ហ្វីលីពីន៖ ព្រឹទ្ធសភានៃប្រទេសហ្វីលីពីន ដ៏មានឥទ្ធិពលចាប់ផ្ដើមសើរើ កំហុសរបស់ប្រធានាធិបតី Rodrigo Duterte ករណីសម្លាប់មនុស្សក្រៅប្រព័ន្ធ ដែលចាត់ទុកថា ជាបទឧក្រិដ្ឋធ្ងន់ធ្ងរមួយ។
តាមទីភ្នាក់ងារសារព័ត៌មាន AFP គណៈកម្មាការមួយនៃព្រឹទ្ធសភាហ្វីលីពីន កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៥ ខែកញ្ញានេះ បានស្ដាប់សាក្សី ម្នាក់ដែលជាអតីតកងជីវពល ហើយក៏ជាខ្មាន់កាំភ្លើងបាញ់សម្លាប់តាមការបញ្ជារបស់ប្រធានាធិបតីរូបនេះ កាលលោក Duterte កាន់តំណែងជាអភិបាលក្រុង Davao ។
លោក Edgar Matobato អាយុ៥៧ឆ្នាំ បានប្រាប់គណៈកម្មការនៃព្រឹទ្ធិសភា ដោយការចាក់ផ្សាយបន្ដផ្ទាល់តាម កញ្ចក់ទូរទស្សន៍បាននិយាយថា លោក Duterte បានបញ្ជាផ្ទាល់អោយសម្លាប់ជនឧក្រឹដ្ឋ ដែលយ៉ាងហោចណាស់មនុស្ស ៥០នាក់ក្រោមការបញ្ជាផ្ទាល់របស់លោក។
អតីតកងជីវពលរូបនេះក៏បានបញ្ជាក់ទៀតថា ជនឧក្រឹដ្ឋខ្លះ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសជាប់ពិរុទ្ធក៏ត្រូវបានលោក Duterte បញ្ជាឱ្យយកទៅឱ្យក្រពើស៊ី កាលពីឆ្នាំ២០០៧។
តាមសាក្សីរូបនេះ មនុស្សយ៉ាងតិច១ពាន់នាក់ ត្រូវបានសម្លាប់ក្រោមការបញ្ជារបស់លោក Duterte ខណៈលោកជាអភិបាលក្រុង Davao ។
លោក Duterte ដែលបានចូលកាន់តំណែងជាប្រធានាធិបតីភីលីពីន រយៈពេលជាង២ខែមកនេះ ត្រូវបានរាយការណ៍មកថា លោកបានបញ្ជាអោយកងទ័ពសម្លាប់ជនរត់ពន្ធគ្រឿងញៀន និងពួកឧក្រឹដ្ឋជនផ្សេងៗទៀតជាង៣ពាន់នាក់។
លោក Duterte បានដាក់បញ្ជាដូចនេះ ដោយអះអាងថា លោកជាប្រធានាធិបតី ត្រូវប្រឆាំងជនទាំងឡាយណាដែលធ្វើឱ្យសង្គមជាតិគ្រោះថ្នាក់។
ប៉ុន្ដែអ្វីដែលនាំអោយសមាជិកព្រឹទ្ធសភាបើកការស៊ើបអង្កេតរឿងនេះ បន្ទាប់ពីក្រុមសិទ្ធិមនុស្សជាតិ និងអន្ដរជាតិ បានថ្កោលទោសលោក Duterte យ៉ាងខ្លាំងថា បានប្រើប្រាស់អំណាចហួសព្រំដែន៕ ប្រភព: AFP