នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣នេះ ឆ្មាំសមុទ្រជប៉ុននិងកូរ៉េខាងត្បូងបានជ្រមុជទឹក ដើម្បីជួយសង្រ្គោះនាវិក ៨ នាក់ ក្រោយហេតុការណ៍លិចនាវាដឹកទំនិញមួយនៅចន្លោះដែនទឹករបស់ប្រទេសជប៉ុននិងកូរ៉េខាងត្បូង។ ដោយឡែក នាវិក ១៤ នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ។
(កញ្ញា កែវ សុជាតា ជូននូវសេចក្តីរាយការណ៍)
បើយោងតាមសារព័ត៌មាន CNA បានរាយការណ៍ថា នាវាខាងលើមានឈ្មោះថា Jin Tian មានទម្ងន់ ៦,៦៥១ តោន ហើយត្រូវបានចុះបញ្ជីត្រឹមត្រូវនៅក្នុងទីក្រុងហុងកុងប្រទេសចិន។ ក្នុងនាវានោះ បានផ្ទុកមនុស្សចំនួន ២២ នាក់ ពោលគឺជនជាតិចិនចំនួន ១៤ នាក់ និងមនុស្ស ៨ នាក់ផ្សេងទៀតមកពីប្រទេសមីយ៉ាន់ម៉ា។
យ៉ាងណាមិញ អ្នកនាំពាក្យឆ្មាំសមុទ្រជប៉ុនដែលបដិសេធមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន AFP ថា នាវិកចំនួន ១៤ នាក់ត្រូវបានជួយសង្គ្រោះ។ ក៏ប៉ុន្តែលោកមិនបានទាន់ដឹងពីស្ថានភាព និងសញ្ជាតិរបស់ពួកគេនៅឡើយទេ។ លោកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ឆ្មាំសមុទ្រកូរ៉េខាងត្បូងបានជួយសង្រ្គោះនាវិកចំនួន ៦ នាក់។ រីឯនាវិក ១១ នាក់ផ្សេងទៀតនៅមិនទាន់ដឹងខ្លួននៅឡើយ។
តាមប្រភពដដែលបានបញ្ជាក់ថា ករណីលិចនាវានេះបណ្តាលមកពីខ្យល់ត្រជាក់ ដែលកំពុងបក់បោកមកកាន់តំបន់អាស៊ី ដោយសីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅ ៣ អង្សាសេ ក្នុងតំបន់កោះក្បែរកន្លែងរកឃើញជនរងគ្រោះ។
កាលពីល្ងាចថ្ងៃអង្គារ ទី២៤ ខែមករានេះ អ្នកបើកបរនាវាបានបញ្ជូនសញ្ញាប្រកាសអាសន្ន ពីកោះដាច់ស្រយាល Danjo ដែលស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន។ នៅព្រឹកថ្ងៃបន្ទាប់ អ្នកបើកបរបានប្រើប្រាស់ទូរស័ព្ទផ្កាយរណបទាក់ទងឆ្មាំសមុទ្រកូរ៉េខាងត្បូងថា លោក និងនាវិកដទៃទៀត សម្រេចចាកចេញពីនាវានេះ ដោយទុកឱ្យវាលិចលង់ក្នុងសមុទ្រតែម្តង។ បន្ទាប់ពីពេលនេះមក ទំនាក់ទំនងទាំងអស់ត្រូវបានកាត់ផ្តាច់ទាំងស្រុង។
គួរបញ្ជាក់ថា នាវាឯកជន ៣ គ្រឿង ដែលស្ថិតនៅក្នុងតំបន់នោះ បានជួយសង្គ្រោះនាវិកជាច្រើននាក់។ បច្ចុប្បន្ន យន្តហោះនិងនាវាចំនួនពីរគ្រឿងរបស់ឆ្មាំសមុទ្រជប៉ុន បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ និងមាននាវាបន្តបន្ទាប់ទៀតរបស់ប្រទេសទាំងពីរនឹងធ្វើដំណើរទៅទីនោះ ដើម្បីបន្តរុករកជនរងគ្រោះ។
សូមរំលឹកថា កាលពីឆ្នាំ២០២០ នាវាដឹកទំនិញនោះ ផ្ទុកនាវិកចំនួន ៤៣ នាក់ រួមទាំងសត្វគោក្របីចំនួន ៦០០០ក្បាល ដែលបណ្តាលឱ្យនាវាលិចនៅភាគនិរតីនៃប្រទេសជប៉ុន បន្ទាប់ពីជាប់នៅក្នុងព្យុះទីហ្វុង។ យ៉ាងណា នាវិកចំនួនពីរនាក់ បានរស់រានមានជីវិតក្នុងហេតុការណ៍អកុសលនេះ៕
ប្រភព៖ CNA ចុះថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣