loader

ព្រឹទ្ធាចារ្យ ឯម ធាយ គ្រូ​របាំ​បុរាណ​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា បាន​លា​ចាក​លោក​នេះ​ក្នុង​ជន្មាយុ ៨៨ ឆ្នាំ

កម្ពុជាបានបាត់បង់មរតកមនុស្សរស់មួយរូបទៀតកាលពីរំលងអធ្រាត្រថ្ងៃនេះ។ លោកយាយ ឯម ធាយ គ្រូរបាំបុរាណដ៏ល្បីល្បាញ បានទទួលមរណភាពដោយជរាពាធ។ នេះគឺជាការបាត់បង់ដ៏ធំធេងមួយក្នុងវិស័យវប្បធម៌ ទាំងផ្នែករបាំក្បាច់បុរាណ តន្ត្រី និងចម្រៀងបុរាណខ្មែរ។ រាងកាយបាត់ទៅ ក្នុងជន្មាយុ ៨៨ ឆ្នាំ ពិតមែន ប៉ុន្តែទេវនាដនិម្មិតរូបនេះបានបន្សល់ទុកនូវស្នាដៃក្នុងមិនអាចកាត់ថ្លៃបានសម្រាប់កូនខ្មែរជំនាន់ក្រោយ។ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ បានសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់ធនធានមនុស្សរូបនេះ។

ស្ថិតនៅជន្មាយុ ៨៨ ឆ្នាំ លោកយាយទេវនាដនិម្មិត ឯម ធាយ ព្រឹទ្ធាចារ្យរបាំព្រះរាជទ្រព្យ បានទទួលមរណភាពនៅថ្ងៃអង្គារ ទី ១៥ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១២ៈ២០ រំលងអធ្រាត្រ ដោយរោគាពាធ។ នេះបើតាមការអះអាងរបស់ចៅទួតលោកយាយនៅលើបណ្តាញសង្គម។

លោកយាយទេវនាដនិម្មិតបានតស៊ូជាមួយជំងឺជរាភាពអស់រយៈពេលជាច្រើនឆ្នាំប្រកបដោយភាពអំណត់។ តែយ៉ាងណា លោកយាយបានខិតខំអភិរក្សរបាំព្រះរាជទ្រព្យសម្រាប់កូនចៅជំនាន់ក្រោយ ដោយលោកយាយជាអតីត​នាដការី និងជា​គ្រូបង្រៀនរបាំ​មួយ​រូប​នៅ​ក្នុង​ព្រះមរមរាជវាំង។

បើយោងទៅតាមការចុះផ្សាយពីគេហទំព័រញញឺម ទេវនាដនិម្មិតរូបនេះ តាំងពីកើតមកបានរស់នៅក្នុងព្រះបរមរាជវាំងជាមួយម្ដាយរបស់លោកយាយ។ ទោះជាកម្ពុជាឈានចូល​ដល់​របប លន់ នល់ លោក​យាយ​នៅ​តែ​ត្រូវ​បាន​គេ​អនុញ្ញាតឲ្យរស់​នៅ​ក្នុងវាំង និង​បន្ត​បង្ហាត់​របាំដដែល។ តែជាអកុសល នៅខែមេសា ឆ្នាំ ១៩៧៥ កម្ពុជាស្ថិតនៅក្នុងរបប ប៉ុល ពត ជីវិតលោកយាយត្រូវបានផ្លាស់ប្ដូរ។ លោកយាយ​ ជាមួយ​និង​កូន​ប្រុសស្រី​ ​ត្រូវបានបង្ខំឲ្យ​ចាកចេញ​ពី​ភ្នំពេញ ទៅ​រស់​នៅ​ខេត្ត​កណ្តាល​មួយ​រយៈ​ មុន​ពេល​បន្ត​ទៅ​ខេត្ត​បាត់ដំបង ហើយនៅទីនោះ លោកយាយបានរួចជីវិតដោយសារតែរបាំនេះ។ លោកយាយរាំពេលដែលសម្រាកពីការងារពលកម្មដែលអង្គការបានដាក់ជូនតាមផែនការរួចរាល់។ ក្រោយពេលរបបនេះបានសាបសូន្យទៅ លោកយាយ ឯម ធាយ បានវិលមករស់នៅភ្នំពេញវិញ និងចាប់យករបរជាគ្រូបង្រៀនរបាំព្រះរាជទ្រព្យបានជួយ​ឲ្យ​របាំនេះ​រស់រាន​មានជីវិត​ឡើងវិញ ជាមួយ​និង​សិល្បករ ៧ រូបទៀត ដែលបានរួចជីវិតពីរបបខ្មែរក្រហម។

នាពេលកន្លងមកលោកយាយតែងតែមានប្រសាសន៍ថា លោក​យាយ​មិន​ស្តាយ​ក្រោយនោះទេ នៅ​ក្នុង​ជីវិត​ជា​អ្នក​បន្ត​មរតក​របាំព្រះរាជទ្រព្យមួយ​នេះ។

លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌​បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់គ្រូរបាំដែលជាមរតកមនុស្សរស់ចុងក្រោយនេះ។ នៅលើផេកផ្លូវការរបស់ខ្លួន ក្រសួងវប្បធម៌បានលើកឡើងថា នាងខ្ញុំសូមក្រាបសំពះជូនដំណើរនិងគោរពលាលោកយាយជាលើកចុងក្រោយ ដោយចងចាំមិនភ្លេចទេ នូវអ្វីដែលលោកយាយបានលះបង់ និងបូជាសម្រាប់វប្បធម៌ជាតិ។ សូមវិញ្ញាណខន្ធលោកយាយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា លោកយាយ ឯម ធាយ គឺជា​ព្រឹទ្ធាចារ្យ​នៃរបាំ​បុរាណ​ខ្មែរ កើត​នៅឆ្នាំ ១៩៣២ បានធ្វើការ​ក្នុងការ​អភិវឌ្ឍ​របាំ​ខ្មែរ​ ​ដោយជីវិតរបស់លោកយាយបាន​ផ្សារភ្ជាប់​ជាមួយនឹង​វិស័យសិល្បៈ​​ពេញ​មួយ​ជីវិត។ លោកយាយបានទទួលគោរម្យងារជា ទេវនាដនិម្មិត ពីការប្រទានដោយព្រះមហាក្សត្រ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៣ ដោយលោកយាយជាអ្នកមានចំណេះដឹងខាងរបាំ និងចម្រៀងបុរាណ ជាពិសេសលោកយាយតែងតែប្រឹងប្រែងអភិរក្សសិល្បៈបុរាណ និងបង្ហាត់បង្រៀនសិស្ស កូនចៅជំនាន់ក្រោយ ឱ្យយល់ដឹងពីមរតដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នៅឆ្នាំ២០៣០ ស្ត្រី និងកុមារ នឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាព

នៅឆ្នាំ២០៣០ ពលរដ្ឋកម្ពុជា នឹងទទួលបានរបបអាហារប[...]

ខេមបូចារកឃើញករណីមន្ត្រីថ្នាក់លើបើកផ្លូវឱ្យអាជ្ញាធរយាយីអ្នកកាសែតពេលបំពេញការងារ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)ព[...]

នាយករដ្ឋមន្រ្តីផ្តួចផ្តើមគំនិតត្រៀមរៀបចំបើកប្រទេសឡើងវិញ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញគំនិត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x