en     km
en     km

ភាគីពាក់ព័ន្ធ រួមគ្នាផ្ដល់អនុសាសន៍ ដើម្បីកែលម្អការបោះឆ្នោតខាងមុខ មានភាពសេរី និងយុត្តិធម៌

Share

ស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកនយោបាយមកពីគណបក្សនានា បានរួមគ្នាពិភាក្សាពីបញ្ហាប្រឈម និងអនុសាសន៍ ពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីធ្វើឱ្យដំណើរការនៃការបោះឆ្នោតខាងមុខកាន់តែប្រសើរឡើង ស្របតាមគោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌។ លោក គីម ចាន់ចាវ រាយការណ៍

 

 

ការពិភាក្សាគ្នានេះ ធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីបញ្ហាប្រឈម និងអនុសាសន៍លើកំណែទម្រង់ការបោះឆ្នោត ដែលរៀបចំដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ សិក្ខាសាលានេះមានគោលបំណងបង្ហាញលទ្ធផលពីសិក្ខាសាលា និងកិច្ចសន្ទនានៅតាមបណ្តាខេត្ត និងផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ឋ ពិភាក្សាបន្ថែម និងរួមទាំងការបង្ហាញពីការប្ដេជ្ញាចិត្តចូលរួមកែលម្អការបោះឆ្នោតទៅខាងមុខឱ្យកាន់តែប្រសើរឡើង ស្របតាមគោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌។

ភាគីពាក់ព័ន្ធ មានសមាសភាពមកពីរដ្ឋសភា ព្រឹទ្ធសភា គ.ជ.ប ក្រសួងមហាផ្ទៃ គណបក្សនយោបាយ ស្ថានទូត ម្ចាស់ជំនួយ អង្គការជាតិ និងអន្តរជាតិ ដែលសរុបមានចំនួនប្រមាណ ១០០នាក់។

លោក គឹម ឈន នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ថ្លែងក្នុងសិក្ខាសាលាថា គោលការណ៍ស្ដីពីការបោះឆ្នោតពិតប្រាកដ គឺត្រូវតែប្រព្រឹត្តឡើងឱ្យស្របតាមកតិកាសញ្ញាអ​ន្តរជាតិ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងអនុសាសន៍ជាច្រើនដែលផ្ដល់ដោយស្ថាប័នអន្តរជាតិ ហើយនិងភាគីពាក់ព័ន្ធផ្សេងទៀត។ ទោះបីយ៉ាងណាតាមរយៈរបាយការណ៍សង្កេតការណ៍ ឃ្លាំមើលការបោះឆ្នោតសកលឆ្នាំ២០២២-២០២៣ កន្លងទៅនេះ និងតាមរយៈការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ គឺនៅតែរកឃើញបញ្ហាប្រឈមមួយចំនួនដែលពាក់ព័ន្ធនឹងការបោះឆ្នោត។

លោក គឹម ឈន៖ «គេនៅតែរកឃើញបញ្ហាប្រឈមមួយចំនួនដែលពាក់ព័ន្ធទៅនឹងការបោះឆ្នោតមានដូចជា ការផ្សព្វផ្សាយ និងការការទទួលព័ត៌មានមិនទាន់គ្រប់គ្រាន់សម្រាប់អ្នកបោះឆ្នោត បញ្ហាពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត និងសម្ភារៈនៃការបោះឆ្នោត ការមិនទាន់ធានាបាននូវលំហនយោបាយស្មើភាពគ្នាសម្រាប់ការឃោសនា និងការប្រកួតប្រជែងដោយយុត្តិធម៌។ បញ្ហាកើតមាននៅថ្ងៃបោះឆ្នោត និងថ្ងៃរាប់សន្លឹកឆ្នោត និងបញ្ហាពាក់ព័ន្ធទៅនឹងប្រសិទ្ធភាព និងតម្លាភាពនៃការដោះស្រាយបណ្ដឹងបោះឆ្នោត និងចំណេះដឹងអ្នកសង្កេតការណ៍បោះឆ្នោត និងភ្នាក់ងារគណបក្សនយោបាយ»។

លោកបន្ថែមថា ដូច្នេះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ភាគីពាក់ព័ន្ធទាំងអស់មិនគួរមើលរំលងឡើយ ដោយរួមគ្នាប្រឹងប្រែង គិតគូរដោះស្រាយ និងកែលម្អ ដើម្បីឆ្ពោះទៅរកការបោះឆ្នោតមួយមានភាពសេរី ត្រឹមត្រូវ។

ក្នុងសិក្ខាសាលានេះ មានកិច្ចពិភាក្សារវាងអ្នកនយោបាយ អ្នកវិភាគសង្គម និងអ្នកជំនាញផ្នែកច្បាប់ជាដើម។ កិច្ចពិភាក្សានោះ ពួកគេបានជជែកគ្នាយ៉ាងផុសផុល និងបានលើកឡើងពីបញ្ហាប្រឈម តម្រូវការ និងដំណោះស្រាយ ហើយនិងសំណូមពរ ដើម្បីឱ្យដំណើរការការបោះឆ្នោតនៅពេលខាងមុខកាន់តែល្អប្រសើរ។

លោក ម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងក្នុងកិច្ចពិភាក្សាថា ស្ថាប័នគ.ជ.ប ប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យការបោះឆ្នោតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទទួលបាននូវប្រសិទ្ធភាព និងតម្លាភាព ពីសំណាក់ម្ចាស់ឆ្នោត។ ដូច្នេះអ្វីដែលអង្គការខុមហ្វ្រែលបង្ហាញបញ្ហាប្រឈមនេះ ​ ស្ថា​ប័ន្ធ គ.ជ.ប ក៏មានកាតព្វកិច្ចអនុវត្តភារកិច្ចខ្លួនទៅតាមអ្វីដែលច្បាប់បានកំណត់ ហេតុនេះមានកន្លែងខ្លះអាចចន្លោះប្រហោងក្នុងការត្រួតពិនិត្យភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោត។

លោក ម៉ុក ដារ៉ា៖ «តាមបទបញ្ជា និងនីតិវិធី គឺមិនអនុញ្ញាតឱ្យការរាប់សន្លឹកឆ្នោតដោយបិទទ្វារ បិទបង្អួចនោះទេ គឺបើកចំហរដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងគាត់មើលពីខាងក្រៅ ដើម្បីឱ្យបានដឹងថាតើការដែលបានបំពេញកិច្ចនៃសន្លឹកឆ្នោតនោះបានធ្លាក់ទៅគណបក្សណាដែលគាត់ពេញចិត្តនោះ។ ប៉ុន្តែអ្វីដែលបិទទ្វារ បិទបង្អួចកើតមានឡើងដែលលោកលើកឡើងដដែលៗនេះ គឺវាកើតនៅពេលដែលស្ថានភាពនៅតំបន់នោះ វាធ្វើឱ្យមានការបិទបែបហ្នឹង»។

ចំណែកលោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយ លើកឡើងថា ជាដំណោះស្រាយ និងអនុសាសន៍ លោកស្នើឱ្យស្ថាប័ន គ.ជ.ប មានច្បាប់ ឬតម្រង់ខ្លួនយ៉ាងណាធ្វើឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋដែលម្ចាស់ឆ្នោត មានជំនឿជឿជាក់ លើដំណើរការបោះឆ្នោត។ មួយទៀតគួរតែមានការបង្កើនអ្នកសង្កេតការណ៍អន្តរជាតិឱ្យបានច្រើន ខណៈកន្លងមកអ្នកសង្កេតការណ៍អន្តរជាតិ មានចំនួនតិចតួចក្នុងការឃ្លាំមើលដំណើរការបោះឆ្នោត។

លោក ឯម សុវណ្ណរ៉ា៖ «ឱ្យប្រជាពលរដ្ឋដែលជាភ្នែកជាច្រមុះគ្នាច្រើនហ្នឹង អាចមានសិទ្ធិក្នុងការថត ឬក៏ផ្សាយជាគោលការណ៍ច្បាប់ដែលអនុញ្ញាត យើងអត់មានអីជាខុសច្បាប់នោះទេ សិទ្ធិពលរដ្ឋត្រូវបានអនុវត្ត ត្រូវបានគេគោរព ត្រូវបានគេផ្ដល់ អាហ្នឹងខ្ញុំគិតថាវាអាចជួយកាត់បន្ថយអ្វីដែលកើតឡើងភាពមិនប្រក្រតី ឬក៏ភាពខុសគោលការណ៍ច្បាប់ហ្នឹង វាអាចកាត់បន្ថយបានច្រើន»។

យោងតាមសេចក្ដីព្រាងស្ដីពីបញ្ហាប្រឈម និងអនុសាសន៍លើកំណែទម្រង់ការបោះឆ្នោត បង្ហាញថា ភាគីពាក់ព័ន្ធបានផ្ដល់អនុសាសន៍មួយចំនួនដើម្បីជំរុញឱ្យមានការកែលម្អការបោះឆ្នោត ក្នុងនោះរួមមាន៖ ត្រូវលើកកម្ពស់សិទ្ធិស្មើគ្នាក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់គ្រប់គណបក្សនយោបាយ អនុវត្តវិធានការត្រួតពិនិត្យ ឬឃ្លាំមើលឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានការភ័យខ្លាចក្នុងការចូលរួមជាអ្នកសង្កេតការណ៍ ឬភ្នាក់ងារគណបក្ស។

ក្រៅពីនេះ ត្រូវជំរុញការអប់រំអ្នកបោះឆ្នោតឱ្យយល់ច្បាស់ពីភាពសម្ងាត់ និងសុចរិតភាព ទាក់ទងការគូសសន្លឹកឆ្នោតនៅថ្ងៃបោះឆ្នោត។ ហើយនិងត្រូវធានាថា អាជ្ញាធររក្សាជំហអព្យាក្រឹត ​និងគោរពខ្ជាប់ខ្ជួននូវច្បាប់បោះឆ្នោត៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង