ភរិយាលោក ស៊ុន ចន្ធី និងអង្គការផ្នែកសិទ្ធិមនុស្ស ចាត់ទុកការចាប់ខ្លួនប្រធានគណបក្សរូបនេះ ថាជារឿងនយោបាយ ដើម្បីបំបាក់ស្មារតីលើគណបក្សប្រឆាំង។ ក៏ប៉ុន្តែ ក្រសួងយុត្តិធម៌ និងសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីដាច់ដោយឡែកបំភ្លឺថា ការចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិ ជាការអនុវត្តច្បាប់ មាននីតិវិធីត្រឹមត្រូវ មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ។
អ្នកស្រី យាន ស្រីយ៉ាន ជាភរិយារបស់លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់អ្នកស្រី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ថា ការឃាត់ខ្លួនស្វាមីរបស់អ្នកស្រី គឺធ្វើឡើង ដោយមិនបានជូនដំណឹងជាមុន និងមិនមានដីការបស់សាលាដំបូង ពីសំណាក់ស្នងការនគរបាលរាធានីភ្នំពេញ។
អ្នកស្រីយាន ស្រីយ៉ាន បានសរសេរបញ្ជាក់ថា៖ «ការណ៍នេះ នាងខ្ញុំមើលឃើញថា ការឃាត់ខ្លួនស្វាមីរបស់នាងខ្ញុំ លោក ស៊ុន ចន្ធី គឺជារឿងនយោបាយសុទ្ធសាធ ជារូបភាពគំរាមកំហែង បំបាក់ស្មារតី ធ្វើទុកបុកម្នេញ ចំពោះអ្នកតស៊ូផ្នែកនយោបាយនៅកម្ពុជា»។
ដោយឡែក លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ថា មកដល់ពេលនេះ តាមព័ត៌មានបឋម គឺខាងសមត្ថកិច្ច បានបញ្ជូនលោក ស៊ុន ចន្ធី មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តលើករណីដែលប្រធានគណបក្សរូបនេះ បានផ្សព្វផ្សាយព័ត៌មានលើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលក្ខណៈលម្អៀង និងរើសអើង។
លោកថ្លែងថា៖ «យើងគិតថាអ្វីដែលគាត់លើក គ្រាន់តែជាការបញ្ចេញមតិ ជាសិទ្ធិមូលដ្ឋាន ក្នុងនាមប្រទេសប្រកាន់លទ្ធិប្រជាធិបតេ្យ ហើយរូបភាពនៃការនាំខ្លួន ចាប់ខ្លួននេះ វាជាការបំភិតបំភ័យ គំរាមកំហែងទៅដល់ដែលថាសេរីភាពប្រជាពលរដ្ឋក្នុងការបញ្ចេញមតិក្នុងរបបប្រជាធិបតេយ្យ ក៏ដូចជាការបង្កបញ្ហាទាក់ទងទៅនឹងដំណើរការការបោះឆ្នោតនៅពេលខាងមុខនេះដែរ។ អញ្ចឹងយើងដឹងហើយថាពេលរដូវបោះឆ្នោត មុនបោះឆ្នោត ក្រោយបោះឆ្នោត ច្រើនតែមានព្រឹត្តិការណ៍ទាក់ទងនឹងការចាប់ខ្លួន អ្នកនយោបាយ សកម្មជននយោបាយ ក៏ដូចជាសកម្មជនសង្គម»។
លោកបន្តទៀតថា ចំពោះការលើកឡើងរបស់លោក ស៊ុន ចន្ធីទាំងនោះដែរ ក៏មិនមែនជារឿងដែលខុសឆ្គងឡើយ ពីព្រោះជាការបញ្ចេញមតិ ក្នុងគោលដៅដើម្បីឱ្យសង្គមមានការអភិវឌ្ឍតែប៉ុណ្ណោះ។ ដោយឡែកការចាប់ខ្លួន ឫប្រសិនជាមានឃុំខ្លួនប្រធានគណបក្សរូបនេះ គឺមិនមែនជាអនុវត្តច្បាប់នោះទេ ប៉ុន្តែច្រើនតែពាក់ព័ន្ធទៅនឹងរឿងនយោបាយ។
លោក រ៉ុង ឈុន បញ្ជាក់ថា៖ «បើយើងមើលទៅនឹងអង្គហេតុ អង្គច្បាប់ ហើយបើតុលាការអនុវត្តទៅតាមដែលថាវិជ្ជាជីវៈ យើងគិតថាវាមិនត្រូវបានឃុំខ្លួននោះទេ គាត់នឹងទទួលបាននូវសេរីភាពត្រឡប់មកវិញ។ ប៉ុន្តែអ្វីៗកន្លងមកយើងឃើញថា វាលំបាកសម្រាប់អ្នកនយោបាយនៅប៉ូលប្រឆាំង»។
ចំណែកលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មើលឃើញថា ការចាប់ខ្លួន ឫក៏ឃុំខ្លួនលោក ស៊ុន ចន្ធីនេះ គឺចំពេលដែលការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ដែលជិតមកដល់នាពេលខាងមុខ។ លោកសំអាតបន្តទៀតថា ហើយក្នុងកាលៈទេសៈនេះ គឺធ្វើឱ្យស្ថានភាពនយោបាយកម្ពុជាមិនសូវមានភាពល្អប្រសើរ ស្របពេលកន្លងមកសហគមន៍អន្តរជាតិមានការព្រួយបារម្ភ និងមានការរិះគន់ច្រើនទាក់ទងនឹងលំហរសេរីភាពនយោបាយ ជាពិសេសការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនគណបក្សនយោបាយ ដែលមានការចាប់ខ្លួនជាបន្តបន្ទាប់។
លោកថ្លែងថា៖«អាហ្នឹងគឺយើងឃើញថា វាមិនមែនជាផលល្អសម្រាប់កម្ពុជាយើង ដែលនាំឱ្យមានការរិះគន់ច្រើនទាក់ទងនឹងបញ្ហាស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ អញ្ចឹង យើងជាអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស យើងចង់ឃើញអ្នកនយោបាយទាំងអស់ហ្នឹងតម្កល់នូវអត្ថវប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ ឈរលើគោលការណ៍មួយដោះស្រាយគ្នាដោយសន្តិវិធី ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសនយោបាយហ្នឹងមានភាពល្អប្រសើរ ស្របទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលកម្ពុជាបានទទួលស្គាល់ ហើយនិងស្របតាមបទដ្ឋានអន្តរជាតិដែលកម្ពុជាបានទទួលស្គាល់ផងដែរ»។
លោកបន្ថែមថា ក្នុងករណីប្រសិនជាលោក ស៊ុន ចន្ធី ត្រូវបានតុលាការសម្រេចថាឃុំខ្លួន នោះវាជានីតីវិធីរបស់តុលាការ ប៉ុន្តែអ្វីដែលជាការសម្គាល់ក្នុងនាមជាអង្កការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស គឺឃើញថាថ្មីៗនេះមានការរិះគន់កម្ពុជាឱ្យមានការស្ដារ និងកែលម្អលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាផងដែរ។
ជាមួយគ្នានេះ គណបក្សកម្លាំងជាតិ បានចេញសេចក្ដីប្រកាសមួយ ដោយបានចាត់ទុកការចាប់ខ្លួនលោក ស៊ុន ចន្ធី ថាជាការគំរាមកំហែង បំភិតបំភ័យ និងធ្វើទុកបុកម្នេញយ៉ាងធ្ងន់ធ្ងរមកលើគណបក្សកម្លាំងជាតិ និងជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
ជុំវិញការចាប់ខ្លួនប្រធានគណបក្សរូបនេះ ខាងក្រសួងយុត្តិធម៌ បានចេញប្រកាសព័ត៌មានមួយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលមេបក្សរូបនេះ បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាលលើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ ថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។
ក្រសួងយុត្តិធម៌ បានបញ្ជាក់ក្នុងសេចក្ដីប្រកាសថា៖ «ការចាប់ខ្លួនឈ្មោះ ស៊ុន ចន្ធី គឺជាការអនុវត្តច្បាប់សុទ្ធសាធ ជាពិសេស គឺផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ការចាប់ខ្លួនដោយស្របតាមនីតិវិធីច្បាប់ ចំពោះបុគ្គលណាម្នាក់ដែលប្រព្រឹត្តបទល្មើស គឺជារឿងធម្មតានៅក្នុងសង្គមនីតិរដ្ឋ»។
ប្រភពដដែលបានបន្ថែមទៀតថា ហើយការអនុវត្តច្បាប់នេះ គឺត្រូវធ្វើទៅលើបុគ្គលគ្រប់រូបដោយ ស្មើភាពគ្នា ដោយមិនមានបុគ្គលណាម្នាក់អាចជ្រកក្រោមស្លាកសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល ឬគណបក្ស នយោបាយណាមួយ ដើម្បីរួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះបទល្មើសព្រហ្មទណ្ឌដែលខ្លួនបានប្រព្រឹត្តនោះទេ។
ជាមួយគ្នានេះតាមសេចក្ដីប្រកាសរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានឱ្យដឹងដែរថា ដោយពិនិត្យឃើញថា សកម្មភាពរបស់លោក ស៊ុន ចន្ធី ស្ថិតក្នុងបទល្មើសជាក់ស្តែង និងតាមលទ្ធផល នៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សេចក្ដីប្រកាសខាងលើបានឱ្យដឹងទៀតថា ការចាប់ខ្លួននេះ គឺសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ បានអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញប៉ុណ្ណោះ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។
វិទ្យុស្ដ្រីមិនអាចសុំការបំភ្លឺពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ។
ដោយឡែកលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានប្រាប់ថា លោកសុំច្បាប់សម្រាកពីការងារ ដូច្នេះមិនអាចឆ្លើយតបបាននោះទេ។
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសជប៉ុន។
ក្នុងនាមជាភរិយារបស់អ្នកនយោបាយដែលកំពុងជាប់ឃុំរូបនេះ អ្នកស្រី យាន ស្រីយ៉ាន បានប្រកាសលើកទឹកចិត្តដល់អ្នកគាំទ្រទាំងអស់ និងអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យរបស់គណបក្សកម្លាំងជាតិសូមកុំភ័យខ្លាច ត្រូវរឹងមាំសាមគ្គីរួមគ្នាបន្តដំណើទៅមុខដោយភាពអង់អាចក្លាហាន ដើម្បីទាមទារសិទ្ធ សេរីភាព និងយុត្តិធម៌។
ចំណែកលោករ៉ុង ឈុន បង្ហាញការរំពឹងថា ប្រសិនជាការអនុវត្តច្បាប់របស់អាជ្ញាធរ មិនមែនពាក់ព័ន្ធនឹងរឿងនយោបាយ នោះលោក ស៊ុន ចន្ធី ច្បាស់ជាត្រូវដោះលែងឱ្យមានសេរីភាព ពីព្រោះបទចោទពីការញុះញង់នេះ គឺមិនបានឃើញថាធ្វើឱ្យប្រជាពលរដ្ឋណា មានភាពចលាចល និងមានស្ថានភាពវឹកវរដល់សង្គមដែលកើតមានឡើយ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី