ក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ស្នើឱ្យ សមភាគីអាមេរិកលោក John Kerry ឱ្យជួយបន្តគាំទ្រដល់កិច្ចពិភាក្សាទ្វេភាគីរវាងចិន និងប្រទេសហ្វីលីពីន លើបញ្ហាសមុទ្រចិនខាងត្បូង។
តាមបណ្ដាញChannel News Asia ការស្នើរបស់ចិននៅពេលនេះ គឺបន្ទាប់ពីមជ្ឈឹត្តការអន្តរជាតិក្រុងឡាអេ ចេញសេចក្តីសម្រេចកាលពីខែមុន ដោយបដិសេធសកម្មភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែលចង់ច្បាមយកដែនកោះជម្លោះនោះ។
ចិនមិនបានចូលរួមស្តាប់ការប្រកាសសាលក្រមនោះទេ ថែមទាំងបានបដិសេធមិនទទួលយកសាលក្រម តុលាការអន្តរជាតិ ដែលបានប្រកាសកាលពីថ្ងៃទី ១២ ខែកក្កដា ទៀតផង។ ចំណែកក្រុងម៉ានីល ដែលជាសម្ព័ន្ធមិត្ត យ៉ាងជិតស្និទ្ធ របស់សហរដ្ឋអាមេរិកវិញ បានទទួលជ័យជម្នះផ្នែកច្បាប់ក្នុងការទាមទារដែនកោះជំលោះសមុទ្រចិនខាងត្បូងនោះ។
កិច្ចប្រជុំនៅក្នុងរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវកាលពីថ្ងៃចន្ទទី ២៥ កក្ដដាម្សិលមិញ គឺនៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន លោក វ៉ាង យី (Wang Yi) បានប្រាប់លោកឃឺរី (Kerry) ថា ប្រទេសចិន និងអាស៊ានបានយល់ព្រមត្រឡប់មកជជែកគ្នាវិញ លើបញ្ហាជម្លោះនេះ ដោយព្រមពិភាក្សាដោះស្រាយជាមួយភាគីពាក់ព័ន្ធជាលក្ខណទ្វេភាគី។
បើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយក្រសួងការបរទេសចិននៅពីថ្ងៃអង្គារនេះ លោក វ៉ាងយី រដ្ឋមន្ត្រីការបរទេសចិន បានថ្លែងថា ៖ «ចិនសង្ឃឹមថា ភាគីសហរដ្ឋអាមេរិក នឹងនិយាយពីជំហរពិតប្រាកដ ដើម្បីគាំទ្រដល់ការបន្តកិច្ចចរចារវាងប្រទេសចិន និងប្រទេសហ្វីលីពីន និងគួរគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន និងអាស៊ានដើម្បីរក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់» ។
យ៉ាងណាប្រទេសចិនបានស្តីបន្ទោសម្តងហើយម្តងទៀត ចំពោះសហរដ្ឋអាមេរិក ដែលបានជំរុញឱ្យមានភាពតានតឹងនៅសមុទ្រចិនខាងត្បូង ព្រោះការលូកដៃចូលជ្រៀតជ្រែកក្នុងបញ្ហាជម្លោះនេះ។ តែយ៉ាងណាទីក្រុងវ៉ាស៊ីនតោនបដិសេធច្រានចោលការចោទប្រកាន់នេះ។
ការប្រកាសប្រជែងជាមួយចិន លើ តំបន់ជម្លោះដែល សម្បូរដោយធនធាន សមុទ្រ និង ជាផ្លូវនាវាចរណ៍ដ៏សំខាន់ គឺជាបញ្ហាប្រឈមមុខគ្នា នៃសមាជិកអាស៊ាន ទាំង១០ប្រទេស ដែលប្រទេសទាំងនេះ ចង់ទាញយកផលប្រយោជន៍ពីទីក្រុងប៉េកាំងរៀងខ្លួនៗ។
រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោកវ៉ាង បានទទូចឱ្យក្រុងតូក្យូមិនត្រូវធ្វើអន្តរាគមន៍នៅក្នុងសមុទ្រចិនខាងត្បូងទេ ដោយក្រុងប៉េកាំងថា ក្រុងតូក្យូមិនមានសិទ្ធិក្នុងជម្លោះនេះ ហើយគួរជៀសវាងការជ្រៀតជ្រែកក្នុងជម្លោះនេះ។
លោកវ៉ាង បានបោះសម្តីទៅកាន់លោក Fumio Kishida រដ្ឋមន្ត្រីបរទេសជប៉ុនថា៖«ទំនាក់ទំនងរវាងចិន និងជប៉ុននៅតែមានភាពផុយស្រួយ និងនៅតែល្អក់កករប្រសិនបើជប៉ុននៅតែលូកដៃចូលបញ្ហានេះ»។
ជប៉ុន និងសម្ព័ន្ធមិត្តអូស្ត្រាលី សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ចេញ "ការ ជំទាស់យ៉ាងខ្លាំង ទៅនឹងសកម្មភាពជាឯកតោភាគីណាមួយដែលមានលក្ខណៈគំរាមកំហែង" នៅក្នុងសមុទ្រចិនខាងត្បូង និងបានអំពាវនាវទាំងហ្វីលីពីន និងចិនត្រូវគោរពតាមសាលក្រមតុលាការអន្តរជាតិក្រុងឡាអេ។
ដោយសាររដ្ឋមន្ត្រីការបរទេសសមាជិកអាស៊ាន មិនអាចចេញសេចក្ដីថ្លែងការណ៍រួម ទប់ទល់ជាមួយចិន ករណីនេះ ត្រូវគេមើលឃើញថា ចិនហាក់មានប្រៀបលើផ្នែកការទូតលើដៃគូជម្លោះ ហើយការមិនអាចរកមតិរួមគ្នាបាននេះ ត្រូវបានគេចោទថា ដោយសារកម្ពុជា រាំងខ្ទប់ ។ តែរដ្ឋាភិបាលកម្ពុជា បដិសេធ៕
ប្រភព៖Reuters