មន្ទីរពេទ្យកាល់ម៉ែត នឹងបើកយុទ្ធនាការពិនិត្យសុខភាពមាត់ស្បូននិងសុដន់ដល់ស្ត្រីនៅកម្ពុជា ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺមហារីករបស់ស្រ្ដីនៅកម្ពុជារយៈពេល ១ ខែ គឺចាប់ពីថ្ងៃទី ២២ ខែកក្កដា ដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៥ ខាងមុខ។ យុទ្ធនាការនេះ នឹងផ្តល់នូវសេវាពិនិត្យសុខភាពមាត់ស្បូនជូនដល់ស្រ្តីចំនួន ៣០០ នាក់ និងពិនិត្យសុដន់ជូនដល់ស្រ្តីក្រីក្រចំនួន ២០០ នាក់ ដោយឥតគិតថ្លៃ។
លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ប្រធានផ្នែកវិភាគជំងឺមហារីកប្រចាំមន្ទីរពេទ្យ កាល់ម៉ែត បានឱ្យដឹងថា ដោយមើលឃើញនូវអត្រាកើតនិងស្លាប់ដ៏គួរឲ្យព្រួយបារម្ភរបស់ជំងឺមហារីកទាំងពីរ មន្ទីរពេទ្យ កាល់ម៉ែត បានចាប់ផ្តើមឡើងនូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលើកទី៧ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសុខាភិបាល និងបានជំនួយថវិកាមកពីកម្មវិធីសប្បុរសធម៌រត់ប្រណាំងក្នុងស្រុកបញ្ឈប់ជំងឺមហារីកស្រ្តី។
លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមទៀតថា៖ « ប្រសិនបើស្រ្តីគ្រប់រូបមកពិនិត្យសុខភាពស្បូននិងសុដន់របស់ខ្លួនបានទាន់ពេលវេលា គឺជាការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន។ ការពិនិត្យសុខភាពជាសាធារណៈនេះ អាចរកឃើញសញ្ញាណដំបូងនៃជំងឺមហារីករបស់ស្ត្រីបាន បន្ទាប់មកគ្រូពេទ្យនឹងអាចព្យាបាលជំងឺដ៏កាចហាវមួយនេះ ឱ្យបានទាន់ពេលវេលា រហូតដល់ជាសះស្បើយដូចធម្មតា។ ក្នុងករណីស្ត្រីមិនបានយកចិត្តទុកដាក់ពិនិត្យសុខភាពស្បូននិងសុដន់របស់ខ្លួន ស្ត្រីអាចប្រឈមមុខខ្លាំងនឹងជំងឺមហារីក នឹងឈានទៅរកការបាត់បង់ជីវិត»។
ប្រធានផ្នែកវិភាគជំងឺមហារីកប្រចាំមន្ទីរពេទ្យ កាល់ម៉ែត រូបនេះ បានបញ្ជាក់ផងដែរថា លក្ខខ័ណ្ឌនៃការចូលរួមពិនិត្យសុខភាព សម្រាប់ការពិនិត្យសុដន់ គឺស្រ្តីគ្រប់វ័យអាចចូលរួមពិនិត្យបាន ពិសេសអ្នកមានរោគសញ្ញានៅនឹងសុដន់ ឬមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ។ ចំពោះការពិនិត្យសុខភាពមាត់ស្បូន គឺសម្រាប់ស្រី្តដែលរៀបការរួចមានអាយុចន្លោះពី ៣០ ដល់ ៥០ ឆ្នាំ។
ប្រទេសកម្ពុជាមានអត្រាកើតនិងស្លាប់ដោយសារជំងឺមហារីកមាត់ស្បូនច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៏។ ក្នុងនោះ ចំនួនអ្នកកើតជំងឺមហារីកមាត់ស្បូនមានប្រមាណជាង ១៥០០ នាក់ក្នុងមួយឆ្នាំ ហើយស្រ្តីប្រមាណ ៦០% បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំដោយសារជំងឺដ៏កាចសាហាវនេះ។ ដោយឡែក ជំងឺមហារីកសុដន់ជាជំងឺមហារីកទីពីរដែលកើតមានញឹកញាប់បំផុតលើស្រ្តីកម្ពុជាបន្ទាប់ពីជំងឺមហារីកមាត់ស្បូន។
សូមបញ្ជាក់ថាតាមស្ថិតិរបស់អង្គការសុខភាពពិភពលោក (WHO) ជំងឺមហារីកជាមូលហេតុចំបងនៃមណៈភាព ដែលមានអ្នកស្លាប់សរុបទូទាំងពិភពលោកចំនួនប្រមាណ ៧ លានប្រាំមួយសែននាក់នៅក្នុងឆ្នាំ ២០០៨ ។ នៅក្នុងឆ្នាំ ២០៣០ អត្រាអ្នកកើតជំងឺមហារីកនឹងកើនឡើងដល់ ២១ លានបួនសែននាក់ក្នុងមួយឆ្នាំ ទន្ទឹមគ្នានេះដែរ ៧០% នៃករណីថ្មីនេះគឺកើតមាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាព្រះរាជាណាចក្រកម្ពុជាជាដើម៕