ភ្នំពេញ៖ មន្ដ្រីរាជរដ្ឋាភិបាលអះអាងឲ្យដឹងថា កម្ពុជានៅពេលនេះកំពុងតែព្យាយាមពង្រឹងនីតិរដ្ឋ ពង្រឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ នៃការគោរពសិទ្ធិមនុស្ស ដែលស្របទៅតាមការចង់បានរបស់សហភាពអឺរ៉ុបហើយ ប៉ុន្ដែកម្ពុជាមិនអាចទម្លាក់ចោលនីតិរដ្ឋ ដើម្បីហេតុផលសេដ្ឋកិច្ចនោះទេ។
ចំណែកអ្នកវិទ្យាសាស្ដ្រនយោបាយយល់ថា បើកម្ពុជាពិតជាចង់ពង្រឹងនិតិរដ្ឋមែន គឺត្រូវតែលុបបំបាត់ការអនុវត្ដន៍ច្បាប់ដែត្រូវបានសាធារណៈជនមើលឃើញថា មានស្ដងដាពីរ និងបើកឱកាសដល់ក្រុមអ្នកមិនគាំទ្រ រដ្ឋាភិបាល អាចបញ្ចេញមតិបានប្រកបដោយសុវត្ថិភាព ហើយការពារផលប្រយោជជាតិ។ ការឆ្លើយតបរបស់មន្ត្រីរដ្ឋាភិបាល គឺជាការបញ្ជាក់ ទៅនឹងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែល លោកថា អឺរ៉ុបចង់បានពីកម្ពុជាគឺការគោរពសិទ្ធិមនុស្ស។
កាលពីថ្ងៃទី ២៧កក្កដា វិទ្យុស្ដ្រីFM102 នៃមណ្ឌលព័ត៌មានស្ដ្រីកម្ពុជាបានទទួលលិខិតមួយច្បាប់ របស់សហភាពអឺរ៉ុបដែលបានផ្ញើមកឱ្យ ដើម្បីឆ្លើយសំនួររបស់ អ្នកសារព័ត៌មាន ជុំវិញទំនាក់ទំនងចុងក្រោយ របស់ សហភាពអឺរ៉ុប ជាមួយកម្ពុជា។
លិខិតរបស់លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានបញ្ជាក់ថាសហភាពអឺរ៉ុប នៅតែរក្សាកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាមួយកម្ពុជាជានិច្ច ហើយជឿជាក់ថា ទីផ្សាររបស់សហភាពអឺរ៉ុបអាចជា ចលករដ៏មានសារសំខាន់នៃកំណើនសេដ្ឋកិច្ចចំពោះអត្ថប្រយោជន៍នៃប្រជាជនកម្ពុជាទាំងអស់ក្នុងនោះរួមមាន ទាំងជនក្រីក្រផងដែរ។
លិខិតបន្ដទៀតថា សហភាពអឺរ៉ុបមានជំនឿចិត្ដយ៉ាងមុតមាំថា ការអភិវឌ្ឍប្រកបដោយសមធម៍ និងចិរភាពគឺជាលទ្ធភាពតែមួយគត់ដែលផ្អែកទៅលើការគោរពសិទ្ធិមនុស្សនិងនិតិរដ្ឋនៅកម្ពុជា។ ជាងនេះទៀត សហភាពអឺរ៉ុប បញ្ជាក់ថា ខ្លួនកំពុងតាមដាន និងឃ្លាំមើលអាជ្ញាធរកម្ពុជា ដើម្បីធានាឲ្យមានបរិយាកាសមួយ ដែលគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលទាំងអស់ អាចអនុវត្ដបានដោយសេរី នូវតួនាទីរបស់ពួកគេ ដោយគ្មានការភ័យខ្លាច នៃការយាយី ឬក៏ការបំភិតបំភ័យ ឡើយ។
ជាការឆ្លើយតបចំពោះលិខិតរបស់លោក George Edgar លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ថ្លែងឲ្យវិទ្យុស្ដ្រីដឹងនៅថ្ងៃ ព្រហស្បត្ដិ ទី ២៨កក្កដា នេះថាកម្ពុជាចប្ចុប្បន្នកំពុងតែព្យាយាមពង្រឹងនិតិរដ្ឋ គឺក្នុងនោះមានការគោរពសិទ្ធិមនុស្សគឺជាចម្បង។ លោកថា ចំពោះការអនុគ្រោះរបស់សហភាពអឺរ៉ុបសម្រាប់កម្ពុជានេះគឺជាការទទួលបានផលប្រយោជន៍រួមគ្នារវាងសហគមអឺរ៉ុប និងកម្ពុជា។
អ្នកនាំពាក្យរូបនេះ បន្ថែមថា ការប្រឹងប្រែងពង្រឹងនីតិរដ្ឋនេះគឺ អ្នកខ្លះបាន ចោទប្រកាន់ថា ការពង្រឹងនីតិរដ្ឋ ជារបបផ្ដាច់ការ ប្រឆាំងការគោរពសិទ្ធិមនុស្ស ដូចជាការឃាត់ខ្លួន ឃុំខ្លួនរបស់ក្រុមបុគ្គលមួយចំនួនដែលត្រូវពិនិត្យមើលអង្គហេតុជាមុនសិន។
លោក ផៃ ស៊ីផាន៖ «ដូចខ្ញុំនិយាយអញ្ចឹង យើងកំពុងតែពង្រឹងនិតិរដ្ឋហើយករណីមួយចំនួនយើងមើលឃើញខុសគ្នាអ្នកខ្លះគេនិយាយថា ការពង្រឹងនិតិរដ្ឋគឺជាភាពផ្ដាច់ការប្រឆាំងនិងសិទ្ធិមនុស្ស ហើយការឃាត់ខ្លួន និង ឃុំខ្លួនបុគ្គលមួយចំនួនយើងត្រូវពិនិត្យមើលអង្គហេតុ គឺសុទ្ធតែអង្គហេតុទាក់ទងនិងខ្លួនឯងផ្ទាល់»។
ចំណែកលោក សូ ចន្ថា សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយយល់ថា នីតិរដ្ឋគឺជាស្ដង់ដាមួយដែលមានលក្ខណៈជាអន្ដរជាតិ ហើយបើកម្ពុជាមានការគោរពនីតិរដ្ឋពិតប្រាកដកម្ពុជាត្រូវតែអនុវត្ដច្បាប់ នៅកម្ពុជាមានស្ដងដាតែមួយ ហើយបើកចំហដល់អ្នករិះគន់ដែលមិនគាំទ្ររដ្ឋាភិបាល ក្នុងការបញ្ចេញមតិ ឬក៏ការិះគន់លើផ្នែកណាមួយដោយ មិនត្រូវរងការគំរៀមគំហែង ឡើយ។
លោកសាស្ដ្រាចារ្យ យល់ថា ប្រសិនជាសហគមអឺរ៉ុបបញ្ជាក់ជំហរច្បាស់លាស់បែបនេះ រដ្ឋាភិបាលគួរតែពិចារណាឲ្យបានច្បាស់ មុននឹងបញ្ចេញការបដិសេធ ព្រោះរបាយការណ៍ របស់សហភាពអឺរ៉ុបបង្ហាញជាផ្លូវការ ថាកម្ពុជាពិតជាមានការរំលោភសិទ្ធិមនុស្សមែន ដោយព្រមានថាកម្ពុជាពិតជាអាចរងផលវិបាក ដោយការខាតបង់ទីផ្សារ របស់កម្ពុជាជាក់ជាពុំខាន។
លោក សូ ចន្ថា បញ្ជាក់ថា រាជរដ្ឋាភិបាលមុនសម្រេចអ្វីមួយគួរតែគិតពីផលប្រយោជន៍ប្រទេសជាតិ និងប្រយោជន៍ពលរដ្ឋពិសេសកម្មករជាធំ ព្រោះកម្ពុជាត្រូវបានប្រទេស ប្រជាធិបតេយ្យជាច្រើនមើលឃើញថាកំពុងតែរំលោភសិទ្ធិមនុស្ស។
លោក សូ ចន្ថា៖«ខ្ញុំគិតថានិតិរដ្ឋគឺជាស្ដង់ដាមួយជាលក្ខណៈអន្ដរជាតិ អញ្ចឹងបើកម្ពុជាគោរពនិតិរដ្ឋគឺត្រូវអនុវត្ដន៍ច្បាប់ឲ្យមានស្ដង់ដាតែមួយបើកឱកាសដល់អ្នករិះគន់ ដែលមិនគាំទ្ររដ្ឋាភិបាលដែលបញ្ចេញមតិ ឬការរិះគន់លើផ្នែកណាមួយ»។
សូមជម្រាបថា បើតាមលិខិតរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោក George Edgar នោះដែរ បានបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាដៃគូដ៏សំខាន់ចំពោះប្រទេសកម្ពុជា ហើយក៏ជាទីផ្សារនាំចេញដ៏ធំបំផុត និងជាអ្នកផ្គត់ផ្គងកិច្ចសហប្រិតិបត្ដិការដ៏សំខាន់ជាមួយកម្ពុជា ផងដែរ ។
បើតាមរបាយការណ៍មួយដែលស្រង់មកចុះផ្សាយដោយ កាសែត Cambodia Daily កាលពីថ្ងៃទី២៧កក្កដា សហភាពអឺរ៉ុបដែលជាប្រភពអនុគ្រោះពន្ធ សម្រាប់កម្ពុជា មានទំហំពាណិជ្ជកម្ម ជាមួយកម្ពុជា នូវទឹកប្រាក់សរុប ៣ពាន់៨៣លានដុល្លារអាមេរិក៕