ភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់វិទ្យុនៅថ្ងៃទី០៣ខែឧសភានេះថា ដំណើរការក្តីក្នុងសំនុំរឿង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ តាំងពីដើមរហូតមកដល់មានការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស ៤នាក់និង មន្រី្ត គ ជ ប មួយរូប គឺតុលាការធ្វើបានត្រឹមត្រូវតាមនីតិវិធីច្បាប់យ៉ាងពិតប្រាកដ ។ ការថ្លែងអះអាងនេះ គឺបន្ទាប់ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិប្រមាណ៦០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញដូចនេះ។ លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ ៖
ទាំងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងរដ្ឋាភិបាល សុទ្ធអះអាងថា ការចាប់ឃុំខ្លួន មន្ត្រីសង្គមស៊ីវិល ៤រូបនៃសមាគមអាដហុក នឹងលោក នី ចរិយា អគ្គលេខាធិការរង គជប គឺធ្វើតាមច្បាប់កំណត់ មិនបានបំពានគោលការណ៍សិទ្ធិមនុស្សឡើយ ។
ការថ្លែងនេះធ្វើឡើង បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិប្រមាណ៦០ ចាត់ទុកចំណាត់ការរបស់តុលាការក្រុងភ្នំពេញ និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចាត់ការលើអង្គការសង្គមស៊ីវិលថា មានចរិតនយោបាយហើយថា ទង្វើរបស់ស្ថាប័នទាំងពីរនោះ គឺជាឧបករណ៍របស់រដ្ឋាភិបាលក្នុងការបង្ក្រាបអង្គការសង្គមស៊ីវិលតែប៉ុណ្ណោះ ។ អង្គការទាំងនេះរិះគន់ថាជាការប្រើប្រាស់ប្រព័ន្ធតុលាការ និងស្ថាប័នរដ្ឋដោយខុសនីតិវិធី គឺដើម្បីជាឧបករណ៍គំរាមកំហែងបង្កើតជាករណីព្រហ្មទណ្ឌ និងដាក់ទោសចំពោះសកម្មភាពស្របច្បាប់របស់មន្ត្រីការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល ។
អង្គការទាំងនេះ ក៏ទាមទារឲ្យមានការដោះលែងអ្នកទាំង ៥នាក់នោះជាបន្ទាន់ ។ មន្ត្រីសមាគមអាដហុក មានលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន និងលោកស្រី លឹម មុនី ជាប់ចោទសូកប៉ានសាក្សី ចំណែកលោក នី ចរិយា ជាប់ពាក់ព័ន្ធសមគំនិត ករណីស្រីមុំ។ ពួកគាត់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ឃុំខ្លួនករណី កញ្ញាស្រីមុំឆ្លើយដាក់ ។
ទាក់ទងបញ្ហានេះ លោក លី សុផានណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍ណាមួយរបស់អង្គការសង្គមស៊ីវិល គឺជាសិទ្ធិសេរីភាពរបស់ពួកគេស្របតាមគោលគារណ៍លទ្ធិប្រជាធិបតេយ្យដែលកម្ពុជាមាន ។ តែយ៉ាងណាលោក សង្កត់ធ្ងន់ថា ចំចំណាត់ការរបស់តុលាការ គឺធ្វើទៅតាមនីតិវិធីច្បាប់របស់ខ្លួនដោយមិនមានការបង្គាប់បញ្ជាពីស្ថាប័នណាមួយនោះទេ ។
លោក លី សុផានណា៖ នេះជាសិទ្ធិរបស់គាត់! អញ្ចឹងយើងមិនអាចឆ្លើយតបអីជាមួយគាត់ទេ។ គាត់ចង់និយាយអី អាហ្នឹងជារឿងរបស់គាត់ តែយើងដំណើរការនីតិវិធីរបស់យើងដោយត្រឹមត្រូវ ។
យ៉ាងណាក៍ដោយអង្គការតម្លាភាពអន្តរជាតិ ក៏ចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដោយអំពាវនាវឱ្យអាជ្ញាធរកម្ពុជា គោរពសិទ្ធិការងារ និងបញ្ឈប់ការយាយី និងគំរាមកំហែងទៅលើសកម្មជនការពារសិទ្ធមនុស្ស។
អនុប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការតម្លាភាពអន្តរជាតិ លោកស្រី អេលេណា ប៉ានហ្វីឡូវ៉ា (Elena Panfilova) មានប្រសាសន៍ថា អង្គការនេះមានការព្រួយបារម្ភយ៉ាងខ្លាំងនៅការជ្រៀតជ្រែកផ្នែកនយោបាយ និងការគំរាមកំហែង អ្នកការពារសិទ្ធមនុស្ស និងអ្នកប្រឆាំងអំពើពុករលួយ ។
អង្គការអន្តរជាតិនេះ ហៅចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងសាលាដំបូងរាជធានីភ្នំពេញ កំពុងយាយី និងព្យាយាមបំបិទសំលេងអ្នកការពារសិទ្ធមនុស្សនៅកម្ពុជា ។
ពាក់ព័ន្ធក្នុងរឿងនេះដែរ អ្នកនាំពាក្យនៃទីស្តីការគណរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន លើកឡើងថា សេចក្តីថ្លែងការណ៍របស់បណ្តាអង្គការសង្គមទាំងនោះ គឺមិនមានសារៈសំខាន់អ្វីសម្រាប់ជាមូលដ្ឋានឱ្យរាជ រដ្ឋាភិបាលធ្វើការពិចារណា ព្រោះថាការលើកឡើងរបស់សង្គមស៊ីវិលនេះ គឺមិនឆ្លុះបញ្ចាំងការពិតដែលកើតមាន ពោលគឺមានចរិតភូតភរការពិត ។ លោក ផៃ ស៊ីផាន ថ្លែងគាំទ្រចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយថា បានធ្វើត្រឹមត្រូវតាមច្បាប់ ព្រោះមន្ត្រីសង្គមស៊ីវិលទាំងនោះបានរៀបចំបិទបាំង និងបំផ្លាញការពិតក្នុងករណីនេះ ដោយបានសូកប៉ាន់លើកនារីរងគ្រោះដោយមិនសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ។
មន្ត្រីអង្គការការពារសិទ្ធិសមាគមអាដហុកទាំងនោះ ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ានសាក្សី និងអគ្គលេខាធិការរង គ.ជ.ប ពីបទសមគំនិត តាមមាត្រា ៥៤៨ និងមាត្រា ២៩ហើយពួកគាត់អាចប្រឈមជាប់ពន្ធធាគារពី៥ ឆ្នាំ ទៅ ១០ឆ្នាំ ។
សាស្ត្រាចារ្យវិទ្យានយោបាយ និងជាតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា លោក សូ ចន្ថា និយាយថា រដ្ឋាភិបាល គប្បីគិតពិចារណាឡើងវិញទៅលើសេចក្តីថ្លែងការណ៍រួមនេះ ព្រោះរឿងរ៉ាវដែលកើតមានឡើងកន្លងមក វាអាចប៉ះពាល់ដល់មុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ។ មួយវិញទៀតក៏ធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចជាតិផងដែរ ដោយអ្នកវិនិយោគនឹងមិនហ៊ានមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ព្រោះគ្មានជំនឿលើប្រព័ន្ធច្បាប់របស់កម្ពុជាសព្វថ្ងៃនេះ ។ យ៉ាងណាលោកថា ដើម្បីឱ្យមានស្ថានការណ៍នយោបាយវិលមករកសភាពធម្មតាវិញ លុះណាសហគមអន្តរជាតិ និងអង្គការសហប្រជាជាតិដាក់សម្ពាធបន្ថែមជាងនេះ ដើម្បីឱ្យរដ្ឋាភិបាលពិចារណា ទម្លាក់ចោលបទចោទទាំងនោះ។
លោក សូ ចន្ថា៖ ខ្ញុំគិតថា សម្ពាធជាលក្ខណៈអន្តរជាតិគឺជាសម្ពាធបែបស្រទន់ ដែលវាធ្វើឱ្យកម្ពុជាយើងមានមុខុមាត់មិនល្អលើឆាកអន្តរជាតិ ដូច្នេះចង់ មិនចង់រដ្ឋាភិបាលត្រូវពិចារណាលើចំណុកនេះ។
សូមរំលឹកថា តុលាការរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២ខែឧសភា ម្សិលមិញបានសម្រេចបញ្ជូនមន្ត្រីសិទ្ធិមនុស្ស៤រូបទៅឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស ចំណែកលោក នី ចរិយា មន្ត្រីគ.ជ.ប ១រូប តុលាការបញ្ជូនទៅដាក់ពន្ធនាគាររាជធានីភ្នំពេញ ក្រោមបទចោទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ៕