស្មារតីទាមទារយុត្តិធម៌ របស់ប្រជាជនរងគ្រោះ។រហូតដល់ការស្លាប់របស់លោកអៀងសារី លោកស្រី អៀងធារិទ្ធ និង នៅថ្ងៃទី៤ សីហាឆ្នាំ២០១៩ ម្សិលមិញនេះ គឺបងធំទី២របបខ្មែរក្រហមលោកនួនជាបានទទួលមរណភាពក៏គេឃើញមានមតិសាធារណជន ចាប់កក្រើកប្រតិកម្មពេញបណ្ដាញសង្គម ហាក់លេចចេញនូវមតិថ្កោលទោស មតិគាំទ្រ និង សង្ស័យដែលអាចបង្ហាញជារួមថា ពួកគេរកមើលមិនឃើញច្បាស់ពី យុត្តិធម៌ដែលបានមកពីការកាត់ទោសលើពួកគាត់នោះទេ។អ្នកប្រើប្រាស់បណ្ដាញសង្គមច្រើនរៀបរាប់ដោយខ្លីប្រកបដោយក្ដីមន្ទិលក្រោយការស្លាប់លោកនួន ជាម្នាក់នេះទៀតថា អាថ៌កំបាំងនៃប្រព័ន្ធដឹកនាំដែលធ្វើឱ្យមានការសម្លាប់ មនុស្សយ៉ាងរង្គាលនៅតែមាន។  

កញ្ញា ឆោម ពៅនិកា អធិប្បាយព័ត៌មាននេះ

ទោះពុំមែនជាសម្រែកនៃការឈឺចាប់ ការស្ដាយស្រណោះចេញពីមាត់ជនរងគ្រោះ ដោយផ្ទាល់ឬប្រយោលក្ដី។នៅថ្ងៃទី៤សីហាឆ្នាំ២០១៩ ប្រជាពលរដ្ឋខ្មែររាប់រយនាក់ បានរួមគ្នាសរសេរបង្ហោះ និង ចូលទៅបញ្ចេញមតិនៅតាមបណ្ដាញសង្គមហ្វេស ប៊ុកតាមរយៈ គេហទ័ព័រសារព័ត៌មានជាតិអន្ដរជាតិធំៗ។ តាមរយៈសកម្មភាពនេះ ពលរដ្ឋខ្មែរបានបង្ហាញឱ្យឃើញទៅវិញអំពីភាពមន្ទិលសង្ស័យ ការមិនអស់ចិត្ត នៃយុត្តិធម៌ផ្ដល់ជូនពួកគេជាខ្មែរជំនាន់ក្រោយ ជាខ្មែរដែលងើបរស់ពីរបប ខ្មែរក្រហមថាមិនទាន់មាននៅឡើយនូវសច្ចភាពនៃយុត្តិធម៌អំពីការស្លាប់ប្រជាពលរដ្ឋយ៉ាងរង្គាល និង ធ្វើឱ្យជាតិលិចលង់ស្រោចស្រង់យ៉ាងត្រដាបត្រដួសវិញ  ជុំវិញមរណភាពនៃបងធំទី២ខ្មែរក្រហម គឺ លោកនួនជាដែលបានទទួល មរណភាពនៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត។

អតីតមេដឹកនាំកំពូលខ្មែរក្រហមម្នាក់ក្នុងចំណោមពីរនាក់ដែលកំពុងរងការដាក់ទណ្ឌកម្មពន្ធនាគារអស់មួយជីវិត ក្នុងបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋប្រឆាំងមនុស្សជាតិ បានទទួលមរណភាពហើយ។ មរណភាពរបស់អតីតមេដឹកនាំខ្មែរក្រហមដែលស្លាប់ក្នុងវ័យ៩៣ឆ្នាំនេះ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកម្នាក់ ឈ្មោះថាThern Oun Thom បានចូលទៅបញ្ចេញមតិនៅទំព័រហ្វេសប៊ុកសារព័ត៌មានហ្វ្រេសញ៉ូវថា «មនុស្សស្លាប់ហើយអ្វីក៍ស្លាប់ទៅអស់»។

តើលោកនួនជា ជាអ្នកណា ហើយការស្លាប់របស់គាត់ពិតជានៅតែបន្សល់ទុកភាព ចម្រូងចម្រាស់លើការពិតនៃរបបខ្មែរក្រហមឬ?

លោកនួន ជា មានឈ្មោះកំណើត ថា ឡុង ប៊ុនរួត។ លោកកើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ នៅខេត្តបាត់ដំបង។ លោកមានតំណែងក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរ ក្រហម គឺអនុលេខាធិការបក្ស និង ជាប្រធានរដ្ឋសភាប្រជាជន។

លោក នួនជា មានសញ្ជាតិថៃពេលដែលបាត់ដំបងខេត្តរបស់លោកស្ថិត នៅក្រោមការគ្រប់គ្រងរបស់សៀម។នួនជាមានបរិញ្ញាបត្រច្បាប់ ពីសកលវិទ្យាល័យល្បីល្បាញមួយនារាជធានីបាងកក គឺធម្មសាត។នៅថៃលោកបានធ្វើការជាស្មៀនឱ្យក្រសួងការបរទេសថៃ រហូតដល់ជាសមាជិក សភាថៃទៀតផង។តែក្នុងឆ្នាំ១៩៥០ លោកបានត្រឡប់មកមាតុភូមិវិញ ហើយបម្រើការឱ្យគណបក្សកុម្មុយនីស្ដឥណ្ឌូចិន ដែលមានការបង្វឹកហាត់ នយោបាយលោកទៅវិញទៅមកពីភ្នំពេញ និង ក្រុងហាណូយ។

នៅពេលមានការចុះកិច្ចព្រមព្រៀងក្រុងហ្សឺណែវ នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៥៤ ក្រុមខ្មែរកុម្មុយនិស្តត្រូវបែកជាពីរ មួយក្រុមរត់ទៅវៀតណាម មួយក្រុមទៀតលាក់ ខ្លួននៅប្រទេសកម្ពុជា។ ពេលនោះក្នុងឆ្នាំ១៩៥៤  នួន ជា បាន វិលត្រឡប់ពីប្រទេស វៀតណាមរួចក៏មកចូលរួមធ្វើការជាមួយក្រុមខ្មែរកុម្មុយនិស្ត ដែលនៅលាក់ខ្លួនក្នុង ទីក្រុងភ្នំពេញ និងចាប់ផ្ដើមស្គាល់ សាឡុត ស ហៅប៉ុល ពត ដែលម្នាក់ធ្វើការឱ្យសៀវ ហេង ជាលេខាបក្សប្រជាជនបដិវត្តន៍ខ្មែរ ទទួលបន្ទុកគ្រប់គ្រងបណ្តាញជនបទ និង ប៉ុល ពត ធ្វើការក្រោមបញ្ជាផ្ទាល់របស់ ទូ សាមុត ដែលទទួលបន្ទុកគ្រប់គ្រង បណ្តាញទីក្រុង។

រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ទូ សាមុត ត្រូវបានមហាសន្និបាតបក្សបោះឆ្នោត ឲ្យធ្វើជាលេខាបក្ស ជំនួស សៀវ ហេង ដែលបានផ្តាច់ខ្លួនទៅចុះចូលជាមួយសម្តេច នរោត្តម សីហនុ។ក្នុងឱកាសនោះ នួន ជា ក៏បានឡើងកាន់តំណែងជាអនុលេខាបក្ស ប្រជាជនបដិវត្តន៍ខ្មែរ ដែលជាតំណែងកំពូលលំដាប់ទីពីរ បន្ទាប់ពី ទូ សាមុត។ នួន ជា បានកាន់តំណែងជាអនុលេខាបក្សកុម្មុយនិស្តរហូតដល់ពេលដែលគាត់បានផ្តាច់ខ្លួនចុះចូលជាមួយរដ្ឋាភិបាលកម្ពុជា នៅខែធ្នូ ឆ្នាំ១៩៩៨។

ហើយកាលលោកជាប្រធានសភានៃរបបខ្មែរក្រហម នួន ជា នេះហើយជាអ្នកទទួល ខុសត្រូវក្នុងការចេញគោលនយោបាយឲ្យមន្រ្តីថ្នាក់មូលដ្ឋានអនុវត្ត ក្នុងនោះ រួមទាំងមន្រ្តីមន្ទីរ ស២១ ឬ គុកទួលស្លែងផងដែរ។លោកនួនជា ក៏ធ្លាប់បានធ្វើជានាយករដ្ឋមន្រ្ដីស្ដីទី ជំនួសប៉ុលពតម្ដងម្កាលដែរ។

ក្រោយពេលដែលរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នួន ជា បានរត់ទៅរស់នៅជាយដែនខ្មែរ-ថៃ ជាមួយមេដឹកនាំខ្មែរក្រហមផ្សេងៗទៀត និង ព្រម នួន ជា បានផ្តាច់ខ្លួនចុះចូលជាមួយរដ្ឋាភិបាល ជាថ្នូរនឹងការរួចផុតពីរាល់ការចោទប្រកាន់ពីបទឧក្រិដ្ឋនានាដែលគាត់បានប្រព្រឹត្តក្នុងរបបខ្មែរក្រហមក្នុងឆ្នាំ១៩៩៨។

យ៉ាងណា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ នួន ជា ត្រូវបានសមត្ថកិច្ចនាំខ្លួន ពីខេត្តកំណើតនៃស្រុកសំឡូត មកឃុំខ្លួននៅអង្គជំនុំជម្រះក្ដីនៃសាលាក្ដីខ្មែរក្រហម តាមដីកាចាប់ខ្លួនរបស់ សាលាក្ដីខ្មែរក្រហម។ លោន នួន ជា ត្រូវបានអង្គជំនុំជម្រះកាត់ទោសឱ្យជាប់គុកអស់មួយជីវិតពីបទឧក្រិដ្ឋកម្មសង្រ្គាមសម្លាប់មនុស្សយ៉ាងរង្គាល និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។

ថ្លែងនៅក្នុងសវនាការអង្គជំនុំជម្រះក្ដីវិសាមញ្ញតុលាការកម្ពុជាករណី០០២/០១ លោកនួនជា បានធ្វើការពន្យល់បកស្រាយនិងរិះគន់ចោទ ប្រកាន់ទៅលើប្រទេសវៀតណាម ដែលលោកថាយួនមានការពាក់ព័ន្ធ ក្នុងរឿងវាលពិឃាតនេះ។

លោកនួនជាក្នុងគ្រានោះ ក៏បានដាក់ការព្រួយបារម្ភអំពីសន្តិសុខ បូរណភាពទឹកដីកម្ពុជា ហើយលោកថ្លែងឱ្យយុវជនជំនាន់់ក្រោយសិក្សាពីប្រវត្តិសាស្រ្ដឱ្យបានច្បាស់។

បែបណាក៏ដោយលោកនួនជា នៅតែចង់ឃើញមិត្តវៀតណាមមិនប៉ះពាល់រំលោភ បំពានលើកម្ពុជាទៀតឡើយ។

ស្របតាមការលើកឡើងរបស់លោកនួនជា អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះថា Bosco Povបានសរសេរគាំទ្រស្មារតីជាតិនិយមលោកនួនជា ដោយលោកថា៖ «គាត់បានស្លាប់ម្នាក់ទៀតហើយ តែអង្គការលើ នៅតែមិនទានបានរកឃើញ។ ការពិតកាន់តែរសាត់ឆ្ងាយទៅៗហើយ ពណ៌ដែលគេបានលាបមកលើពួកគាត់ គ្មានអ្នកមកជូតទេ។យ៉ាងណាមិញខ្ញុំនៅតែកោតសរសើរពីស្មារតីជាតិនិយមរបស់ ពួកគាត់ (មិននិយាយពីពួកកម្មាភិបាលផ្ទៃក្នុង) ក្នុងរបបនោះ គ្មានឡើយយួនឈ្លានពាន។»


ស្រដៀងនេះដែរ ជាមតិគាំទ្រផងសង្ស័យផង ពីបុរសម្នាក់ឈ្មោះថាSok Tieng Man បានលើកមតិដោយភ្ជាប់ពីស្លោកចិនមួយជាមួយថា៖ «សោកស្តាយបំផុត ដែលអ្នកដែលដឹងច្បាស់ពីខ្មែរក្រហមពិតជានណាហើយនណាជាអ្នកបញ្ជាពីក្រោយស្លាប់ទៅ ហើយយកទៅអាថ៌កំបាំងទាំងអស់ទៅជាមួយ! មានតែមនុស្សស្លាប់ទេដែលលាក់អាថ៌កំបាំងបាន(ទ្រីស្តីរឿងចិន

ការព្រួយបារម្ភរបស់លោកនួនជា ពិតជាកង្វល់របស់កូនខ្មែរជំនាន់ក្រោយមែន Rita Chin បានចូលខំមិនទំព័រហ្វេសប៊ុកព័ត៌មានមួយដែរថា «យុតិ្តធម៌ សម័យខ្មែរក្រហមមើលមិនឃើញ សម្រាប់ប្រជាជនខ្មែរឡើយ ព្រោះក្លិនខ្មែរក្រហមិនទាន់បាត់ឆ្អាបផង សំណល់ខ្មែរក្រហម ដែលមានយួន និងចិន កំពង់រួមដៃគ្នា បន្តវិនាសកម្មអោយប្រទេសខ្មែរទៀតហើយ។
អឹុម គង់ ក៏ជាអ្នកលេងសង្គមហ្វេសប៊ុកផងដែរ លោកបានឱ្យការថ្លឹងថ្លែងអំពីអំពើល្អ អាក្រក់របស់លោកនួនជា ដោយបែបនេះគឺ « គាត់មានកំហុសមានទោស គាត់ទទួលទោសហើយ តែក៏កុំភ្លេចគុណខ្មែរក្រហមពេក យ៉ាងហោចណាស់ក៏គាត់បានរួមចំណែកច្បាំងនឹងយួនឈ្លានពានបានដីសល់អោយយើងរស់នៅដែរតើ
»។

យ៉ាងណាមិញ ក៏មានមតិថ្កោលទោសចំពោះសមិទ្ធិផលដែលចេញអំពីរបបខ្មែរក្រហម គឺសេចក្ដីវិនាសរបស់ជាតិ ការព្រាត់ប្រាស់ឪពុកម្ដាយ ដែលបណ្ដាលឱ្យSok Line សរសេររៀបរាប់យ៉ាងខ្លីតែបង្កប់នូវការឈឺចាប់ថា «ខ្ញុំកើតជាតិនេះមិនបានស្គាល់ មុខលោកឪពុកអ្នកម្ដាយ បងៗចំនួន(08នាក់)ដែលត្រូវពួកខ្មែរក្រហមសម្លាប់អស់ ឲកូនពៅកំព្រានៅអាយុ(06ឆ្នាំ)»

ថែមជាងនេះទៅទៀត ប្រហែលបុរសម្នាក់ឈ្មោះថា Ngor Chumnith ឈឺចាប់ខ្លាំងនឹងទង្វើដែលលោកគិតលើអតីតមេដឹកនាំកំពូលខ្មែរក្រហមរូបនេះដោយថា៖ «តាមយោបល់ខ្ញុំផ្ទាល់ខ្លួន មិនគួរអោយដីខ្មែរលោកឃាដរនេះកប់ទេ»។ ចំណែកអ្នកលេងហ្វេសប៊ុកម្នាក់ទៀតឈ្មោះថា បូរ៉ា បែរជាលើកនៅទស្សនៈកម្មផលថា« វេនកម្មដែលត្រូវទទួលគ្មានអ្វីដែរប្រកែកបាន»

ក្នុងនោះក៏មានកុល សុឃាម្នាក់ បានគិតថា ការស្លាប់របស់លោកនួន ជាគឺគ្មានអ្វីគួរឱ្យចាប់អារម្មណ៍នោះទេ តែលោកចូលមកបញ្ចេញមតិ ដោយសរសេរយ៉ាងដូចនេះ៖ «ស្លាប់ទៅក៍គ្មានអ្នកសោកស្តាយដែរ ហើយនៅតែមានឈ្មោះមិនល្អក្នុងប្រវត្តិសាស្រ្តជារៀងរហូត»

តែបែបណាក៏ដោយ មានមហាជនជាច្រើនបានសរសេរដោយបង្កប់ផង បង្ហាញផង នៃទស្សនៈពីជម្រៅចិត្តរបស់ពួកគេអំពីការស្វះស្វែងរកយុត្តិធម៌ពីសច្ចភាពនៃរបបខ្មែរវាលពិឃាតនេះដោយចេញជាចម្ងល់និងការអស់សង្ឃឹមរៀងៗខ្លួន ព្រោះពួកគេមិនយល់ស្របនឹងអ្វីដែលមាននិងជាលទ្ធផលក្នុងសវនាការរបស់តុលាការកូនកាត់នេះទេ។ ខាត់ពៅ បានបញ្ចេញទស្សនៈ « ការចំណាយលុយកាត់ក្ដីរាប់លាន ដុល្លារក៏ពិតមែនតែរកមុខមិនឃើញ ទោះកាត់រយឆ្នាំទៀតក៏មិនឃើញដែរ!»

ដូច្នេះ ហើយ Ta Yeak ក៏ បានបញ្ចេញសារមួយយ៉ាងដែរថា៖ «សូមចូលរួមសោកស្តាយ ដែលប្រវត្តិសាស្រ្ត នៅតែជារឿងអាថ៌កំបាំង»។ក្នុងនោះក៏មានយុវជនម្នាក់ ឈ្មោះថា ជឿន សុបុញ្ញឫទ្ធិ​លើកចំៗអំពីក្ដីសង្ឃឹមនៃយុត្តិធម៌លើការពិតក្នុងរបបនេះដោយថា « ភាពយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិតទៅហាក់នៅឆ្ងាយសន្លឹម រីឯសក្សីត្រូវស្លាប់ម្តងមួយៗ តើគួរស្វែងរកសច្ចៈភាពសម្រាប់ពលរដ្ឋខ្មែរ ឃើញឬយ៉ាងណា ?»

តែអ្នកបញ្ចេញមតិខ្លះយល់ឃើញថា ការអនុវត្តមនោគមន៍វិជ្ជារបស់មេដឹក នាំចិនម៉ៅសេទង់ ហើយក្រោមឥទ្ធិពលរបស់ចិនខ្លាំងពេកនាំឱ្យការដឹកនាំ ប្រទេសនៃរបបកម្ពុជាប្រជាធិបតេយ្យជួបគ្រោះថ្នាក់បំផុតនិងកើតមានអំពីសម្លាប់រង្គាល។ Chhengeng Leng បញ្ចេញមតិនៅពីក្រោមទំព័រសារព័ត៌មានមួយដែរតាម ន័យទាំងស្រុងថា៖

«ទោះវៃពួកក្រុមបងធំប៉ុលពតដល់ស្លាប់ក៏ដោយក៏ពួកគាត់នៅតែថា ពួកគាត់ស្រឡាញ់ខ្មែរហើយមិនបានធ្វើបាបខ្មែរដែរព្រោះគាត់បានចាញ់មនោគមន៍វិជ្ជានយោបាយគេដោយមិនទាំងបានដឹងខ្លួនផង ដោយពេលនោះពួកគាត់បានយកមនោគមន៍វិជ្ជានយោបាយគេមកអនុវត្តទាំងដុលទាំងទទឹងទឹសដោយគ្មាមើលកាលៈទេសៈឬស្ថានភាពស្រុកទេសខ្លួនឯងអីបន្តិចទេ ដែលជាហេតុធ្វើឲកម្ពុជាពេលនោះមានស្ថានភាពលើសពីធ្លាក់នរកទាំងរស់ទៅទៀត!!!»

Sokkheng Ith ជាពលរដ្ឋខ្មែរម្នាក់ដែលជាអ្នកចូលមកបិទបញ្ចប់ចម្ងល់ នេះតាមរយៈការអំពាវនាវឱ្យខ្មែរឈ្វេងយល់ពីប្រវត្តិឱ្យបានល្អិតល្អន់។ អិដ្ឋ សុខេងសូមឱ្យមានការអហោសិកម្មឱ្យរូបលោកនួន ជា និង សរសេរថា៖ «គាត់ស្លាប់ហើយ តែយើងត្រូវតែរៀនពីមេរៀនប្រវត្តិសាស្រ្ត ដើម្បីកុំអោយកើតមានរបបដូចសម័យខ្មែរក្រហមទៀត!»៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមហ៊ុនផលិតកង់ធំៗ ព្រមានពីការរើចេញពីកម្ពុជា បើបាត់បង់ EBA

ក្រុងភ្នំពេញ៖ ស្របពេលប្រព័ន្ធពន្ធអនុគ្រោះ ​EB[...]

អតីតជនផ្ដាច់ការនៅហ្សិមបាវ៉េ៖សូមកុំយកសពខ្ញុំកប់នៅវិមានវីរៈជន ព្រោះខ្ញុំខ្លាចគេថាខ្ញុំក្បត់​ជាតិ

ជនបដិវត្តន៍ម្នាក់ដែលក្រោយមកក្លាយជនផ្ដាច់ការគឺ[...]

តើវត្តមានឯកអគ្គរដ្ឋទូតថ្មីអាមេរិក អាចជាការផ្ដល់លក្ខណៈនៃការវិលមកវិញរបស់លោកសមរង្ស៊ីដែរឬទេ?

សហរដ្ឋអាមេរិកទើបមានឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត