ភ្នំពេញ៖ក្ដីរំពឹងថាប្ដីនិងម្ដាយនៃមន្ត្រីសិទ្ធិមនុស្ស អាដហុក ជាទីស្រឡាញ់នឹងត្រូវបានដោះលែង តាមរយៈការចរចារវាង គណបក្សធំទាំង២ ហាក់រលាយបាត់ទៅវិញ ក្រោយពីបក្សទាំង២ដើរដល់ចំណុច ខ្វែងគំនិតគ្នាដែលដំបូង រំពឹងថា ពួកគាត់នឹងដោះលែងនៅចុងឆ្នាំ២០១៦។
ប្រហែលជាអស់សង្ឃឹម ដូចនេះ បានជានៅថ្ងៃអង្គាទី២៤ មករា ភរិយានិងកូនៗរបស់មន្ត្រីអាដហុកបានសម្រេចថ្វាយលិខិតទៅព្រះមហាក្សត្រសុំអន្តរាគមន៍ ដោះលែងប្ដីនិងម្ដាយ ឱ្យមានសេរីភាពវិញ។ អ្នកតាមដានស្ថានការណ៍សង្គមថា នេះជារឿងត្រឹមត្រូវដែលពួកគាត់ត្រូវពឹងលើព្រះមហាក្សត្រដូចនេះ។
ក្នុងដំណើររួមគ្នា តាមម៉ូតូកង់បី ឬតុកតុក ស្ត្រីជាភរិយា មន្ត្រីសមាគមអាដហុក និង កូនៗបានទៅដល់ ព្រះបរមរាជវាំងនៅ ម៉ោងជិត ១០ព្រឹកនៅថ្ងៃអង្គារិ៍ នេះ។ ញត្តិបានដាក់នៅខាងមុខទ្វារចូលព្រះបរមរាជវាំង ក្បែរមន្ទីរពេទ្យគន្ធបុប្ផា ដោយប៉ូលីសម្នាក់ ឈរយាម បានទទួលយកញត្តិពីពួកគាត់។ ញត្តិនេះបានថ្វាយសុំ ព្រះរាជា ជួយដោះលែង ប្ដីនិងម្ដាយជាទីស្រឡាញ់ ឱ្យមានសេរីភាពវិញដោយស្នើឱ្យទម្លាក់បទចោទ ទាំងស្រុង។
ម្នាក់ក្នុងចំណោមស្ត្រីទាំង ៥នាក់នេះ គឺ អ្នកស្រី ធន់ បូនីតា ដែលជាភរិយា លោកយីសុខ សាន្ត អនុប្រធានផ្នែកស៊ើបអង្កេត សមាគម អាដហុក។ អ្នកស្រីរៀបរាប់ថា ស្វាមីរបស់អ្នកស្រីគ្មានកំហុសទេព្រោះគាត់ធ្វើកិច្ចសិទ្ធមនុស្សតែប៉ុណ្ណោះហើយ រឿងនេះហើយទើប ក្រុមអ្នកស្រីមកដាក់ញត្តិថ្វាយព្រះមហាក្សត្រ។
ធន់ បូនីតា ៖ «គាត់ជានាយករដ្ឋមន្ត្រី គាត់ជាម៉ែឪយើង បើគាត់ឃើញកូន មានការរងអយុត្តិធម៍បែបនឹង គាត់ មិនជួយ មិនដឹងថាម៉ិចទេខ្ញុំ សោកស្តាយដែរ។ ខ្ញុំទុកចិត្តលើគាត់ ជាឪពុកម្តាយក្រោមការគ្រប់គ្រងរបស់គាត់គាត់ដឹងហើយ ថាកូនចៅណាធ្វើល្អកូនចៅណាធ្វើអាក្រក់ព្រោះគាត់បម្រើតែប្រជាជន។»
ជាមួយគ្នានេះដែរអ្នកស្រី ភាវ ម៉ី ភរិយាលោក ណៃ វង់ដា ជាអនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុកដែរ មានប្រសាសន៍ថា កន្លងមកអ្នកស្រីមានជំនឿលើតុលាការ និងរកយុត្តធម៍ជូនស្វាមី អ្នកស្រី និង មន្ត្រីសិទ្ធមនុស្សផ្សេងទៀត។ តែការមកដាក់ញត្តិនេះ គឺអ្នកស្រីជំនឿថា ព្រះមហាក្សត្រ នឹងមានព្រះរាជអន្តរាគមន៍។
អ្នកស្រីភាវ ម៉ី ៖«ព្រោះកន្លងមកពួកយើងជឿលើតុលាការរង់ចាំមើលថា តើតុលាការគាត់មានវិធានការរបៀបណា ហើយតែកន្លងមកយើងឃើញបានជាស្អីទាំងអស់យើគិតថាវាអយុត្តិធម៍។»
គិតមកដល់ពេលនេះ មានរយៈជិត៩ខែដែលមន្ត្រីអាដហុក និងគ.ជ.ប ត្រូវបាន តុលាការចាប់ឃុំខ្លួន ក្នុងសំណុំរឿង នាង ខុមចាន់ តារាទីហៅស្រីមុំ ដែលអ្នកសង្កេតការណ៍ថា ជារឿងអយុត្តិធម៌។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម មានប្រសាសន៍ថាការដាក់ញត្តិសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រគឺជាជម្រើសល្អមួយហើយ ជាជម្រើសចុងក្រោយ នៃការស្វែងរករយុត្តិធម៌សម្រាប់ ប្ដីប្រពន្ធរបស់មន្ត្រីសិទ្ធិមនុស្ស ។
លោកបន្តថាអ្នកណាក៏ដឹងថាគឺ រឿងនយោបាយ ហើយនៅពេលមានអយុត្តិធម៍សង្គម ព្រះមហាក្សត្រទ្រង មានបព្វសិទ្ធក្នុងការលើកលែងទោសដល់ពលរដ្ឋគ្រប់រូបព្រោះរដ្ឋធម្មនុញ្ញាតបានចែងដូចនេះ។
មាស នី៖ «ការដាក់ញត្តិជូននាយករដ្ឋមន្ត្រី និង ព្រះមហាក្សត្រ ដើម្បីសុំព្រះរាជអន្ដរាគមន៍ទោះបីជានៅក្នុងនេះយើងឃើញថា កន្លងមកព្រះមហាក្សត្រព្រះអង្គ មិនលូកដៃទៅក្នុងរឿងអស់នឹង។ តែការដាក់ទៅនេះវានិងអាចមានជំរុញចលនាបានខ្លះ។»
លោកស្រី លឹម មុន្នី លោកយី សុខសាន្ត លោក នី សុខា លោក ណៃ វង់ដា និង លោក នី ចរិយា ត្រូវបាន ឃុំខ្លួនក្រោមបទសូកប៉ាន់សាក្សី នាង ខុមចាន់ តារាទី ហៅស្រីមុំ ទាក់ទិនករណីមានរឿងស្នេហាជាមួយ លោកកឹមសុខា។
សូមជម្រាបថា នៅពេលជាមួយគ្នានេះ ស្ត្រីជាភរិយានិងកូនមន្ត្រីអាដហុក ក៏បានដាក់ញត្តិទៅទីស្ដីការគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីដែរ ដើម្បីសុំឲ្យជួយដោះលែងប្ដីនិងម្ដាយរបស់ពួកគាត់៕