ភ្នំពេញ ៖ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI មានបំណងផ្ដល់ជំនួយបច្ចេកទេសអប់រំ និងដាក់ពង្រាយអ្នករាយការណ៍បោះឆ្នោត តាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប នៅ រដូវកាលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ខាងមុខ ។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សា រវាងមន្រី្តគ.ជ.ប និងនិង មន្ត្រី NDI នៅឯទីស្នាក់ការគ.ជ.ប ព្រឹកមិញនេះ ។ កញ្ញា ជុំ ជោគជាតាមានសេចក្ដីរាយការណ៍៖
លោក ខន កែវមនោ អ្នកនាំពាក្យស្ដីទីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប បានឱ្យដឹងក្រោយពីបញ្ចប់ជំនួបពិភាក្សារវាងគ.ជ.ប និងNDI ថាគ.ជ.ប បានដាក់សំណើដោយសុំឱ្យភាគី NDI ជួយផ្ដល់ជាសំភារៈអប់រំដល់អ្នកបោះឆ្នោត និងជួយពង្រាយអ្នកសង្កេតការណ៍ អោយសមាមាត្រគ្នាទៅនឹងចំនួនការរិយាល័យបោះឆ្នោតដែលនឹងត្រូវរៀបចំបង្កើតនៅពេលខាងមុខ ។
នេះជាជំនួបលើកទីពីរ ដែលវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI បានជួបពិភាក្សាជាមួយគ.ជ.ប ដោយ ក្នុងជំនួបពិភាក្សាលើកនេះ គឺដើម្បីស្វែងយល់ ពី ការវិវត្តន៍នៃការរៀបចំបោះឆ្នោតនៅកម្ពុជា ។
អ្នកនាំពាក្យស្តីទី គ.ជ.ប បន្តថាបើមានជំនួយក្នុងពេលបោះឆ្នោត គឺជាការចាំបាច់ដែលធ្វើឱ្យ ដំណើររៀបចំការបោះឆ្នោតកាន់តែប្រសើរ ។
ជុំវិញរឿងនេះ លោក Peter Manikas នាយកកម្មវិធី NDI ប្រចាំតំបន់អាស៊ីមានប្រសាសន៍ដែលបានចូលរួមប្រជុំដែរនោះមានប្រសាសន៍ថា គោលបំណងផ្ដល់ជំនួយដល់ដំណើការរៀបចំការបោះឆ្នោតនៅកម្ពុជា នៅរដូវការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់២០១៧ខាងមុខ គឺទៅតាមអ្វីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានស្នើសុំ ។
លោក Peter Manikas ថ្លែងតាមរយៈអ្នកបកប្រែថា ៖ «ថា លទ្ធផល គឺជា វិជ្ជមាន មានន័យថា ដូចស្ដែងចឹង ថាយើងរីករាយហ្នឹងធ្វើការសហការគ្នា ជាមួយនិងគណម្មាធិការជាតិរៀបចំការបោះឆ្នោតជាពិសេស គឺសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧» ។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យNDIជាស្ថាប័នមួយរបស់អាមេរិកដែលមានគោលដៅជួយពង្រឹង ប្រព័ន្ធបោះឆ្នោតនៅបណ្ដាប្រទេសជាច្រើននៅលើពិភពលោកហើយសំដៅ ធ្វើឱ្យព្រឹត្តិការណ៍បោះឆ្នោតប្រកបដោយភាពសេរី ត្រឹមត្រូវ និងតម្លាភាព។
គួរឱ្យកត់សម្គាល់ដែរ ថាមួយរយៈចុងក្រោយនេះ សហគមន៍អន្ដរជាតិ ចាប់ផ្ដើមផ្ដល់ជំនួយនិងសហប្រតិបត្តិការទូលំទូលាយ ក្នុងប្រព័ន្ធបោះឆ្នោតនៅកម្ពុជា បន្ទាប់ពីកម្ពុជាបានប្រកាសកែទម្រង់ស្ថាប័នបោះឆ្នោត ដែលធ្លាប់ទទួលរងការរិះគន់ថា ស្ថិតនៅក្រោមឥទ្ធិពលគណបក្សកាន់អំណាច មិនឯករាជ្យ និងអព្យា ក្រឹត្យនោះ ៕