ប្រធានសមាគមមនុស្សភូមិក្រាំងស្វាត ឃុំឆ្នាស់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង អំពាវនាវដល់រាជរដ្ឋាភិបាលជួយមនុស្សចាស់ដែលអត់ទីជម្រកឱ្យបានទីជម្រករស់នៅសមរម្យ និងមានកញ្ចប់ថវិកាចាយវាយ ខណៈមនុស្សចាស់ នៅក្នុងសមាគមកំពុងប្រឈមបញ្ហាខ្វះខាតក្នុងជីវភាព និងទីជម្រកសមរម្យ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
«អ៊ុំសុំសំណូមពរដល់រាជរដ្ឋាភិបាលសុំឱ្យជួយទី១គឺមនុស្សចាស់ដែលអត់ទីជម្រក ឱ្យបានទីជម្រករស់នៅសមរម្យទាំងអស់គ្នា ទី២សុំឱ្យមានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល កុំឱ្យមានតែអ្នកមានប័ណ្ណសមធម៌ ហ្នឹងគេបាន អ្នកដែលអត់មានប័ណ្ណសមធម៌គឺអត់បានទេ»
នេះជាការលើកឡើងរបស់អ្នកស្រី ញូង យឿន ប្រធានសហគមមនុស្សចាស់ ភូមិក្រាំងស្វាត ឃុំឆ្នាស់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ អ្នកស្រីឱ្យដឹងបន្ថែមថា ក្នុងសមាគមរបស់អ្នកស្រីបច្ចុប្បន្នមានមនុស្សវ័យចាស់និងមេម៉ាយចំនួន ៩ គ្រួសារកំពុងរស់នៅក្នុងខ្ទមតូចៗ និងគ្រួសារប្រភេទក្រមួយនិងក្រពីរចំនួនសរុប ៣៦គ្រួសារ។
ដោយឡែកសម្រាប់អ្នកស្រីដែលជាប្រធានសមាគមមនុស្ស ភូមិក្រាំងស្វាតវិញ ក៏ប្រឈមការខ្វះខាតក្នុងជីវភាព ដ្បិតពុំទាន់ទទួលបានប័ណ្ណសមធម៌ ខណៈអ្នកស្រីមានជំងឺប្រចាំកាយថែមទៀត។ បន្ថែមលើសពីនេះទៀត អ្នកស្រីក៏មានភារចិញ្ចឹមកូនដែលមានពិការភាព និងស្វាមីវ័យជាង ៧០ឆ្នាំមានជំងឺប្រចាំកាយ។
អ្នកស្រី ញូង យឿន៖«អ៊ុំមានកូនមួយខ្វិន ហើយយើងជាមេគ្រួសារមនុស្សចាស់ទាំងពីរ អត់មានធ្វើស្រែចម្ការ អីកើតទេអាយុចិតសិបទាំងពីរនាក់ ហើយមានជំងឺប្រចាំកាយទាំងអស់ តាខ្ញុំគាត់មានជំងឺកូនកណ្តុរក្នុងទងសួត វះកាត់អត់កើតទេ ដូចខ្ញុំ ក្រពះ ពោះវៀន លើសឈាម កូនពិការអត់ហូបបាយខ្លួនឯងកើត និងបត់ជើង បត់ដៃអីអត់ដឹងទេ»។
បច្ចុប្បន្ននេះអ្នកស្រី ញូង យឿន គ្មានមុខរបរអ្វីធំដុំនោះទេ ក្រៅតែពីដាំដំណាំនៅជុំវិញផ្ទះជាលក្ខណៈគ្រួសារ ចិញ្ចឹមមាន់ និងចិញ្ចឹមគោប្រវាស់យកកូន សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ។ ចំពោះមុខស្ថានភាពក្រីក្រក្នុងសមាគមភូមិក្រាំងស្វាត អ្នកស្រីសូមសំណូមពរដល់រដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយផ្ទះសម្បែងសមរម្យជូនមនុស្សចាស់គ្មានទីពឹង និងផ្តល់អាទិភាពសម្រាប់គ្រួសារជួបបញ្ហាខ្វះខាតអាចទទួលសេវាសាធារណៈឥតគិតថ្លៃ។
ជុំវិញរឿងនេះលោក ទុំ វីរ៉ា នាយកប្រតិបត្តិរបស់អង្គការមនុស្សចាស់កម្ពុជាលើកឡើងថា កម្ពុជាមាននិន្នាការនៃការកើនឡើងនៃប្រជាជនវ័យចាស់ដូចប្រទេសនៅក្នុងតំបន់ និងសាកលលោកនេះដែរ។ ជាងនេះ ផ្អែកតាមប្រព័ន្ធទិន្នន័យគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំអាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ របស់ UNESCAP បានបង្ហាញថា ឆ្នាំ២០២៤ កម្ពុជាមានមនុស្សចាស់កើនដល់ ១.៥សែននាក់ (គឺ ១០ភាគរយ នៃប្រជាជនបច្ចុប្បន្ន)។
យោងតាមទិន្នន័យខាងលើ លោកថា កម្ពុជាកំពុងបោះជំហានទៅរកសង្គមវ័យចាស់ ដែលទាមទារចាំបាច់ត្រូវមានគោលនយោបាយ និងគាំពារអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពសម្រាប់ប្រជាជនវ័យចាស់។ លោក ទុំ វីរ៉ា៖«នៅក្នុងន័យនេះ នៅកម្ពុជា ត្រូវចាំបាច់ដែលត្រូវមានគោលនយោបាយ គាំពារ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពសម្រាប់ប្រជាជនវ័យចាស់ ក៏ដូចជាយុវជន ដែលជាអនាគតមនុស្សចាស់ផងដែរ»។
នៅក្នុងវេទិកាមនុស្សចាស់ថ្នាក់ជាតិលើកទី៤ បណ្តាញមនុស្សចាស់នៅកម្ពុជា អ្នកពាក់ព័ន្ធបានស្នើសុំឱ្យរាជរដ្ឋាភិបាលមានដំណោះស្រាយសម្រាប់មនុស្សចាស់ទៅលើអាទិភាពមួយចំនួនដូចជា ទី១ ផ្តល់ប្រាក់ឧបត្ថម្ភដល់មនុស្សចាស់គ្រប់រូប ទី២ ផ្តល់នូវសេវាសុខភាពដោយឥតគិតថ្លៃ ទី៣ ផ្តល់នូវប័ណ្ណសមធម៌ ប័ណ្ណមនុស្សចាស់ ទូទៅ ទី៤ ផ្តល់ដើមទុន ឬក៏កម្មវិធី មុខរបរ ខ្នាត តូច សម្រាប់មនុស្សចាស់ ទី៥ រៀបឱ្យមានកម្មវិធីថែទាំមនុស្សចាស់។ ជាមួយគ្នានេះបណ្តាញសមាគមមនុស្សចាស់ មានក្តីសង្ឃឹមថា នឹងទទួលបាន នូវពង្រឹងសមត្ថភាពដល់សមាគមមនុស្សចាស់ពីសំណាក់រាជរដ្ឋាភិបាល និងដៃគូ ដើម្បីឱ្យសមាគមមនុស្សចាស់មានការរីកចម្រើន មាននិរន្តរភាព មានទីជម្រកសម្រាប់មនុស្សចាស់សមរម្យ មានភ្នាក់ងារមណ្ឌលសុខភាពចុះទៅពិនិត្យសុខភាពមនុស្សចាស់ដល់ទីកន្លែងដែលពួកគាត់រស់នៅជាដើម។
ឆ្លើយតបទៅនឹងចំណុចអាទិភាពខាងលើនេះ លោក មុំ ប៊ុនថន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ចំណុចអាទិភាពជាក្តីកង្វល់ និងបញ្ហាប្រឈម និងដំណោះស្រាយរបស់មនុស្សចាស់ នឹងត្រូវធ្វើរបាយការណ៍ជូនទៅរដ្ឋមន្រ្តីបានជ្រាប។ លោក មុំ ប៊ុនថន ថាក្រសួងសង្គមកិច្ច និងធ្វើការជជែកជាមួយក្រសួងធម្មការ ក្រសួងសេដ្ឋកិច្ច និងក្រសួងមហាផ្ទៃដើម្បីសហការគ្នាធ្វើកិច្ចការពាក់ព័ន្ធនឹងមនុស្សចាស់ ជំរុញឱ្យមានជម្រកមនុស្សចាស់ នៅតាមវត្តអារាម ជាពិសេសការយកចិត្តទុកដាក់មនុស្សចាស់ដែលក្រីក្រគ្មានទីពឹង និងការដាក់ហិបតាមទីវត្តអារាមដើម្បីបានចំណូល សម្រាប់ផ្គត់ផ្គង់មកសមាគមមនុស្សចាស់ ។
លោក មុំ ប៊ុនថន បន្ថែមថា ក្រសួងនឹងពិនិត្យទៅលើឯកសារផ្លូវច្បាប់ដើម្បីឱ្យសមាគមដែលបង្កើតឡើងរួចនៅតែបន្តមាននិរន្តរភាព និងពិភាក្សាទៅលើមូលនិធិភូមិ ឃុំ សង្កាត់ ដើម្បីពិនិត្យលទ្ធភាពដែលអាចមានថវិកាខ្លះសម្រាប់សមាគមមនុស្សចាស់នៅតាមឃុំសង្កាត់។ លោកបញ្ជាក់បន្ថែមថា កិច្ចការងារមនុស្សចាស់ នេះត្រូវមានការសហការគ្នារវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីយន្តការគំាទ្រមនុស្សចាស់។
លោក មុំ ប៊ុនថន៖«គេហៅថាសហការគ្នារវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យើងមានគណៈកម្មការជាតិហើយ យើងមានអនុគណៈកម្មការជាតិ រាជធានី ខេត្ត នៅក្នុងហ្នឹងក្រសួងមហាផ្ទៃ មានចៅហ្វាយខេត្ត ចៅហ្វាយស្រុក មេឃុំ មេភូមិ អ៊ីចឹងយើងត្រូវសហការគ្នាទាំងអស់ហ្នឹង ដើម្បីយន្តការទាំងអស់ហ្នឹងគាំទ្រ ទៅលើសមាគមមនុស្សចាស់ នៅពេលយន្តការទាំងអស់ហ្នឹងគាំទ្រទៅលើសមាគម មនុស្សចាស់ គឺជំហានដំបូងសមាគម មនុស្សចាស់រឹងមាំ យ៉ាងហោចណាស់ក៏មានស្នាក់ការមួយនៅសាលាឃុំ ឬក៏នៅស្នាក់ការភូមិដែរ»។
លោក ទុំ វីរ៉ា សង្ឃឹមថា អ្វីដែលបានលើកឡើងទាំងនេះនឹងក្លាយទៅជាធាតុចូលមួយសំខាន់សម្រាប់រាជរដ្ឋាភិបាល ដៃគូ អភិវឌ្ឍ ក៏ដូចអង្គការសង្គមស៊ីវិល ដើម្បីយកទៅប្រើប្រាស់សម្រាប់ការរៀបចំនូវកម្មវិធីរបស់ខ្លួន ផែនការយុទ្ធសាស្រ្ត ក៏ដូចជាគោលការណ៍ គោលនយោបាយ នានាជាពិសេស សម្រាប់រាជរដ្ឋាភិបាល៕
រូបភាព៖វត្តី