ភ្នំពេញ ៖ រដ្ឋបាលរាជធានី កំពុងសហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា បំណងរៀបចំការបញ្ចុះតម្លៃភ្លើងនៅតាមបណ្ដាផ្សារនានាក្នុងរាជធានីភ្នំពេញ ឲ្យចុះដល់ ៧៤០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ មន្ដ្រីនាំពាក្យរដ្ឋបាលរាជធានី បញ្ជាក់ថា អាជ្ញាធររំពឹងថា អាចនឹងអនុវត្ដនៅដើមខែមករា ឆ្នាំ២០១៩ ជាការដូឆ្នាំថ្មី ហើយតម្លៃភ្លើងនេះអាចនឹងបន្ដចុះទៀត ស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ពេលនេះសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រាប់ឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរអគ្គិសនីកម្ពុជា សិក្សាមើលពីបញ្ចុះតម្លៃអគ្គិសនីជូនអាជីវករនៅគ្រប់ផ្សារទាំងអស់ ស្ថិតក្នុងរាជធានីភ្នំពេញ។
ករណីនេះមន្ដ្រីនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៤ ខែធ្នូ នេះថា ក្រោយពីមានការណែនាំពីនាយករដ្ឋមន្ដ្រី អភិបាលរាជធានី បានចុះជួបអាជីវករ ដើម្បីសិក្សាពីការចំណាយរបស់ពួកគាត់ពីការប្រើប្រាស់ភ្លើងសព្វថ្ងៃ និងផ្សព្វផ្សាយពីគម្រោងបញ្ចុះតម្លៃអគ្គិសនីដល់ពួកគាត់។
យោងតាមការសង្កេតមើលជាក់ស្ដែងមន្ដ្រីនាំពាក្យរដ្ឋបាលរាជធានី មានប្រសាសន៍ថា កន្លងមកអាជីវករលក់ដូរតាមបណ្ដាផ្សារនានាក្នុងរាជធានីភ្នំពេញ បានប្រើប្រាស់អគ្គិសនីពីអ្នកម៉ៅងការឯកជន ដែលតូបខ្លះត្រូវបង់ក្នុងតម្លៃ ១២០០រៀល ទៅ ១៥០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ក្រោយពីសិក្សាឃើញថា តម្លៃនេះហាក់ខ្ពស់ រដ្ឋបាលរាជធានី និងអាជ្ញាធរអគ្គិសនីកម្ពុជា បាននឹងកំពុងរៀបចំការបញ្ចុះតម្លៃអគ្គិនីឲ្យចុះមកត្រឹមតែ ៧៤០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ស្រមតាមការណែនាំរបស់សម្ដេច ហ៊ុន សែន។
លោក ម៉េត មាសភក្ដី ប្រាប់បន្ដថា ការបញ្ចុះតម្លៃអគ្គិសនីសម្រាប់អាជីវករលក់ដូរក្នុងផ្សារនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាល មានបំណងចូលរួមកាត់បន្ថយការចំណាយរបស់អាជីវិករ និងលើកស្ទួយជីវភាពរបស់ពលរដ្ឋ។ មន្ដ្រីនាំពាក្យ សង្កត់ធ្ងន់ថា តម្លៃអគ្គិសនី ទំនងអាចនឹងបន្ដចុះទៀត ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ៖«អញ្ចឹងក្រោយពេលបញ្ចប់នៅកិច្ចការនេះ បន្ដពីហ្នឹងជារៀងរហូតគឺបងប្អូនរបស់យើងនឹងបានតម្លៃនៃការប្រើប្រាស់អគ្គិសនីទាប ឬក៏បញ្ចុះទាបបន្ដទៀត ទៅតាមគោលការណ៍ ទៅតាមយន្ដការរបស់រាជរដ្ឋាភិបាលក្នុងន័យ គីតគូរអំពីបងប្អូនអាជីវកររបស់យើង»។
យ៉ាងណាការសិក្សាពីការបញ្ចុះតម្លៃអគ្គិសនីនេះ គឺធ្វើឡើងសម្រាប់តែអាជីវករលក់ដូរក្នុងផ្សារនានា នៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ នេះបើតាមលោក ម៉េត មាស ភក្ដី។ ចំពោះថា តើនឹងមាននៅទូទាំងប្រទេសឬយ៉ាងណា រដ្ឋបាលរាជធានីមិនទាន់ដឹងនៅឡើយទេ។
តែយ៉ាងណា បើយោងតាមទំព័រហ្វេសប៊ុក របស់ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានសារព័ត៌មាន មួយចំនួន បានផ្សព្វផ្សាយថ្លៃលក់អគ្គិសនីឆ្នាំ ២០១៩ ខុសពីបញ្ជីថ្លៃលក់របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដូច្នេះអគ្គិសនីកម្ពុជា សូមបង្ហាញជូននូវបញ្ជីថ្លៃលក់ដូចខាងក្រោម។
ចំពោះអ្នកប្រើប្រាស់តាមតូបលក់ក្នុងផ្សារនានាត្រូវចាត់ចូលជាប្រភេទពាណិជ្ជកម្មធុនតូចដែលទិញចេញពីខ្សែបណ្តាញចែកចាយសាធារណ:តាមតង់ស្យុងទាបដែលមានថ្លៃ ៧៤០រៀល/kWh ចាប់ពីឆ្នាំ២០១៩ នេះតទៅ ដោយចាប់ផ្តើមពីផ្សារ នៅក្នុងរាជធានីភ្នំពេញ និងបន្តបន្ទាប់ផ្សារតាមខេត្តនានា។
ជាមួយគ្នានេះ មន្ដ្រីនាំពាក្យ រដ្ឋបាលរាជធានីបញ្ជាក់ថា អាជ្ញាធរកំពុងតែខិតខំធ្វើដើម្បីឲ្យការបញ្ចុះតម្លៃអគ្គិសនី សម្រាប់អាជីវករបានចេញជារូបរាងនៅដើមឆ្នាំ២០១៩នេះ៕