loader

ព្រះមហាក្សត្រសាទរប្រធានាធិបតីថ្មី​អាមេរិកខណៈរាជរដ្ឋាភិបាលសង្ឃឹមថាចំណងទាក់ទងទ្វេភាគីនឹងប្រសើរឡើងវិញ

 

 

ព្រះមហាក្សត្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ បានអបអរសាទរប្រធានាធិបតីលើកទី៤៦សហរដ្ឋអាមេរិក ។ សាររបស់ព្រះអង្គបង្ហាញពីក្ដីសង្ឃឹមនៃអនាគត កម្ពុជា -អាមេរិក មានទំព័រថ្មីហើយ ចំណងមិត្តភាពកាន់តែប្រសើរឡើង។ សាររបស់ព្រះមហាក្សត្រ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានអបអរសាទរលោកបៃឌិនផងដែរ នៅមេដឹកនាំអាមេរិកថ្មីនេះ ទទួលបានសុពលភាពជាប្រធានាធិបតី អាមេរិកលើកទី៤៦។ លោកឡាក់ ច័ន្ទតារាជូនសេចក្ដីរាយការណ៍៖

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ បានផ្ញើរាជសារអបអរសាទរយ៉ាងកក់ក្តៅដ៏ឧត្តុង្គឧត្តមជូន លោកJoe Biden ប្រធានាធិបតី នៃសហរដ្ឋអាមេរិក ក្នុងឱកាសដ៏វិសេសវិសាលដែល លោកបានក្លាយជាប្រធានាធិបតីទី៤៦ ជាផ្លូវការរបស់ សហរដ្ឋអាមេរិក ។

នៅក្នុងព្រះរាជសារដែលព្រះមហាក្សត្រ ព្រះរាជទានអបអរសាទរទៅកាន់លោក ចូ បៃឌិន  បានសេចក្ដីដូចតទៅ៖ លោកប្រធានាធិបតី​  នៅក្នុងឱកាស របស់លោកជាប្រធានាធិបតីទី ៤៦ នៃសហរដ្ឋអាមេរិក បន្ទាប់ពីការបោះឆ្នោតដ៏ឆ្នើមនិងជាប្រវត្តិសាស្ត្រមួយ។  សូមថ្លែងអំណរគុណនិងការជូនពរដ៏ល្អបំផុតចំពោះឯកឧត្តម  ខ្ញុំជឿជាក់ថាឯកឧត្តមនឹងផ្តល់ភាពជាអ្នកដឹកនាំនិងប្រាជ្ញាក្នុងការដឹកនាំប្រជាជនអាមេរិកឱ្យដើរលើមាគ៌ាយុត្តិធម៌សន្តិភាពឯកភាពនិងវិបុលភាព។  ព្រះរាជាណាចក្រកម្ពុជាមានទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការយូរអង្វែងនៅកម្រិតទ្វេភាគីតំបន់ និងអន្តរជាតិជាមួយសហរដ្ឋអាមេរិក។  ខ្ញុំសូមបង្ហាញនូវជំនឿចិត្តរបស់ខ្ញុំថាចំណងទាក់ទងទាំងនេះនឹងមានការអភិវឌ្ឍបន្ថែមទៀតក្រោមរដ្ឋបាលរបស់ឯកឧត្តម។

នៅពេលដែល សភាអាមេរិកប្រកាសសុពលភាពជូនលោកបៃឌិនត្រូវឡើងកាន់តំណែងប្រធា​នា​ធិបតីអាមរិកឡើងទី៤៦ កាលពីសប្ដាហ៍មកនេះ រាជរដ្ឋាភិបាល ក៏បានបញ្ជូនសារអបអរសាទរ លោកបៃឌិនផងដែរ។ សម្រាប់រាជរដ្ឋាភិបាលសង្ឃឹមថាក្រោមរដ្ឋការរបស់លោកបៃឌិន នឹងធ្វើអោយប្រសើរឡើងនូវ ទំនាក់ទំនងទ្វេភាគី ។

នាយក​រដ្ឋមន្រ្តី កម្ពុជាសម្ដេចហ៊ុន សែន បាន​ផ្ញើ​សារ​អបអរ​សាទរ​លោក Joe Biden ដែល​ត្រូវ​បាន​ប្រកាស​ថា ​ឈ្នះ​ការ​បោះ​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៦ ដោយ​លោក​ប្តេជ្ញា​ធ្វើ​ការ​ជាមួយ​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក។

សារ​លិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ផ្ញើ​ជូនប្រធានាធិបតី​ជាប់​ឆ្នោត​លោក Biden បានលើក​ឡើង​ថា បទពិសោធន៍​ដ៏​ធំធេង និង​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​វាងវៃ​របស់លោក Biden ធ្វើ​ឲ្យ​លោក​ទទួលបាន​នូវ​ទំនុក​ចិត្ត​ពី​ប្រជាជន​អាមេរិក។

សម្ដេច ហ៊ុន សែន បានសរសេររៀបរាប់ដូចនេះ​ថា៖ «ខ្ញុំ​មាន​ជំនឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ ក្រោម​ការ​ដឹកនាំ​របស់​ឯក​ឧត្តម​ជា​ប្រធានាធិបតី សហរដ្ឋ​អាមេរិក​នឹង​បន្ត​រីក​ចម្រើន​ទៅ​មុខ​និង​រួម​ចំណែក​នាំ​ឲ្យ​ពិភព​លោក​មាន​ស្ថិរភាព និង​វិបុល​ភាព​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត»។ ក្នុងន័យនេះ រាជ​រដ្ឋាភិបាល​និង​ប្រជា​ជន​កម្ពុជា​ តែង​តែ​ផ្តល់​សារៈសំខាន់យ៉ាង​ធំធេង​ដល់​ការ​ពង្រឹង​ និង​ពង្រីក​នូវ​ទំនាក់ទំនង​ជា​មិត្តភាព​ដ៏​យូរ​អង្វែង​រវាង​ប្រទេស​ទាំងពីរ ​ដែល​នៅ​ក្នុង​ឆ្នាំ​នេះ យើង​កំពុង​ប្រារព្ធ​ខួប​លើក​ទី​៧០»។

បែបណាទំនាក់ទំនងកម្ពុជា -អាមេរិក មានភាពល្អក់កកជាមួយគ្នា ៤ឆ្នាំមកហើយ ក្រោមរដ្ឋការរបស់លោកដូណាល់ត្រាំ ដែលឈានដល់ការដាក់ទណ្ឌកម្ម លើមន្ត្រី និងជំនួញកម្ពុជា យ៉ាងតិច១៦ នាក់ ត្រូវបានបិទទិដ្ឋាការចូលអាមេរិក ហើយទ្រព្យសម្បតិ្តរបស់ពួកគេ ក៏ត្រូវបង្កកផងដែរ។ វិធានការរបស់អាមេរិក មួយទៀត ដែលកំពុងទើលើដៃព្រឹទ្ធសភា គឺជាសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (Cambodia Democracy Act) ឬ H.R. 526 ដែលមានការគាំទ្រដោយគណបក្សធំៗទាំងពីរនៅសហរដ្ឋអាមេរិក​ មាន​គោល​បំណង​ជំរុញ​ឱ្យ​មាន​ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ គោរព​សិទ្ធិសេរីភាពនយោបាយ និង​សិទ្ធិមនុស្ស​នៅ​ប្រទេសកម្ពុជា ​និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ទិដ្ឋាការ​លើ​មន្ត្រី​យោធានិង​ជនស៊ីវិល​កម្ពុជា​ណា​ ដែលបាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​និង​រំលោភ​សិទ្ធិ​មនុស្ស។ ​

សហគមន៍​អន្តរជាតិ​បាន​វាយ​តម្លៃ​ថា ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ដើរ​ថយ​ក្រោយ​ ហើយ​បាន​អំពាវនាវ​ជាបន្តបន្ទាប់​ឱ្យ​រដ្ឋាភិបាល​សម្ដេច​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ កែប្រែស្ថានការណ៍​ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្មអន្តរជាតិ។ ប៉ុន្តែ​រាជរដ្ឋាភិបាល តែងតែ​វាយ​បក​មកវិញ​ដោយ​ឈរ​លើ​ហេតុផល​អធិបតេយ្យ​ភាព​ជាតិ​ដែល​កម្ពុជាមិនអាចទទួលយកបានឡើយនូវការគាបសង្កត់ ណាមួយពីបរទេស ។ បែបនេះក្ដីក្រោមរដ្ឋការថ្មី របស់លោកបៃឌិន មកពីបក្សប្រជាធិបតេយ្យ ត្រូវបានអ្នកសង្កេតការណ៍ រំពឹងថា នឹងមានការសន្ទនាគ្នា រវាងអាមេរិកនិងកម្ពុជា ដើម្បី រកគន្លឹះអោយឃើញនៃការដោះស្រាយរួមគ្នាជុំវិញស្ថានៅស្ថានភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ​និងសិទិ្ធមនុស្ស នៅកម្ពុជា។

សូមជម្រាបថា សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូង នៅឆ្នាំ១៩៥០។ ឆ្នាំ ២០២០ គឺជាឆ្នាំខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនេះ។ ចំណងទាក់ទងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជារួមមាន វិស័យកសិកម្ម វិស័យយុវជន អប់រំ និងបច្ចេកវិទ្យា ស្រ្តី និងសមធម៌យេនឌ័រ បរិស្ថាន សុខភាពសាធារណៈ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនការអបអរខួបលើកទី ៧០ជំនួយមនុស្សធម៌ពាណិជ្ជកម្ម និងការវិនិយោគ ការអនុវត្តច្បាប់ សហប្រតិបត្តិការក្នុងតំបន់/អាស៊ាន និងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សហភាពអឺរ៉ុប អាមេរិក និងអូស្ត្រាលី អំពាវនាវអោយមានការលើកកម្ពស់សេរីភាពបញ្ចេញមតិឡើងវិញនៅកម្ពុជា

​សហគមន៍អន្តរជាតិធំចំនួន៣​ គឺសហរដ្ឋអាមេរិក សហភ[...]

កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ០៣ ខែ មីនា កម្ពុជាតែង[...]

ចក់ សុភាព៖យុវនារីឈឿនដារ៉ាវីសកម្មជនការពារបរិស្ថានកោរសក់ក្នុងពន្ធនាគារគឺលះបង់សម្ផស្ស ដើម្បីយុត្តិធម៌

កាលពីថ្ងៃទី១៦កុម្ភៈ រថយន្តនៃពន្ធនាគារព្រៃសបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x