en     km
en     km

ភាគីពាក់ព័ន្ធជំរុញ គោលការណ៍ណែនាំសុវត្ថិភាពយេនឌ័រសម្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា

Share

ភ្នំពេញ៖ ជាការកត់សម្គាល់នៅក្នុងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នៅមានកង្វះខាតគោលការណ៍ណែនាំពាក់ព័ន្ធនឹងសុវត្ថិភាពយេនឌ័រ នៅតាមស្ថាប័នផ្សព្វផ្សាយនីមួយៗ ជាពិសេស សុវត្ថិភាព និងសុខមាលភាពរបស់ អ្នកសារព័ត៌មានស្រ្តី និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាLGBTQ+ នៅតែជាបញ្ហាប្រឈមធំនៅកម្ពុជា។ ដូច្នេះដើម្បីជួយបំពេញនូវចន្លោះខ្វះខាតទាំងនោះ ដេបាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍DMC​សហការជាមួយអង្គការ យូណេស្កូ UNESCO និងក្រុមអ្នកសា្រវជា្រវ បានរៀបចំគោលការណ៍ណែនាំសុវត្ថិភាពយេនឌ័រសម្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាអាចយកទៅប្រើប្រាស់ជាមូលដ្ឋាន។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំសុវត្ថិភាពយេនឌ័រសម្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដល់អ្នកសារព័ត៌មានមួយចំនួន នៅថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៥នេះ លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានបង្ហាញឱ្យឃើញថា អ្នកសារព័ត៌មានស្រ្តី និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាLGBTQ+ ប្រឈមនឹងការគំរាមកំហែងផ្នែកយេនឌ័រ ដូចជា ការវាយប្រហារតាមអនឡាញ ការបៀតបៀនផ្លូវភេទ ការរើសអើង និងការការពារមិនគ្រប់គ្រាន់នៅក្នុងវិស័យសារព័ត៌មាន។ បញ្ហាទាំងនេះកើតឡើងដោយសារ វិសមភាពជាប្រព័ន្ធ ការខ្វះតំណាងក្នុងតំណែងជាអ្នកដឹកនាំ និងការខ្វះគោលការណ៍ណែនាំសុវត្ថិភាពយេនឌ័រសម្រាប់ស្ថាប័នសារព័ត៌មាន​ជាដើម ។

លោក អ៊ុង ប៊ុនអ៊ី ៖ «តាមការសិក្សាស្រាវជ្រាវរបស់អង្គការ UNESCO ឃើញថា អ្នកសារព័ត៌មានជាស្រ្តី​ប្រមាណជា៧៣% នៅទូទាំងពិភពលោកជួបប្រទះជាមួយអំពើហិង្សាតាមរយៈអ៊ីនធឺណេត ក៏ដូចជាការបៀតបៀនផ្សេងៗទៀត ដូចគា្នដែរ ប្រទេសកម្ពុជាយើងសង្កេតឃើញថាអ្នកសារព័ត៌មានជាស្ត្រី មានចំនួនត្រឹមតែ  ៩.៤%  តែប៉ុណ្ណោះ អ៊ីចឹងចំនួននេះវាតិចតួចមែនទែន ប៉ុន្តែ បើសិនជាយើងក្រលែកទៅមើលភាគរយ នៃស្រ្តីដែលគាត់កាន់តំណែងជាអ្នកដឹកនាំ-ឬនៅក្នុងការសម្រេចចិត្តនៅក្នុងស្ថាប័នសារព័ត៌មានគឺរឹតតែតិចតួចទៅទៀត»។

លោក អ៊ុង ប៊ុនអ៊ី បានឱ្យដឹងទៀតថា​ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីលើកកម្ពស់ការយល់ដឹង អំពីគោលការណ៍ណែនាំសុវត្ថិភាពយេនឌ័រនេះ និងបញ្ច្រាបទៅដល់ស្ថាប័នផ្សព្វផ្សាយព័ត៌មានផ្សេងៗអាចយកទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើតឱ្យមានជាគោលការណ៍ណែនាំសុវត្ថិភាពយេនឌ័រនៅតាមស្ថាប័នរបស់ខ្លួន។

អ្នកជំនាញយេនឌ័រ  អ្នកស្រី អេង ចាន់ឌី បានពន្យល់ឱ្យដឹងអំពីភាពខុសគ្នា រវាង ភេទ និង យេនឌ័រ ។ ដោយយេនឌ័រ សំដៅទៅលើផ្នត់គំនិត អាកប្បកិរិយា តួនាទី ទំនួលខុសត្រូវ ដែលកំណត់ដោយសង្គម និងអាចប្រែប្រួលទៅបរិយាកាស តំបន់ ប្រពៃណី វប្បធម៌ រួមទាំងនយោបាយផងដែរ។ ភេទសំដៅលើលក្ខណៈជីវសាស្រ្តរបស់ស្រី្ត និងបុរស និងអន្តរភេទ ដែលបានកំណត់មកពីកំណើត។

អ្នកស្រី អេង ចាន់ឌី៖ «យេនឌ័រសំដៅទាំងអស់ ផ្នត់គំនិត អាប្បកិរិយា ការគិត អ្វីក៏ដោយដែលកំណត់ដោយសង្គម នៅក្នុងសង្គមកម្ពុជា សម័យមុនដែលគេនិយាយអំពីរបបមាតាធិបតីគំនិតទាក់ទងនឹងការដឹកនាំ ឬក៏ការទទួលយកទ្រព្យចេញពីស្រ្តី ហើយនៅពេលដែលយើងដឹកនាំបែបបិតាធិបតីការចែកចាយទ្រព្យការធ្វើការងារធំៗឬធ្វើការខាងក្រៅ តួនាទីដឹកនាំក្លាយជាបុរសវិញ អ៊ីចឹងសង្គមមួយមានការផ្លាស់ប្តូររហូត អ៊ីចឹងយេនឌ័រ គឺជាគំនិត តួនាទី ទំនួលខុសត្រូវដែលកំណត់ដោយសង្គម ហើយវាអាចប្រែប្រួលបានរហូត វាប្រែប្រួលទៅតាមបរិយាកាស ទៅតាមតំបន់ ប្រពៃណី វប្បធម៌ រួមទាំងនយោបាយផងដែរ ។ ភេទសំដៅលើលក្ខណៈជីវសាស្រ្តរបស់ស្រី្ត និងបុរស និងអន្តរភេទ ដែលបានកំណត់មកពីកំណើត ភេទកើតមកស្រី ប្រដាប់ភេទស្រីគឺស្រីហើយ កើតមកបុរស ឃើញប្រដាប់ភេទប្រុស គឺប្រុសប៉ុន្តែវាមានប្រដាប់ភេទម្យ៉ាងទៀតដែលយើងមិនអាចបែងចែកថាជាបុរស ឬស្រ្តីបានទេ»។

របាយការណ៍របស់អង្គការយូណេស្កូឆ្នាំ២០២៣ បានរកឃើញថា ស្ថាប័នសារព័ត៌មានភាគច្រើននៅកម្ពុជា ខ្វះគោលនយោបាយស្តីពីសមភាពយេនឌ័រ ឬសុវត្ថិភាពយេនឌ័រសម្រាប់អ្នកសារព័ត៌មានជាស្រ្តី។ ដូច្នេះហើយ តាមរយៈការលើកកម្ពស់ការយល់ដឹងនិងជំរុញទទួលយកការអនុវត្តសុវត្ថិភាពយេនឌ័រ នឹងអាចពង្រឹងសមត្ថភាពអ្នកសារព័ត៌មានជាស្រ្តី និង សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ឱ្យដោះស្រាយភាពមិនស្មើគ្នាជាប្រព័ន្ធ និងជំរុញការងារសារព័ត៌មានជាមួយ និងទស្សនវិស័យដែលមានភាពចម្រុះ៕

Share

ព័ត៌មានទាក់ទង