ភ្នំពេញ៖ អុ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រី នៅព្រឹកថ្ងៃទី ០៦ កញ្ញានេះថា រយៈពេល ៥ ថ្ងៃមកនេះ ពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង ៨៣ម៉ឺននាក់។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប មិនទាន់ទទួលពាក្យបណ្ដឹងអំពីភាពមិនប្រក្រតីណាមួយពីគណបក្សនយោបាយ និងប្រជាពលរដ្ឋនៅឡើយទេ។
សូមស្ដាប់បទសម្ភាសន៍ខ្លីរបស់លោក ហង្ស ពុទ្ធា ដូចតទៅ៖
តាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វ ផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពី ដំណើរការប្រព្រឹត្តទៅនៃការចុះឈ្មោះបោះឆ្នោតនៅតាម ឃុំ សង្កាត់ និងលទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត រួមទាំងការប្ដឹង និងការដោះស្រាយបណ្ដឹងអំពីការចុះឈ្មោះបោះឆ្នោត។
បើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដដែល បញ្ជាក់ថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅពីថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១០ ព្រឹក នៅសាលសន្និសីទ គ.ជ.ប ក្រោមការដឹកនាំរបស់លោក មាន សទិ សមាជិក គ.ជ.ប។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោត ឃុំ សង្កាត់ គឺមានរយៈពេល ៣ខែ ដោយរាប់ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ២៩ វិច្ឆិកា។ រីឯថ្ងៃបោះឆ្នោត គឺធ្វើឡើងនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ។
ទាក់ទងនឹងដំណើរការចុះឈ្មោះបោះឆ្នោតនេះដែរ មន្ដ្រីអង្គការសង្គមស៊ីវិលជាច្រើនបានជំរុញអោយប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋ និងការអភិវឌ្ឍក្នុង ឃុំ សង្កាត់ របស់ខ្លួន៕