ពួកមន្ដ្រីឥណ្ឌានិយាយថា អ្នកពន្លត់ភ្លើងឆេះព្រៃរាប់ពាន់នាក់ បានជិះឧទ្ធម្ភាគចក្រ ទៅពន្លត់ភ្លើងឆេះព្រៃ នៅរដ្ឋ Uttarakhand នៃភាគខាងជើងប្រទេសឥណ្ឌា ដែលបានកើតឡើងតាំងពីថ្ងៃម្សិលមិញ។
តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP មនុស្សស្លាប់ពីរនាក់ ដោយសារឧបទ្ទវហេតុនេះ ហើយនៅខណៈនេះ ភ្លើងឆេះព្រៃបានរីករាលដាល ជិតពីរពាន់ហិកតា។ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន របស់ប្រទេសឥណ្ឌាន លោក Prakash Javadekar និយាយថា គេបានបញ្ចូនអ្នកជួយសង្គ្រោះ ប្រហែល៦ពាន់នាក់ ដោយដាក់ពង្រាយនៅតំបន់នោះដើម្បីជួយ ពន្លត់ភ្លើងឆេះព្រៃដែលបានកើតឡើងនេះ។
កាលពីឆ្នាំ២០១២ ភ្លើងឆេះព្រៃធ្លាប់កើតមានម្ដងនៅតំបន់នេះ គឺវាបានបំផ្លាញព្រៃអស់ ២ពាន់ហិកតា ប៉ុន្ដែមិនបណ្ដាលអោយគ្រោះថ្នាក់អាយុជីវិតនោះទេ ៕
ប្រភព:CNA