លោក យិន ឈឿន ជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង ខេត្តកំពត ត្រូវក្រសួងអប់រំ សម្រេចលុបឈ្មោះចេញ ក្រោមហេតុផលបោះបង់ការងារ តែគ្រូបង្រៀនរូបនេះថា ការសម្រេចនេះ គឺអាចដោយសារលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សជំនាន់ថ្មី។ យ៉ាងណាមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចថា ករណីលោក យិន ឈឿន មិនពាក់ព័ន្ធរឿងនយោបាយទេ គឺដោយសារលោកប្រព្រឹត្តខុស ប៉ុន្តែអង្គការសិទ្ធិមនុស្សថា ប្រសិនជាករណីនេះជាការពិត គឺជាការរំលោភបំពានដល់សិទ្ធិ និងសេរីភាពរបស់ពលរដ្ឋ។ លោក គីម ចាន់ចាវ រាយការណ៍
ក្នុងសេចក្ដីសម្រេចដែល ចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២១ ខែតុលានេះបញ្ជាក់ថា លោក យិន ឈឿន ជាគ្រូបង្រៀនកម្រិតឧត្តម ឯកទេសប្រវត្តិវិទ្យានៅវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមហេតុផលសាមីខ្លួន បោះបង់ការងារ។ ទន្ទឹមនឹងការលុបឈ្មោះលោកចេញពីក្របខណ្ឌនេះ លោក យិន ឈឿន ក៏ត្រូវបានគណបក្សជំនាន់ថ្មី តែងតាំងលោកជាប្រធានក្រុមការងារថ្នាក់ជាតិរបស់គណបក្សជំនាន់ថ្មីប្រចាំខេត្តកំពត។
លោក យិន ឈឿន ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៥ ខែតុលានេះថា គ្រាន់តែលោកចូលរួមជីវភាពនយោបាយជាមួយបក្សជំនាន់ថ្មី បែរជាមន្ទីរអប់រំខេត្តសម្រេចផ្ទេរលោកទៅធ្វើការនៅមន្ទីរអប់រំខេត្តភ្លាមៗ ក្នុងពេលដែលលោកមិនបានស្នើសុំផ្លាស់ប្ដូរតួនាទីឡើយ។ មួយវិញទៀតចាប់តាំងពីលោកចូលបង្រៀននៅវិទ្យាល័យនេះក្នុងឆ្នាំ២០២២ រហូតមកដល់ពេលនេះ លោកមិនបាននិយាយពីរឿងនយោបាយជាមួយសិស្សានុសិស្សនោះទេ ហើយលោកក៏បានបំពេញការងារជាប់លាប់ និងគោរពតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលដោយមិនដែលបំពានឡើយ។
ក្នុងពេលដែលលោកអះអាងថា ខ្លួនមិនបានបំពានច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល តែបែរជាក្រសួងអប់រំ សម្រេចលុបឈ្មោះលោកចេញពីក្របខណ្ឌគ្រូបង្រៀនទៅវិញ ក្រោមហេតុផលថាលោកបោះបង់ការងារ។ ហេតុផលរបស់ក្រសួងនេះ លោកថា ជារឿងអយុត្តិធម៌សម្រាប់លោក ពីព្រោះលោកបំពេញការងារជាគ្រូបង្រៀននៅវិទ្យាល័យនេះយូរមកហើយ បែរជាសុខៗស្រាប់តែមានលិខិតពីមន្ទីរអប់រំឱ្យទៅលោកទៅធ្វើការនៅមន្ទីររបស់ខ្លួនទៅវិញ។
លោក យិន ឈឿន៖ «អ៊ីចឹងខ្ញុំអត់បានទៅបំពេញការងារ ព្រោះតែខ្ញុំអត់បានស្នើសុំផ្លាស់ប្ដូរទៅមន្ទីរទេ តែមន្ទីរអនុញ្ញាតឱ្យខ្ញុំផ្លាស់ប្ដូរ អ៊ីចឹងខ្ញុំមកសាលាក៏អត់កើតព្រោះគេដកកាលវិភាគខ្ញុំចេញ ហើយទៅមន្ទីរស្នើនឹងខ្ញុំសម្របសម្រួលទទួលយកការងារហ្នឹង។ អ៊ីចឹងខ្ញុំតវ៉ាប្ដឹងទៅតុលាការ ដើម្បីឱ្យតុលាការចេញដីកាកំណត់ឋានៈរបស់ខ្ញុំជាគ្រូបង្រៀនធម្មតានៅវិទ្យាល័យដើមរបស់ខ្ញុំ ប៉ុន្តែតុលាការកោះហៅឡើងតុលាការនៅថ្ងៃទី២៣នេះទេ តែថ្ងៃ២១នេះក្រសួងបានចេញសេចក្ដីសម្រេចមួយលុបឈ្មោះខ្ញុំ ដោយសារតែការបោះបង់ការងារ ហើយខ្ញុំអត់ទាន់បោះបង់ការងារហ្នឹងចោលផង គាត់ដាក់ថាខ្ញុំបោះបង់ការងារ»។
លោក យិន ឈឿន ។ រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក។
យ៉ាងណាក្នុងលិខិតដែលក្រសួងថាលោកបោះបង់ការងារ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ដែលទើបតែរដ្ឋមន្ត្រីក្រសួងអប់រំ ចុះហត្ថលេខានៅថ្ងៃទី២១ ខែតុលានេះគឺធ្វើឡើង ក្នុងពេលដែលលោកបានបំពេញការងារជាគ្រូបង្រៀនយ៉ាងត្រឹមត្រូវ ដោយបានឧទ្ទេសនាមជាអ្នកកែវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិថែមទៀតផងកាលពីថ្ងៃទី១៤ ខែតុលាកន្លងមកនេះ។ ដូច្នេះលោកបញ្ជាក់ថា ត្រង់ចំណុចនេះ ជាភស្ដុតាងថាលោកមិនបានបោះបង់ការងារ តួនាទីគ្រូបង្រៀនរបស់ខ្លួន ដូចហេតុផលរបស់ក្រសួងអប់រំលើកឡើងទេ។
លោក យិន ឈឿន៖ «វាប៉ះពាល់យើងដឹងហើយយើងកំពុងបំពេញការងារ ហើយទីមួយប៉ះពាល់ផ្លូវអារម្មណ៍ខ្លាំងមែនទែន ដែលជាការរើសអើងមួយនៅក្នុងសង្គមប្រជាធិបតេយ្យ ទីពីរយើងដឹងហើយបញ្ហាជីវភាព ជាធម្មតាការបាត់បង់ការងារ វាតែងតែប៉ះពាល់។ ទីបីវាជារឿងអយុត្តិធម៌ពេកហើយសម្រាប់ខ្ញុំ ធ្វើអ៊ីចឹងវាដូចជាហួសហេតុពេកហើយ»។
ជុំវិញករណីនេះលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី និយាយដែរថា លោកចាត់ទុកករណីសមាជិករបស់ខ្លួនត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌគ្រូបង្រៀននេះ គឺពាក់ព័ន្ធនឹងរឿងនយោបាយ ច្រើនជាងការអនុវត្តទោសពិន័យមន្រ្តីរាជការស៊ីវិល ពីព្រោះលោក យិន ឈឿន មិនដែលបំពានច្បាប់ ឬក៏ធ្វើខុសគោលការណ៍របស់សាលាឡើយ។ ចំណែកការដោះដូរឱ្យលោក យិន ឈឿន ទៅធ្វើការនៅមន្ទីរអប់រំខេត្តកំពត លោកថា លោក យិន ឈឿន មិនដែលស្នើសុំផ្លាស់ប្ដូរទេ ហើយការផ្លាស់ប្ដូរនេះទៀតសោត ដោយសារឃើញលោក យិន ឈឿន បានឡើងជាប្រធានក្រុមការងារថ្នាក់ជាតិរបស់គណបក្សជំនាន់ថ្មីប្រចាំខែកំពត។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី។ រូបភាពពីហ្វេសប៊ុកលោក។
លោក មាជ សុវណ្ណារ៉ា៖ «ការអនុវត្តច្បាប់នេះ ហាក់បីដូចជាមានការលម្អៀងរើសអើងនិន្នាការបក្ស យើងឃើញបុគ្គលិកមន្ត្រីជាន់ខ្ពស់ពីថ្នាក់ក្រោម ដល់ថ្នាក់កំពូលថាបើគាត់គាំទ្រគណបក្សប្រជាជនកម្ពុជាមិនត្រូវបានដកចេញពីក្របខណ្ឌនោះទេ ប៉ុន្តែបើចេញចូលរួមសកម្មភាព ឬធ្វើជាអ្នកនយោបាយក្រៅរាជរដ្ឋាភិបាលខ្ញុំតែងតែឃើញមានហេតុផលបែបរើសអើងនយោបាយ បែរជាយកលេសដកក្របខណ្ឌ។ ក្នុងនាមយើងជានិស្សិត បញ្ញវ័ន្តដែលខំរៀនបានថ្នាក់បណ្ឌិត អនុបណ្ឌិត ហើយក្លាយជាំសាស្ត្រចារ្យបង្រៀន យើងស្ដាយធនធានមនុស្ស ខណៈដែលយើងយកអាការរើសអើងនិន្នាការនយោបាយមកច្រឡូកច្រឡំអ្នកចេះជាបញ្ញវ័ន្តជួយពង្រីកបង្រៀនដល់និស្សិត»។
លោកបន្ថែមទៀតថា មួយវិញទៀត ការសម្រេចរបស់ក្រសួងអប់រំ គឺចេញមកភ្លាមៗ ដោយមិនបានធ្វើការស៊ើបអង្កេត ឬក៏ឱ្យគណកម្មាធិការវាយតម្លៃលើលោក យិន ឈឿន ជាមុនសិន ទើបឈានដល់ការលុបឈ្មោះលោក យិន ឈឿន។ តែយ៉ាងណាមេបក្សរូបនេះថា លោក យិន ឈឿន នឹងបន្តតវ៉ាក្ដីតាមប្រព័ន្ធតុលាការ ដើម្បីទាមទារភាពយុត្តិធម៌ត្រឡប់មកវិញ។
ជុំវិញរឿងនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វិទ្យុស្ដ្រីដែរថា ប្រសិនជាមិនបានប្រព្រឹត្តខុសច្បាប់ ក៏មិនមានការលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋដែរ ដូច្នេះករណីនេះ គឺមិនពាក់ព័ន្ធនឹងរឿងនយោបាយ ហើយក៏មិនមានការរើសអើងនិន្នាការនយោបាយដែរ។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ រូបភាពពីបណ្ដាញសង្គម។
លោក សុខ ឥសាន៖ «អាហ្នឹងជាមន្ត្រីសាធារណៈ វាអត់មានបញ្ហាអីទេតាមខ្ញុំយល់ ក៏ប៉ុន្តែវាអាចនឹងមានកំហុសណាមួយ មិនមែនផ្អែកទៅលើសមាជិកភាពរបស់គណបក្សនោះទេ។ ដូចខ្ញុំលើកឡើងអ៊ីចឹងវាមានពីរជួរ ពីរផ្លូវ ផ្លូវមួយគណបក្សឈ្នះឆ្នោត គឺគេតែងតាំងមន្ត្រីគណបក្សឈ្នះឆ្នោត ហើយបើក្មួយនោះគាត់បានប្រឡងជាប់ជាមន្ត្រីមុខងារសាធារណៈ អាហ្នឹងទោះបីគាត់ជាគណបក្សណាក៏ដោយ ក៏ត្រូវក្នុងមុខតំណែងដែលគាត់ប្រឡងជាប់ហ្នឹងដែរ លើកលែងតែគាត់ធ្វើកំហុសផ្លូវច្បាប់ណាមួយ អាហ្នឹងមានពិរុទ្ធភាព ទើបគេដេញគាត់ចេញពីក្របខណ្ឌ យល់ទេ?»។
ប៉ុន្តែលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ មើលឃើញថា ករណីលោក យិន ឈឿន ដែលត្រូវបានក្រសួងអប់រំលុបឈ្មោះចេញនេះ ប្រសិនជាក្នុងលក្ខខណ្ឌដែលលោក ឈឿន ចូលរួមជីវភាពនយោបាយជាមួយគណបក្សជំនាន់ថ្មី ហើយថែមទាំងមិនបង្ហាញហេតុផលសមរម្យថា គ្រូបង្រៀនរូបនេះ បានប្រព្រឹត្តកំហុសអ្វីធ្ងន់ធ្ងររហូតត្រូវបានបាត់បង់ការងារ ដូច្នេះករណីលោក យិន ឈឿន នេះ ជាការរើសអើងពលរដ្ឋក្នុងការចូលរួមជាមួយគណបក្សនយោបាយ។ មូលហេតុដែលលោកអះអាងថា ករណីលោក យិន ឈឿន ជាការរើសអើង ដោយសារយោងតាមច្បាប់រដ្ឋធម្មនុញ្ញទាំងជាតិ និងអន្តរជាតិ គឺពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត។
លោក អំ សំអាត៖ «អ៊ីចឹងបើសិនជាការចូលរួមជីវភាពនយោបាយជាមួយគណបក្សណាមួយ ដែលត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ អាហ្នឹងគេហៅថាជាការរំលោភសិទ្ធិ និងជាការរើសអើងនិន្នាការនយោបាយ និងជាការរំលោភសិទ្ធិធ្ងន់ធ្ងរទៀត នេះបើសិនជាករណីនេះមិនមានមូលហេតុ ឬក៏ហេតុផលដែលលោកប្រព្រឹត្តខុសជាមួយនឹងលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ឬក៏តួនាទីភារកិច្ចនៃគ្រូបង្រៀនទេនោះ»។
លោក អំ សំអាត នាយកអង្គការលីកាដូ។
បន្ថែមពីនេះមិនថាករណីលោក យិន ឈឿន ឬករណីមន្ត្រីរាជការផ្សេងទៀតឡើយ លោកថា ច្បាប់ត្រូវបានការពារពួកគេ ទោះបីមន្ត្រីរាជការទាំងនោះមានទំនោរកាន់គណបក្សណាក៏ដោយ ហើយក៏មិនមានការរើសអើង ឬក៏បញ្ឈប់ពួកគេដោយសារការចូលរួមជីវភាពនយោបាយជាមួយគណបក្សផ្សេងដែរ។
លោក អំ សំអាត៖ «អ៊ីចឹងប្រសិនបើពួកគាត់មិនបានប្រព្រឹត្តខុសជាមួយច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មិនមានប្រព្រឹត្តផ្ទុយ ឬក៏ទទួលការព្រមានជាច្រើនក្នុងការបំពេញតួនាទី ភារកិច្ចរបស់គាត់ទេ អាហ្នឹងមិនអាចនឹងត្រូវលុបឈ្មោះពួកគាត់ចេញបានទេពីក្របខណ្ឌបានទេ អាហ្នឹងត្រូវតែពិនិត្យ ពិចារណាលើចំណុចទាំងអស់ហ្នឹង ដើម្បីកុំឱ្យមានការរិះគន់ ហើយនិងចោទប្រកាន់ជាមួយការទាក់ទងការរំលោភបំពានទៅលើសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ»។
វិទ្យុស្ត្រីបានព្យាយាមទាក់ទងលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ជាច្រើនដង ដើម្បីសុំការបំភ្លឺ ប៉ុន្តែមកដល់ពេលនេះមិនមានការឆ្លើយតបពីលោកស្រីឡើយ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី