យោងតាម AP ព្យុះស៊ីក្លូនត្រូពិចដ៏ខ្លាំងបានធ្វើឱ្យជន់លិចផ្លូវថ្នល់ បំផ្លិចបំផ្លាញផ្ទះជាច្រើនខ្នង និងបានកាត់ផ្តាច់ទំនាក់ទំនងប្រទេសមីយ៉ាន់ម៉ានៅភាគខាងលិច និងបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៣នាក់បានស្លាប់និងជាច្រើននាក់ទៀតបានរងរបួសកាលពីថ្ងៃអាទិត្យទី១៤ ខែ ឧសភា ឆ្នាំ២០២៣។
ប្រជាជនភូមារាប់ពាន់នាក់បានរត់ទៅជ្រកកោននៅតាមទីវត្តអារាម សាលារៀន និងកន្លែងមានសុវត្ថិភាពផ្សេងៗទៀត។មានសេចក្ដីរាយការណ៍ថាយ៉ាងហោចណាស់មានមនុស្សស្លាប់បីនាក់ត្រូវបានស្លាប់ និងរងរបួសជាច្រើននាក់ទៀត។
នាយកដ្ឋានឧតុនិយមមីយ៉ាន់ម៉ាបានផ្សាយឱ្យដឹងថា ព្យុះស៊ីក្លូន Mocha បានបោកបក់ក្នុងរដ្ឋរ៉ាឃីន នៃប្រទេសមីយ៉ាន់ម៉ា នៅជិតទីប្រជុំជន Sittwe នាពេលរសៀលថ្ងៃអាទិត្យទី១៤ ខែឧសភា ដោយមានល្បឿនខ្យល់បក់រហូតដល់ ២០៩ គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមនាយកដ្ឋានឧតុនិយមឥណ្ឌា គិតត្រឹមព្រឹកថ្ងៃច័ន្ទទី១៥ ខែ ឧសភា ឆ្នាំ២០២៣ ខ្យល់ព្យុះបានបន្ថយល្បឿន និងកំពុងចុះខ្សោយបន្តិចម្ដងៗ។
ទំហំនៃការខូចខាតគេមិនទាន់ដឹងច្បាស់នៅឡើយទេ។ ខ្យល់បក់ខ្លាំងបានបំផ្លាញអង់តែនទូរសព្ទបណ្ដាលឱ្យកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុង។ប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅរដ្ឋរ៉ាឃីនបានរាយការណ៍ថា ផ្លូវជាច្រើនត្រូវទឹកជន់លិច ហើយមនុស្សមួយចំនួនបានជាប់គាំងនៅក្នុងផ្ទះនៅតំបន់ទំនាប។
ការិយាល័យព័ត៌មានយោធារបស់ប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ខ្យល់ព្យុះនេះបានបំផ្លាញផ្ទះសម្បែង ម៉ាស៊ីនអគ្គិសនី ប៉មទូរសព្ទ ទូក និងបង្គោលភ្លើងនៅក្នុងសង្កាត់ Sittwe, Kyaukpyu និង សង្កាត់Gwa។ របាយការណ៍បានបន្ថែមទៀតថានៅលើកោះកូកូចម្ងាយប្រហែល៤២៥ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងយ៉ាំងហ្គោនដំបូលអាគារជាច្រើនបានរបើក។
លោក Tin Nyein Oo ដែលកំពុងធ្វើការស្ម័គ្រចិត្តក្នុងក្រុង Sittwe បាននិយាយថា ប្រជាជនជាង ៤ពាន់នាក់ ក្នុងចំណោមអ្នកស្រុក ៣០ម៉ឺននាក់នៃក្រុង Sittwe ត្រូវបានជម្លៀសទៅកាន់ទីក្រុងផ្សេងទៀត ហើយមនុស្សជាង២ម៉ឺននាក់កំពុងជ្រកកោននៅតាមវត្តអារាម និងសាលារៀននៅលើទីទួលសុវត្ថិភាព។
លោក Lin Lin ប្រធានមូលនិធិសប្បុរសធម៌ក្នុងតំបន់បាននិយាយថា មិនមានអាហារគ្រប់គ្រាន់នៅក្នុងទីជម្រកក្នុងទីក្រុង Sittwe ទេ ដោយសារមានមនុស្សមកកាន់តែច្រើនលើសពីការរំពឹងទុក។លោកTiton Mitra តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបានបង្ហោះសារថាខ្យល់ព្យុះ “Mocha បានធ្វើឱ្យប្រជាជនភូមា២លាននាក់រស់នៅក្នុងហានិភ័យ។ ការខូចខាតត្រូវគេរំពឹងថាមានលក្ខណៈធ្ងន់ធ្ងរ។ យើងត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតប និងត្រូវធ្វើដំណើរទៅកាន់សហគមន៍ដែលរងផលប៉ះពាល់ទាំងអស់ដោយគ្មានការរារាំង»។
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍ថា រដ្ឋាភិបាលយោធាកំពុងរៀបចំបញ្ជូនអាហារ ថ្នាំពេទ្យ និងបុគ្គលិកពេទ្យទៅកាន់តំបន់រងគ្រោះ។ បន្ទាប់ពីវាយលុករដ្ឋរ៉ាឃីន ព្យុះស៊ីក្លូនត្រូវបានគេព្យាករណ៍ថានឹងវាយប្រហាររដ្ឋឈិនភាគពាយ័ព្យ និងតំបន់ភាគកណ្តាលនៅថ្ងៃច័ន្ទទី១៥ ខែ ឧសភា ឆ្នាំ២០២៣នេះ។ក្រុមជួយសង្គ្រោះមកពីរដ្ឋ Shan ភាគខាងកើតបានសរសេរនៅលើ Facebook ថាពួកគេបានស្រង់សាកសពប្តីប្រពន្ធដែលបានកប់ដីដោយការរអិលបាក់ដីផ្ទះរបស់ពួកគេនៅក្នុងសង្កាត់តាជីលិក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បុរសម្នាក់ទៀតបានស្លាប់ដោយដើមឈើរលំកិនលើ នៅក្នុងសង្កាត់ Pyin Oo Lwin ក្នុងតំបន់ Mandalay ភាគកណ្តាល។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងបុគ្គលិកផ្តល់ជំនួយនៅក្នុងប្រទេសបង់ក្លាដែសបានវេចខ្ចប់អាហារស្ងួតៗ និងរថយន្តសង្គ្រោះបន្ទាន់រាប់សិបគ្រឿងដើម្បីជួយជនភៀសខ្លួនដែលភាគច្រើនជាប្រជាជនម៉ូស្លីមរ៉ូហ៊ីងយ៉ាជាង១ លាននាក់ដែលបានភៀសខ្លួនចេញពីការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកRoxy Mathew Koll អ្នកវិទ្យាសាស្ត្រអាកាសធាតុនៅវិទ្យាស្ថាន Indian Institute of Tropical Meteorology នៅទីក្រុង Pune បាននិយាយថា ព្យុះស៊ីក្លូននៅឈូងសមុទ្រ Bengal កាន់តែមានកម្លាំងខ្លាំងឡើងៗ ដោយមួយផ្នែកកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ។លោកបានបន្ថែមថា ព្យុះស៊ីក្លូនឥឡូវអាចមានថាមពលច្រើនថ្ងៃ។ លោក Koll បាននិយាយថា “ដរាបណាមហាសមុទ្រក្តៅ ហើយខ្យល់មានអំណោយផល ព្យុះស៊ីក្លូននឹងរក្សាបាននូវឥទ្ធិពលរបស់វារយៈពេលវែងជាងនេះ”។ព្យុះស៊ីក្លូនត្រូពិច ដែលត្រូវបានគេហៅថា ព្យុះសង្ឃរា ឬព្យុះទីហ្វុងគឺជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតរបស់ពិភពលោក នៅពេលដែលវាវាយប្រហារតំបន់ឆ្នេរដែលមានប្រជាជនរស់នៅច្រើន៕
ប្រភព៖ A P ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៣