en     km
en     km

មន្រ្តីពាក់ព័ន្ធមួយចំនួន លើកឡើងពី ដំណោះស្រាយក្រោយពីការកាត់ផ្តាច់ជំនួយUSAID

Share

មិនមែនមានតែប្រទេសកម្ពុជាមួយទេដែលរងផលប៉ះពាល់ពីជំនួយ សហរដ្ឋអាមេរិកតាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ (USAID) មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអ្នកវិភាគគោលនយោបាយ និងអ្នកស្រាវជ្រាវសេដ្ឋកិច្ច បានលើកឡើងស្រដៀងគ្នាថា រដ្ឋាភិបាល ក៏ដូចជាអង្គការសង្គមស៊ីវិលនៅកម្ពុជា គឺមិនអាចធ្វើអ្វីបានទេ បើម្ចាស់ជំនួយគេបញ្ចប់  ព្រោះនេះជាសិទ្ធសម្រេចរបស់សហរដ្ឋអាមេរិកដែលជាម្ចាស់ជំនួយ។ តែជាដំណោះស្រាយ​ ភាគីពាក់ព័ន្ធមានតែ ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន​ ដោះស្រាយ និងស្វះស្វែងរកដៃគូអភិវឌ្ឍន៍ផ្សេងទៀតមកបំពេញបន្ថែមតម្រូវឱ្យដំណើរការទៅមុខជាបន្តទៀត ដោយមិនពឹងផ្អែកទៅលើដៃគូអភិវឌ្ឍន៍​ណាមួយដាច់ដោយឡែកតែឯងនោះឡើយ ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់វិទ្យុស្រ្តីថា ដូចយើងដឹងទាំងអស់គ្នាថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបង្កកជំនួយតាមរយៈUSAID មួយពិភពលោក ដូច្នេះគ្រប់ប្រទេសទាំងអស់ដែលទទួលបានជំនួយតាមរយៈUSAID ប៉ះពាល់ទាំងអស់ដូចគ្នា។ ដោយឡែកសម្រាប់កម្ពុជា ក៏ទទួលរងផលប៉ះពាល់ដែរ មួយផ្នែកធំពាក់ព័ន្ធសង្គមស៊ីវិល ដោយសារតែជំនួយរបស់USAID មិនជួយត្រង់មករដ្ឋាភិបាលទេ ជួយតាមរយៈអង្គការសង្គមស៊ីវិល​។ នៅក្នុងផ្នែក រដ្ឋាភិបាលវិញ លោក ថា មានគម្រោងមួយចំនួនដែលទទួលបានកិច្ចសហប្រតិបត្តិការ ពីសំណាក់ប្រតិបត្តិករសង្គមស៊ីវិល​ មកអនុវត្តគម្រោងមួយចំនួន ក្រោមជំនួយរបស់USAID ដូចជាក្នុងវិស័យ កសិកម្ម វិស័យសុខាភិបាល វិស័យដោះមីន ជាដើម ។

លោក ប៉ែន បូណា បានឱ្យដឹងទៀតថា​ កន្លងទៅមានសំណួរសួរថាតើអាមេរិកបង្កកជំនួយតាមរយៈUSAID ឬក៏ឈានទៅកាត់ផ្តាច់ជំនួយតែម្តង នោះ តើវាប៉ះពាល់ដល់ដំណើរការរបស់រដ្ឋាភិបាលកម្ពុជា ដែរឬទេ? ជាចម្លើយ លោកថា អត់ទេ ដោយសារតែ រាជរដ្ឋាភិបាល  បើប៉ះគម្រោងមួយណារាជរដ្ឋាភិបាល ដោះស្រាយតាមគម្រោងនោះជាក់ស្តែង ឧទាហរណ៍ដូចជាក្នុងករណី វិស័យដោះមីន ដោយរដ្ឋាភិបាលមិនធ្វើការពឹងផ្អែកទៅលើដៃគូអភិវឌ្ឍន៍​ណាមួយដាច់ដោយឡែកតែឯងទេ គឺមានដៃគូអភិវឌ្ឍន៍ច្រើនចូលរួមចំណែក ក្នុងវិស័យដោះមីននេះ មានដូចជា ចិន ជប៉ុន និងអូស្រា្តលីជាដើម ។ លោកបញ្ជាក់ថា​នៅក្នុងវិស័យដទៃទៀតក៏ដោះស្រាយដូចគ្នាដែរ។

ប្រភពរូបភាព៖ លោក ប៉ែន បូណា

លោក ប៉ែន បូណា៖« នៅក្នុងវិស័យផ្សេងៗទៀត ក៏យើងធ្វើដូចតែគ្នាហ្នឹង យើងស្វះស្វែងរកដៃគូអភិវឌ្ឍន៍ផ្សេងទៀតដើម្បីបន្តគម្រោងហ្នឹង យើងមិនបោះបង់ចោលគម្រោងណាមួយទេ ដោយសារម្ចាស់ជំនួយដកចេញទេ រាជរដ្ឋាភិបាលធ្វើការមួយផ្នែកព្យាយាមពង្រឹង សមត្ថភាពខ្លួនឯង កាត់បន្ថយ ការពឹងពាក់ពីខាងក្រៅ ទី១ និងទី២យើងមានដៃគូអភិវឌ្ឍន៍ច្រើនជាដៃគូ ធ្វើការជាមួយគ្នា យើងអាចប៉ះមួយ យើងទៅរកមួយទៀតមកប៉ះប៉ូវអ៊ីចឹងទៅ ដូច្នេះនិយាយសរុបទៅគឺ យើងមិនចង់ឱ្យមានការបាត់បង់អីទេ ប៉ុន្តែក្នុងករណីដែលរដ្ឋាភិបាលអាមេរិក សម្រេចថាអ៊ីចឹងក៏យើងមិនអាចទៅធ្វើអីគេកើត ដែរ យើងមានតែដោះស្រាយ សរុបមករដ្ឋាភិបាលដោះស្រាយគម្រោងដែលប៉ះពាល់ ដើម្បីឱ្យគម្រោងដំណើរការបន្ត»។

លោកស្រីសាស្រ្តាចារ្យ ព្រុំ ទេវី អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យកម្ពុជា បានលើកឡើងថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីនេះ គឺពិបាកអ្នកណាមួយដឹងជាមុនណាស់ ពិភពលោក មិនយល់អំពីគោលការណ៍ ឬក៏ច្បាប់ថាតើប្រទេសមហាអំណាចមួយនេះគាត់ចង់ដើរទៅទិសណានោះទេ។ ដោយឡែកសម្រាប់កម្ពុជា លោកស្រី សាស្ត្រាចារ្យ មើលឃើញថា   រាជរដ្ឋាភិបាលអាចនឹងប្រឈមនឹងការឈប់ផ្តល់ឱ្យការអនុគ្រោះពន្ធ សម្រាប់ការនាំចេញ ទំនិញរបស់កម្ពុជា ឬក៏ឈប់ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅរៀនជាដើម។ ជាដំណោះស្រាយលោកស្រីសាស្រ្តាចារ្យ ថា គឺយើងធ្វើពិពិធកម្មទំនិញរបស់យើងសម្រាប់ការនាំចេញ មិនត្រឹមតែជាមុខទំនិញទេ ថែមទាំងទិសដៅ ជាការនាំចេញទៀតផង ដោយមិនផ្តោតទៅលើតែសហរដ្ឋអាមេរិកមួយឡើយ។

លោកស្រីសាស្រ្តាចារ្យ ព្រុំ ទេវី៖«​​ឧទាហរណ៍ ដូចជាការធ្លាប់អនុគ្រោះពន្ធលើការនាំចេញបន្ទះសូឡាអគ្គីសនី គឺយើងខំព្យាយាម រកទំនិញផ្សេងទៀតដែលអាចយកចេញទៅមានន័យថា យើងធ្វើពិពិធកម្មទំនិញរបស់យើងសម្រាប់ធ្វើការនាំចេញ។ ពិពិធកម្មមិនមែនតែមុខទំនិញទេ ថែមទាំង ទិសដៅនៃការនាំចេញទៀតផង មានន័យថា យើងមិនផ្តោតលើសហរដ្ឋអាមេរិកតែមួយទេ មុខទំនិញយើងព្យាយាមនាំចេញទៅសហគមអឺរ៉ុប ឬក៏ដៃគូពាណិជ្ជកម្មយើងផ្សេងទៀត ដូចជា ប្រទេសចិន ជប៉ុន កូរ៉េ និង    បណា្តប្រទេសផ្សេងៗទៀតក្រៅពីសហរដ្ឋអាមេរិក» ។

ប្រភពរូប៖លោកស្រីសាស្រ្តាចារ្យ ព្រុំ ទេវី 

សម្រាប់អង្គការសង្គមស៊ីវិល ដែលទទួលប្រភពថវិកា តែមួយ ពិសេសការិយាល័យ USAID តែម្តងនោះ លោកស្រីសាស្រ្តាចារ្យ ថា លំបាក ដោយសារតែ មិនមែនតែបុគ្គលិក​ ខ្មែរ ទេ ដែលត្រូវអត់ការងារធ្វើនោះ គឺទាំងបុគ្គលិកជនជាតិអាមេរិក  ផ្ទាល់ ឬក៏ឱ្យតែបុគ្គលិកUSAID នៅប្រទេសណាទាំងអស់ គឺសុទ្ធតែរងផលប៉ះពាល់ដូចគ្នា។ ជាដំណោះស្រាយ លោកស្រី សាស្រ្តាចារ្យ ថា​ មានតែព្យាយាមរកជំនួយពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត។

លោកស្រីសាស្រ្តាចារ្យ ព្រុំ ទេវី៖« ក្រៅពី ធ្វើពិពិធកម្មប្រភពថវិកាយើងអាចថា មានNGOគាត់មានប្រភពថវិកាផ្សេងទៀត ក្រៅពីការងារដែលធ្លាប់ទំលាក់បានមកពីUSAID ហ្នឹង យើងមើលប្រភពថវិកាផ្សេងទៀតដែលអាចធ្វើការងារផ្សេងទៀត  ជាពិសេស ការងារនោះគឺខ្ញុំសំដៅលើថា អ្វីជាតម្រូវការរបស់ប្រជាជនខ្មែរយើង ជាការបំពេញបន្ថែមទៅលើការងារដែលរាជរដ្ឋាភិបាលកំពុងតែដំណើរការហើយយើងអាចប្រម៉ើលមើលបានតើ ការបំពេញបន្ថែមគឺមានច្រើន»

អ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ស៊ឺន សំ បានលើកឡើងថា បើសិនជា សហរដ្ឋអាមេរិកសម្រេច បិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ  USAIDទាំងស្រុង តែម្តង គឺពិតណាស់ផលប៉ះពាល់កម្ពុជានឹងកើតមាន ជាពិសេសខ្មែរដែលធ្វើការឱ្យការអង្គការក្រៅរដ្ឋាភិបាល និងខ្មែរដែលធ្វើការក្នុងគម្រោងដោយផ្ទាល់និងទទួលប្រាក់បៀរវត្សរ៍ចេញពីគម្រោងUSAID គឺជាការពិតពួកគាត់ប៉ះពាល់មុនគេ មានន័យថា ពួកគាត់នឹងមិនទទួលបានប្រាក់បៀរវត្សរ៍ ប្រចាំខែដែលកើតចេញពីជំនួយ USAID នេះទេ។ លោកបន្ថែមថា រឿងនេះគឺមិនមាននរណាអាចឃាត់បានទេ ព្រោះនោះគឺជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក។ ជាដំណោះស្រាយ លោកថា ស្ថាប័នពាក់ព័ន្ធគួរតែពង្រីកវិសាលភាពក្នុងការរកថវិកាបន្ថែម ដោយលោកបានលើកឧទាហរណ៍ ពីស៊ីម៉ាក់ ដែលទទួលបានជំនួយថវិកាពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត បន្ទាប់ពីបង្កកជំនួយពីUSAID។

ប្រភពរូប៖លោក ស៊ឺន សំ

លោក ស៊ឺន សំ៖« ខ្ញុំចង់បញ្ជាក់ថា រឿងនេះអត់មានអ្នកណាអាចឃាត់បានទេ ដោយារតែនោះគឺជាការសម្រេចចិត្តរបស់ក ដែលមានលោក ដូណាល់ត្រាំជាប្រធានាធិបតី ដែលតាំងពីគាត់ឡើងកាន់តំណែងគឺគាត់ចាត់វិធានការ ផ្សេងៗដើម្បីទប់ថវិកា​លុយ ឱ្យនៅក្នុងសហរដ្ឋអាមេរិក ព្រោះគាត់គិតថា សហរដ្ឋអាមេរិកចាយលុយទៅក្រៅប្រទេសច្រើនពេក អ៊ីចឹងគាត់ចង់សន្សំលុយទុកក្នុងសហរដ្ឋអាមេរិក ។ ជាការពិតនេះជាយុទ្ធសាស្រ្តមួយរបស់លោកដូណាល់ត្រាំ តែម្តង។ រាជរដ្ឋាភិបាលកម្ពុជាមិនបានបដិសេធនូវជំនួយអភិវឌ្ឍន៍ ដែលដៃគូអភវឌ្ឍន៍នានាជួយមកប្រទេសកម្ពុជា ទេ នេះគឺជាការសម្រេចចិត្តទាំងស្រុងរបស់សហរដ្ឋអាមេរិក។ ដោយឡែក បើយើងនិយាយជាដំណោះសា្រយខ្ញុំគិតថា ការបំពេញបន្ថែមជាការបំពេញបន្ថែម នូវការដកចេញជំនួយ USAID គឺភ្នាក់ពាក់ពន្ធ ឬស្ថាប័នពាក់ព័ន្ធគួរតែពង្រីកវិសាលភាពរកថវិកាបន្ថែម ឧទាហរណ៍ដូចជាស៊ីម៉ាក់ កន្លងមកបានទទួលគម្រោងជំនួយ ពីUSAID ដែរ ប៉ុន្តែលោកមានដៃគូផ្សេងទៀតដូចជាជប៉ុន ហើយថ្មីៗនេះភាគីចិន ក៏បានដាក់ថវិកា៤.៤លានដុល្លារអាមេរិកដើម្បីបំពេញបន្ថែម នូវតម្រូវការប្រតិបត្តិការរបស់ស៊ីម៉ាក់​​។ អ៊ីចឹងមានន័យថា​ស្ថាប័នផ្សេងៗទៀត  NGO ក៏ដូចគ្នាកុំពឹងផ្អែកម្ចាស់ជំនួយតែមួយអាចរកប្រភពថវិកាផ្សេងៗគា្នទៀត ដើម្បីយកមកបំពេញបន្ថែម បំពេញព្រឹត្តិការណ៍ប្រចាំខែ ប្រចាំថ្ងៃ ប្រចាំឆ្នាំរបស់ខ្លួន។»

 អ្នកវិភាគគោលនយោបាយរូបនោះ ជឿជាក់ថា រដ្ឋាភិបាលកម្ពុជាលោកក៏សប្បាយចិត្តដែរ ប្រសិនបើអង្គការផ្សេងៗអាចរកថវិកាមកបំពេញប្រតិបត្តិការនៅក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន សំដៅថាបង្កើតការងារជូនពលរដ្ឋខ្មែរ ដែលជាអ្នកធ្វើការតាមអង្គការសង្គមស៊ីវិលនោះ ដើម្បីឱ្យមានប្រាក់បៀរវត្សរ៍សម្រាប់ចិញ្ចឹមជីវិត​ និងចិញ្ចឹមគ្រួសាររបស់គេ៕

 

 

Share

ព័ត៌មានទាក់ទង