ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បានឱ្យដឹងថា ក្រសួង បានសហការក្នុងយុទ្ធនាការបង្ក្រាបបទល្មើសអាជីវកម្មរ៉ែអាណាធិបតេយ្យខុសច្បាប់មួយក្នុងខេត្តមណ្ឌលគីរី ដោយបានឃាត់ទុកគ្រឿងចក្រ និងម្ចាស់អាជីវកម្មបញ្ជូនសំណុំរឿងទៅតុលាការដើម្បីដោះស្រាយតាមផ្លូវច្បាប់។ លោក ជួន សារ៉េត រាយការណ៍៖
ការបង្ក្រាបបទល្មើសអាជីវកម្មរ៉ែអាណាធិបតេយ្យខុសច្បាប់មួយក្នុងខេត្តមណ្ឌលគីរី ដោយបានឃាត់ទុកគ្រឿងចក្រ និងម្ចាស់អាជីវកម្ម[/caption]កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ក្រសួងរ៉ែនិងថាមពល តាមរយៈមន្ទីរ រ៉ែនិងថាមពលខេត្តមណ្ឌលគីរីសហការជាមួយគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះធ្វើយុទ្ធនាការបង្ក្រាបនៅទីតាំងអាជីវកម្មរ៉ែ អាណាធិបតេយ្យខុសច្បាប់ ដែលស្ថិតនៅភូមិអន្ទ្រង ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគីរី។
ក្នុងការបង្ក្រាបនេះ យ៉ាងតិចគ្រឿងចក្រអេស្កាវាទ័រចំនួន០២គ្រឿង ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសត្រូវបានរឹបអូស និងបានឃាត់ខ្លួនជនល្មើស ២រូប ដែលជាម្ចាស់ និងអ្នកទទួលខុសត្រូវក្នុងទីតាំងអាជីវកម្មរ៉ែខុសច្បាប់នេះ។
លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល សង្កត់ធ្ងន់ថាការធ្វើអាជីវម្មរ៉ែខុសច្បាប់នេះមិនមែនជាលើកទីមួយនោះទេ ដែលកើតមាននៅខេត្តនេះ។
«ក្រសួងរ៉ែនិងថាមពលនៅតែបន្តរឹតបន្តឹងក្នុងការបង្ក្រាបសកម្មភាពរ៉ែអាណាធិបតេយ្យ។យើងមាន Hot line ដែលអាចទទួលព័ត៌មានពីបងប្អូនដែលផ្តល់ព័ត៌មានពិតប្រាកដបានគឺលេខ ០៩៥ ៧២៧ ៧២៧ »។
ទាក់ទងនឹងការលើកទ្បើងនេះ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សាទរ។ លោកថាការជីករ៉ែអាណាធិបតេយ្យខុសច្បាប់នេះនឹងធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិកម្ពុជា។
លោក សន ជ័យ បន្តថាទន្ទឹមនឹងការចុះបង្ក្រាបនេះដែរក្រសួងស្ថាប័នពាក់ព័ន្ធត្រូវធានាយ៉ាងណាឱ្យមានប្រសិទ្ធិភាពតាមរយៈកិច្ចសហការគ្នារវាងសង្គមស៊ីវិល សហគមន៍ និងក្រសួងសាមី។
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា[/caption]លោក សន ជ័យ ៖«បើសិនជាមានការចូលរួមសកម្ម ពីសង្គមស៊ីវិលពីសកម្មជនស្រលាញ់បរិស្ថាន ពីប្រជាពលរដ្ឋ សហគមន៏ ដែលមានការឈឺឆ្អើរជាមួយនឹងការបាត់បង់ធនធានរ៉ែគ្រប់ប្រភេទ ខ្ញុំថាវាគួរតែជាររបៀបវារៈនៃការធ្វើការរួមគ្នាមួយដើម្បីដោះស្រាយពីបញ្ហានេះ»។
តាមរយៈការចុះបង្ក្រាបអាជីវកម្មខុសច្បាប់នេះ លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ថា នេះជាសក្ខីភាពមួយដែលបញ្ជាក់អំពីការយកចិត្តទុកដាក់ របស់ក្រសួង។ លោកថាក្រសួង អំពាវនាវដល់អ្នកធ្វើអាជីវកម្មរ៉ែអាណាធិបតេយ្យខុសច្បាប់ទាំងអស់ បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខច្បាប់ជាធរមាន៕